យោងតាមការប្រកាសលើផេករបស់ផលិតកម្មក្លាស៊ិក ភាពយន្តរឿង«នរណា Comeback» ដែលទើបទម្លាក់ពីរោងភាពយន្តក្ដៅកាលពីប៉ុន្មានថ្ងៃមុន នឹងចេញទៅបញ្ចាំងនៅខេត្តជាប់ព្រំដែនថៃគឺខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៥ ធ្នូ នេះហើយ ដោយមានការរំពឹងថានឹងទទួលជោគជ័យ មិនខុសគ្នាពីការដាក់បញ្ចាំងនៅភ្នំពេញ និងក្រុងសៀមរាបនោះឡើយ។ នេះជាការចរាចរណ៍នៅលើទឹកដីខេត្តភាគខាងលិចលើកដំបូង ក្នុងពេលដែលភាពយន្តនេះ គឺមានពាក់ព័ន្ធនឹងខេត្តនេះដែរ ដោយសារតែតួអង្គនៅក្នុងសាច់រឿងគឺអតីតតារាចម្រៀង លោករាជ បូរី បានជួបឧបទ្ទហេតុក្រឡាប់រថយន្តស្លាប់នៅលើទឹកដីនេះ។
លោក ហ៊ួរ សុផល ហៅសិរី ម្ចាស់ផលិតកម្មក្លាស៊ិក បានថ្លែងបន្ថែមថា ក្រុមការងារផលិតកម្មរបស់លោកនឹងចុះទៅដល់ទឹកដីខេត្តបន្ទាយមានជ័យដោយផ្ទាល់តាំងពីមុនថ្ងៃទី១៥ ធ្នូតែម្ដង ដើម្បីអោយថ្ងៃដាក់បញ្ចាំងភាពយន្ត«នរណា Comeback» របស់ខ្លួននៅថ្ងៃទី១៥ ធ្នូនោះ កាន់តែមានការចាប់អារម្មណ៍។ លោកថាតារាសម្ដែងរបស់ភាពយន្តនេះ នឹងទៅបង្ហាញខ្លួនច្រើននាក់ ដោយក្រៅពីមានការផ្សព្វផ្សាយភាពយន្តនៅតំបន់ដែលត្រូវបញ្ចាំងកុន ក៏នឹងមានផ្ដល់ឱកាសអោយអ្នកគាំទ្របានថតរូប និងបានបង្ហាញភាពស្និទ្ធស្នាលជាមួយតួសម្ដែងដោយផ្ទាល់ផងដែរ។ លោកថាភាពយន្តរឿងនេះទទួលបានជោគជ័យខ្លាំងក្នុងការដាក់បញ្ចាំងនៅរោងកុនភ្នំពេញ និងខេត្តសៀមរាប ហើយដោយសារតែការគាំទ្រទើបលោកបានបន្តដំណើរទៅដាក់បញ្ចាំងនៅខេត្តបន្ទាយមានជ័យចាប់ពីថ្ងៃទី១៥ ធ្នូតទៅ ដោយបេសកកម្មបន្ទាប់ពីខេត្តបន្ទាយមានជ័យ គឺនឹងទៅបញ្ចាំងនៅក្នុងរោងកុនទំនើបនៅខេត្តបាត់ដំបងតែម្ដង មុននឹងចេញទៅបណ្ដាខេត្តផ្សេងទៀត។
លោកមិនទាន់ដឹងថាការកំណត់បញ្ចាំងនៅក្នុងទឹកដីខេត្តបន្ទាយមានជ័យ នឹងមានរយៈពេលប៉ុន្មាននោះទេ ប៉ុន្តែយោងតាមកុងត្រាគឺអោយតែមានអ្នកគាំទ្រទៅទស្សនា គឺរឿងនឹងបន្តបញ្ចាំងនៅរោងរបស់ខេត្តនេះដោយមិនកំណត់ទម្លាក់ផ្លាក។ គិតមកដល់ពេលនេះ នៅមិនទាន់បានបូកសរុបប្រាក់ចំណូលដែលទទួលបានពីការបញ្ចាំងរឿងកន្លងមកនៅឡើយទេ តែលោក ហ៊ួរ សុផល ប្រាប់ថាលោកនៅតែប្រកាន់ជំហរកាត់ផលចំណេញ១០០ភាគរយ ដែលជាចំណែករបស់ដៃគូភាគហ៊ុនទៅជួយសង្គម ដែលរួមមានកុមារក្រីក្រ មន្ទីរពេទ្យគន្ធបុប្ផា និង ទាហាននៅតាមព្រំដែន ហើយចំណែកភាគហ៊ុនរបស់លោកគឺកាត់ចំណេញ១០ភាគទៅលើផ្នែកនោះដដែល។
លោកហ៊ួរ សុផល បន្តថាតាមរយៈការដាក់បញ្ចាំងភាពយន្តរឿង«នរណា Comeback »នៅខេត្តបន្ទាយមានជ័យនេះ គឺមានន័យថាអ្នកខេត្តបន្ទាយមានជ័យនឹងបានរួមចំណែកជួយដល់សង្គម តាមរយៈមូលនិធិរបស់ផលិតកម្មនៅពេលបញ្ចប់ការបញ្ចាំង ក្នុងពេលដែលប្រាក់សម្រាប់ជួយលើផ្នែកសង្គមនោះ ក៏មានចំនួន៥ពាន់ដុល្លារស្រេចហើយ បើទោះជាផលចំណេញមិនទទួលបានច្រើនតាមការរំពឹងទុក។ លោកទទូចឲ្យយុវវ័យនៅខេត្តបន្ទាយមានជ័យទៅទស្សនាភាពយន្តនេះឲ្យបានច្រើន ដើម្បីរួមចំណែកជួយគន្ធបុប្ផា កុមារក្រីក្រ និងកងទាហាននៅតាមព្រំដែន៕
មតិយោបល់