ក្រោយពីនាយចឺមត្រូវបានប្រកាសអោយផ្អាកសម្ដែងក្នុងក្រុម CTN ក្រោមហេតុផលល្បីថាមានរឿងកាច់កុងជាមួយតារាកំប្លែងលោកពែកមី តារាចម្រៀងរូបនេះបានអះអាងថា ខ្លួននឹងបើកចំហរទីផ្សារទទួលច្រៀងតាមប៉ុស្ដិ៍ទូរទស្សន៍គ្រប់កម្មវិធីបន្តផ្ទាល់ ដោយគ្មានសម្ពាធទៀតទេ។
ជាក់ស្ដែងលោកទើបតែបានបង្ហាញខ្លួនកាលពីចុងសប្ដាហ៍នៅលើឆាកតន្ត្រីរបស់ទូរទស្សន៍អាស៊ីអាគ្នេយ៍ជាលើកដំបូងផង បន្ទាប់ពីភាពល្បីល្បាញរបស់នាយចឺមបានខ្ទរខ្ទារក្នុងផលិតកម្មសាន់ដេច្រើនឆ្នាំមកហើយ ប៉ុន្តែមិនអាចទទួលច្រៀងក្នុងកម្មវិធីបន្តផ្ទាល់នានាបានក្រៅពីCTN, MyTV និងCNC ។ យ៉ាងណាក៏ដោយ មុននេះបន្តិចលោកតាវ៉ិចទ័របានអះអាងថា នាយចឺមមិនទាន់មានសិទ្ធិទទួលច្រៀងគ្រប់ប៉ុស្ដិ៍បានទេ ថ្វីដ្បិតតែនាយចឺមត្រូវបានដកចេញពីក្រុម។
លោកសុវណ្ណ រិទ្ធី ហៅលោកតាវ៉ិចទ័រ និយាយថាតាមគម្រោងលោកនឹងផ្អាកនាយចឺមពីក្រុមកំប្លែងCTN ចំនួន២ឆ្នាំ តែលោកនៅតែចាត់ទុកថាតារាវ័យក្មេងរូបនេះជាសមាជិករបស់ខ្លួនដដែល ដោយលោកប្រកាសថានឹងអោយវិលត្រឡប់មកកាន់អាជីពកំប្លែងវិញក្រោយពេលប្រកាសផ្អាកនោះផង។
លោកនៅតែអះអាងថាហេតុផលនៃការដកនាយចឺម គឺបណ្ដាលមកពីនាយចឺមកាន់តែល្បីក្នុងពិភពចម្រៀង ហើយមិនចង់អោយចេញសម្ដែងដដែលៗនាំអោយសាំភ្នែកមហាជនប៉ះពាល់ដល់អាជីពចម្រៀង។ យ៉ាងណាមិញ ប្រភពជិតស្និទ្ធបានអះអាងថា មុនការដកនាយចឺមចេញពីក្រុម គឺរវាងនាយចឹម និងលោកពែកមីត្រូវបានគេអះអាងថាមានផ្ទុះចម្រូងចម្រាស់កាច់កុងគ្នា ដែលស្ថានភាពនេះត្រូវបានផ្ទុះឡើងក្រោយពីវិស័យចម្រៀងរបស់នាយចឹមមានសន្ទុះឈានឡើង។ ប្រភពនោះបន្តថា ដោយសារតែលោកតាវ៉ិចទ័រ មិនចង់អោយកូនក្រុមមើលមុខគ្នាមិនចំ ហើយគាប់ជួនជានាយពែកមី មានឥទ្ធិពលជាងក្នុងក្រុម ទើបជម្រើសត្រូវតែដកនាយចឺមចេញមួយរយៈ។
លោកនៅតែអះអាងថា នាយចឺមនៅតែជាសមាជិកក្នុងក្រុម ដោយលោកប្រកាសថានាយចឺម មិនអាចទទួលច្រៀងក្នុងកម្មវិធីបន្តផ្ទាល់របស់បណ្ដាប៉ុស្ដិ៍ទូរទស្សន៍ណាទាំងអស់ ក្រៅពីប៉ុស្ដិ៍ដែលជាសម្ព័ន្ធរបស់ CTN និងប៉ុស្ដិ៍ខាងក្រៅគឺ បាយ័ន។
នាយចឺម បានអះអាងថា លោកនៅតែគោរពស្រឡាញ់លោកតាវ៉ិចទ័រ មិនខុសពីឪពុក និងនៅតែស្រឡាញ់ក្រុមការងារទាំងស្រុងទេ ប៉ុន្តែលោកមិនអាចរង់ចាំតែប៉ុស្ដិ៍បាយ័ន ប៉ុស្ដិ៍ CTN និងសម្ព័ន្ធអញ្ជើញច្រៀងទើបទទួលឡើងប៉ុស្ដិ៍បានទេ គឺលោកត្រូវតែទទួលច្រៀងក្នុងកម្មវិធីទូរទស្សន៍នានាដើម្បីក្រោកឈរនៅក្នុងពេលនេះ។
លោកនិយាយថា«ខ្ញុំអត់មានឮលោកតាវ៉ិចទ័របិទខ្ញុំរឿងប៉ុស្ដិ៍អ៉ីចឹងទៀតផង ព្រោះគាត់បានប្រាប់ខ្ញុំថានឹងអោយខ្ញុំផ្អាកសម្ដែងមួយរយៈដើម្បីអោយស្រួលប្រឹងប្រែងក្នុងអាជីពចម្រៀង ចឹងមានន័យថាគាត់ឈប់បិទខ្ញុំលេងអោយឡើងប៉ុស្ដិ៍ផ្សេងទៀតហើយ!»។ លោកថាខ្លួនចាប់ផ្ដើមទទួលការងារឡើងប៉ុស្ដិ៍យ៉ាងពេញទំហឹង ដោយខាងប៉ុស្ដិ៍ណាផ្ដល់កិត្តិយសអោយលោកឡើងប៉ុស្ដិ៍ គឺលោកនឹងឡើងដោយគ្មានប្រកែកនោះទេ ដោយសារតែការឡើងច្រៀងទាំងនោះភាគច្រើនជាការរៀបចំរបស់ផលិតកម្មសាន់ដេ ដែលលោកប្រកាសថាជាគោលការណ៍របស់ផលិតកម្មគឺលោកជាតារាចម្រៀងកុងត្រា ត្រូវតែឡើងប៉ុស្ដិ៍ក្រោយពីក្រុមកំប្លែងCTN តម្រូវអោយលោកបាត់មុខដោយគ្មានកំណត់៕
https://youtu.be/hCWjABgAcos
មតិយោបល់