កាលពីថ្ងៃទី២៩ វិច្ឆិកា តារាសម្ដែងកំពុងឡើងកូដលោកព្រហ្ម ប្រសិទ្ធី ដែលត្រូវគេស្គាល់ច្រើនតាមរយៈភាពយន្តភាគរបស់ទូរទស្សន៍អប្សរារឿង «នាវាជីវិត» និងតាមរយៈរឿង «ពស់កេងកង!» របស់ទូរទស្សន៍PNN បានប្រារព្ធពិធីខួបកំណើតធំជាងមង្គលការធំមួយទៅទៀត ដោយទោះជាមានភ្ញៀវកុះករមកចូលរួមចងដៃ ក៏ពិធីនៅក្នុងថ្ងៃនោះត្រូវគេកត់សម្គាល់ថា ទំនងជាបានចំណាយពីលើចំណងដៃមិនតិចជាង១ម៉ឺនដុល្លារនោះដែរ ដោយសារតែលោករៀបចំឥតខ្ចោះតាំងពីច្រកចូលពិធី។
យ៉ាងណាមិញ អ្វីដែលលោកទទួលបានមកវិញគឺផ្លែផ្កា៣ធំតែម្ដង ខណៈដែលលោកបញ្ជាក់ថាថាបើទោះជាពិធីធំដុំលើកដំបូងធ្វើឲ្យលោកចំណាយអស់ច្រើន តែផលចំណេញ៣ហ្នឹងក៏សប្បាយចិត្តណាស់ដែរ។
លោកព្រហ្ម ប្រសិទ្ធី សមាជិកគ្រួសារតារាកម្ពុជាបានអះអាងថា ដោយសារតែការងារសិល្បៈនៅក្នុងឆ្នាំនេះមានការឈានឡើង ហើយមុខជំនួញនាំចូលឆៅគួយគូប៊ូរិ របស់លោក និងគ្រួសារកាន់តែជោគជ័យផង ទើបលោកសម្រេចរៀបចំពិធីខួបកំណើតធំដុំ ដោយគ្រាន់តែការចាត់ចែងលើម្ហូបអាហារ និងភេសជ្ជៈសរុបទាំង៤៥តុនោះ គឺមិនក្រោម១ម៉ឺនដុល្លារឡើយ។
ក្នុងនោះមិនទាន់គិតដល់ការចំណាយលើបញ្ហាដេគ័រ ការដាក់បង្ហាញឆៅគួយគូប៊ូរិចែកហ្វ្រីនៅក្នុងពិធី និងវង់អកកេសអីជាដើមផង។ លោកថាពិធីខួបគម្រប់២៨ឆ្នាំលើកនេះ លោកធ្វើធំដុំ ហើយក៏ជាលើកទី១នៅក្នុងជីវិតដែលលោកសម្រេចរៀបចំពិធីអញ្ជើញតារាសិល្បៈ និងអ្នករាប់អានផងដែរ អ៉ីចឹងហើយទើបលោកមិនខ្វល់រឿងខាត មិនខ្វល់ភ្ញៀវអវត្តមាន និងភ្ញៀវមិនបានចងដៃ បើទោះលោករមែងបង្ហាញខ្លួនទៅក្នុងកម្មវិធីរបស់អ្នកអញ្ជើញមិនដែលបាត់មុខ។ លោកថាកម្មវិធីដែលបានធ្វើឡើងមិនអាចរួចខ្លួន ឬចំណេញបានទេ ដោយសារតែលោកទិញម្ហូបក៏ថ្លៃ ហើយរៀបចំផ្សេងៗលម្អពិធីក៏អស់ច្រើន ប៉ុន្តែអ្វីដែលោកសប្បាយចិត្តក្នុងការទទួលបានមកវិញគឺមុខមាត់ក្រោយការបញ្ចប់ពិធី។
លោកអះអាងថានៅថ្ងៃខួបកំណើតនេះ លោកទទួលបានផ្លែផ្កាធំ៣ដែលលោកចង់បាន ទី២គឺបានជួបជុំតារាសិល្បៈ និងបានលើកមុខលើកមាត់របស់ខ្លួនក្នុងនាមជាតារាសិល្បៈមួយរូបក្រោយពីមានឱកាសបានសម្ដែងរហូតដល់២០រឿងត្រឹមតែបានប្រឡូកការងារសិល្បៈរយៈពេលជាង១ឆ្នាំ។ ទី២លោកបានដាក់បង្ហាញក្រុមថ្មីរបស់លោក ដែលមានបងប្រុសសំណព្វចិត្តជាអ្នកបោះទុនគឺក្រុមហ៊ុន Dinardirham និងទី៣គឺបានបើកសម្ពោធយីហោឆៅគួយគូប៊ូរិ ដែលលោក និងគ្រួសារបាននាំប្រេនមកពីប្រទេសថៃ ដើម្បីឲ្យមហាជនបានស្គាល់ជាផ្លូវការ។
លោកពិធីខួបកំណើតរបស់លោកមិនខុសពីបើកសម្ពោធក្រុម២បន្ថែមពីលើនោះទេ ទើបលោកយល់ថាបើទោះជាការរៀបចំធ្វើឲ្យលោកខាតបង់ទឹកប្រាក់មិនក្រោម១ម៉ឺនដុល្លារក៏ពិតមែន ប៉ុន្តែបានផលមកវិញគួរជាទីគាប់ចិត្ត ដោយសារតែអាចណែនាំឲ្យមុខរបរធំ២របស់លោកត្រូវបានតារាសិល្បៈ ភ្ញៀវកិត្តិយស និងមហាជនបានស្គាល់។
យ៉ាងណាក៏ដោយលោកក៏សម្ដែងអារម្មណ៍អាក់អន់ស្រពន់ចិត្តខ្លះៗផងដែរ ដែលមានតារាសិល្បៈ និងភ្ញៀវកិត្តិយសមិនមកកម្មវិធីរបស់លោក ក្នុងពេលដែលលោកមិនដែលចោលកម្មវិធីរបស់អញ្ជើញតាំងពីមុនមក។
លោកព្រហ្ម ប្រសិទ្ធី បានអះអាងថាបន្ត លោកទើបតែបញ្ចប់ការសម្ដែងភាពយន្តចំនួន២០រឿងកាលពីមុនខួបកំណើតប៉ុណ្ណោះ ហើយនៅបន្ទាប់ពីបញ្ចប់ខួបកំណើតលោកក៏មានកុងត្រាចំនួន៦រឿងទៀតដើម្បីបង្អួតស្នាដៃមុនដាច់ឆ្នាំផងដែរ ទើបលោកយល់ថាខ្លួនឯងកាន់តែមានយីអ៊ុននៅក្នុងវិស័យសម្ដែងកុនដែលគួរតែមានពិធីខួបកំណើតជាទ្រង់ទ្រាយធំបែបនេះ។
លោកថាសប្បាយចិត្ត ដែលការងារសិល្បៈនាពេលចុងក្រោយរត់រករហូតដល់គ្មានពេលសម្ដែង ហើយលោកក៏ប្រកាន់ជំហរឈោងចាប់ឲ្យជាប់ទាំងសិល្បៈ និងការងារមុខជំនួញទាំង២ដោយមិនចោលអាជីពមួយណានោះដែរ ដោយសារតែលោកប្រកាសថាមួយគឺជាការងារបានមុខមាត់ និងកិត្តិយស ហើយមួយទៀតគឺមុខរបរបានលុយធំ៕
https://youtu.be/yy2gTTDPHpk
មតិយោបល់