ព័ត៌មានសិល្បៈ និងកម្សាន្ត

ឆាយ វិរៈយុទ្ធ អត់ខ្វល់ធ្លាក់កូដ ក្រោយរៀបការ

ខណៈតារាចម្រៀងប្រុសយុវវ័យស្ទើរមួយចំហៀងសិល្បៈ សឹងមិនហ៊ានរំលេចរឿងស្នេហា និងជីវិតអាពាហ៍ពិពាហ៍ព្រោះខា្លចធ្លាក់កូដនោះ តារាចម្រៀងល្បីឈ្មោះលោកឆាយ វិរៈយុទ្ធ បែរជាបានភ្ជាប់ពាក្យ និងប្រកាសភ្ជាប់ពាក្យជាមួយកូនស្រីម្ចាស់រោងម៉ាស៊ីនសំបូរទ្រព្យនៅខេត្តកំពង់ចាម ដោយមិនខ្វល់ពីរឿងប៉ះពាល់កេរ្តិ៍ឈ្មោះ។

លោកឆាយ វិរៈយុទ្ធ និយាយថាបើទោះជាលោកជាអ្នកសិល្បៈ ប៉ុន្តែលោកមិនអាចនឹងមានស្នេហាលួចលាក់ ហើយសុខចិត្តរួមរស់ក្នុងភាពលាក់កំបាំងមហាជនដោយមិនបំពេញមុខនារីជាគូស្នេហ៍របស់ខ្លួននោះទេ។ អ៊ីចឹងហើយទើបលោកសម្រេចចិត្តភ្ជាប់ពាក្យធំដុំ និងបានប្រកាសថានឹងចូលរោងការក្នុងពេលឆាប់ៗ បន្ទាប់ពីការងារច្រៀងរាំរយាលបន្តិច។ យ៉ាងណាមិញ លោកមិនទាន់ច្បាស់ថានឹងត្រូវរៀកការពេលណា ថ្ងៃណាអោយប្រាកដនៅឡើយទេ ដោយសារតែចាំមើលវេលា និងបានទំនេរបន្តិចសិន។ លោកថាក្រោយពេលរៀបការបើទោះជាលោកត្រូវមានអាជីពមួយថ្មី តែលោកមិនចោលអាជីពចម្រៀងនោះទេ ដរាបណាមហាជនខ្មែរនៅតែបន្តគាំទ្រ។

លោកថាសិល្បៈគឺជារឿងដែលលោកស្រឡាញ់ ប៉ុន្តែជីវិតស្នេហាមិនអាចស្ថិតក្នុងសភាពបិទបាំងបានទេ ដោយលោកនឹងគ្រោងរៀបការអោយផ្អើលអ្នកខេត្តកំពង់ចាមនោះផង ដើម្បីបំពេញមុខមាត់នារីដែលលោកស្រឡាញ់ អោយមហាជនបានស្គាល់កាន់តែច្បាស់។ លោកមិនខ្វល់ពីរឿងប៉ះពាល់ទីផ្សារចម្រៀងក្រោយពេលភ្ជាប់ពាក្យ និងរៀបការនោះទេ ទើបលោកប្រកាសយ៉ាងពេញមុខពីដំណឹងភ្ជាប់ពាក្យរបស់ខ្លួន ដែលមានន័យថាមុនពេលដែលលោកភព្វប្រសព្វជាមួយនារីជាគូដណ្ដឹងគឺមិនមានពាក់ព័ន្ធនឹងអ្នកណាពីមុនមក។
គួរបញ្ជាក់ថា លោក ឆាយ វិរៈយុទ្ធ តារាចម្រៀងសាន់ដេ បានភ្ជាប់ពាក្យកាលពីថ្ងៃទី១ មីនា នៅខេត្តកំពង់ចាមដោយមិនមានលាក់បាំងនោះទេ។ គូដណ្ដឹងរបស់លោកមានឈ្មោះថា សែន ចាន់ឌី ជាកូនស្រីថៅរោងម៉ាស៊ីននៅស្រុកព្រៃឈរ និងមានរូបឆោមមិនចាញ់តារាសិល្បៈប៉ុន្មានទេ៕

មតិយោបល់