បន្ទាប់ពីការបង្ហោះព័ត៌មានថា តារាចម្រៀងលោក ខេមរៈ សិរីមន្ត នឹងជំនួសតំណែងលោក ឆន សុវណ្ណរាជ ក្នុងកម្មវិធី Cambodian Idol រដូវវកាលទី៣ មន្ត្រីជាន់ខ្ពស់របស់ក្រុមហ៊ុនហង្សមាសបានច្រានចោលភ្លាមៗថា តារាចម្រៀងខេមរៈ សិរីមន្ត នឹងមិនមានតំណែងណាមួយនៅក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោកមួយនេះនោះទេ។ មន្ត្រីដដែលក៏បានប្រកាសថាហង្សមាស នឹងមិនទិញកម្មវិធីលំដាប់ថ្នាក់ពិភពលោកណាមួយ ដើម្បីតម្រូវឲ្យ លោក ខេមរៈ សិរីមន្ត នោះផង ប៉ុន្តែលោកនឹងមានមុខក្នុងកម្មវិធីមួយឆាប់ៗដោយគ្រាន់តែខាងហង្សមាសមិនទាន់ចង់ទម្លាយ។
លោកអ៉ឹង សុខលី អគ្គនាយករងទូរទស្សន៍ហង្សមាស ទទួលបន្ទុកផលិតកម្មវិធីកម្សាន្តរបស់ហង្សមាសបានអះអាងថា រូបភាពដែលលោកខេមរៈ សិរីមន្ត ថតជាប់នឹងប៉ាណូផ្លាកកម្មវិធី Cambodian Idol គឺដោយសារតែលោកសិរីមន្ត ត្រូវបានអញ្ជើញឲ្យចូលច្រៀងនៅស្ទីឌីយោរបស់ហង្សមាស ហើយលោកសិរីមន្ត ក៏បានថតជាប់នឹងប៉ាណូនោះធ្វើឲ្យមានការយល់ច្រឡំប៉ុណ្ណោះ។
លោកថាកម្មវិធី Cambodian Idol សម្រាប់រដូវកាលទី៣ត្រូវបានរៀបចំរៀបរយអស់ហើយ ដោយមិនមានការដោះដូរគ្រូបង្វឹកណាមួយ ឬបន្ថែមឲ្យតារាចម្រៀងលោក ខេមរៈ សិរីមន្ត បានក្លាយជាគ្រូបង្វឹកនោះទេ។ កម្មវិធីមួយនេះសម្រាប់រដូវកាលទី៣ លោកថាហង្សមាសបានចាត់ចែងធ្វើការជ្រើសរើសបេក្ខជនបេក្ខនារី និងត្រៀមសម្រាប់ការថតដាក់បញ្ចាំងទូរទស្សន៍រួចហើយ ដោយក្នុងកម្មវិធីគឺមានតែគ្រូបង្វឹក៤នាក់ដដែលប៉ុណ្ណោះ គឺមិនមានវត្តមានលោកខេមរៈ សិរីមន្ត ហើយក៏មិនមានការដោះដូរតារាចម្រៀងលោក ឆន សុវណ្ណរាជ ហើយដាក់លោកខេមរៈ សិរីមន្ត នោះដែរ។
លោកថាហង្សមាសអត់មានយុទ្ធសាស្រ្តបានអ្នកថ្មី ហើយទម្លាក់អ្នកចាស់នោះទេ គឺមានតែលើកលើសដើម តែក៏លើកឲ្យត្រូវនឹងសមត្ថភាពនោះដែរ គឺមិនចេះតែលើកទាំងមិនមើលពីនោះដែរ។ លោកទទូចឲ្យឈប់មានការភន្ត័ច្រឡំថា លោកខេមរៈ សិរីមន្ត ឡើងអង្គុយកៅអីក្នុងកម្មវិធី Cambodian Idol ជំនួសគ្រូបង្វឹកណាមួយ ប៉ុន្តែលោកថាលោកខេមរៈ សិរីមន្ត ក៏អាចបង្ហាញខ្លួនក្នុងកម្មវិធីក្រោយៗដោយមិនបានប្រកាសមុនផងដែរ បើហង្សមាសយល់ថាលោកសមនឹងកម្មវិធីចាស់ណាមួយ ឬគួរតែចាំរហូតដល់ហង្សមាសមានកម្មវិធីថ្មី៕
មតិយោបល់