ភ្នំពេញៈ នាពេលកន្លងមកគេហាក់មិនសូវមានមនុស្សប៉ុន្មាននាក់ទេដឹងថា តារាចម្រៀងល្បីឈ្មោះគឺ លោកខេម និងកីឡាករល្បីឈ្មោះ គឺលោក បឺត ខាំ គឺជាមិត្តកំសត់កម្រនឹងគ្នា។ អ្នកទាំងទើបតែបានទទួលស្គាល់ក្នុងជំនួបដែលភ្នាក់ងារសារព័ត៌មាន Post News បានជួបពួកគេទាំងពីរគ្មានការគ្រោងទុកនៅក្នុងពិធីមួយប៉ុណ្ណោះ។
លោកខេម និយាយថា រវាងលោក និងកីឡាករបឺត ខាំ បានរាប់អានគ្នាតាំងពីលោកមិនទាន់បានប្រឡូកសិល្បៈ និងតាំងពីកីឡាករបឺតខាំបានក្លាយជាកីឡាករល្បីឈ្មោះម្ល៉េះ។ លោកថាកាលលោកនៅក្រ និងនៅជាអ្នករត់ម៉ូតូឌុប លោកបានទៅសិក្សាភាសារអង់គ្លេសនៅក្នុងវិហារយេស៊ូមួយ នៅខេត្តកំពង់ឆ្នាំង ហើយក្នុងពេលនោះបើទោះជាបឺត ខាំ បានក្លាយជាកីឡាករល្បីហើយក៏ដោយ ក៏បឺតខាំតែងឧស្សាហ៍ចេញចូលសាលានោះហើយបានស្គាល់រាប់អានគ្នា។ គាប់ជួនជាសាលាព្រះវិហារគ្រឹះនោះរមែងមានកម្មវិធីសិក្ខាសាលា និងមានកម្មវិធីដើរកម្សាន្តជាលក្ខណៈទស្សនៈកិច្ចញឹកញាប់ ទើបធ្វើឲ្យលោក និងបឺត ខាំ ក៏មានអនុស្សាវរីយ៍មិនអស់ជាមួយគ្នាតែម្ដង។
លោកថាក្រោយពេលក្លាយខ្លួនជាបុគ្គលល្បីរៀងខ្លួន លោក និងបឺត ខាំ នៅតែខលរកគ្នា នៅតែលេងឆាតរកគ្នា បើទោះជាភាពមមាញឹកមិនអាចឲ្យលោក និងបឺត ខាំ មានឱកាសជួបគ្នាច្រើនដូចមុន។ លោកនិយាយថា«បឺត ខាំ និងខ្ញុំពួកម៉ាកគ្នាកំសត់កម្រតាំងពីនៅខេត្ត និយាយរួមទៅកាលនឹងខ្ញុំបានវារាប់ខ្ញុំ ខ្ញុំអរចង់ងាប់នឹងដោយសារតែកាលនឹងវាប្រដាល់មានឈ្មោះហើយ ចឹងហើយទើបខ្ញុំ និងវានៅតែរាប់គ្នារហូត យូរៗម្ដងនៅតែដើរជាមួយគ្នា នៅតែផឹកជាមួយគ្នាអីតើ!»។
មិនខុសគ្នាដែរលោកបឺត ខាំ ដែលអ្នកណាក៏ស្គាល់ជាកីឡាករល្បីឈ្មោះប្រមាណជាង១០ឆ្នាំមកហើយនោះបានអះអាងថា លោក និងតារាចម្រៀងខេម ចាប់ផ្ដើមស្គាល់ និងជិតស្និទ្ធិគ្នាក្នុងអំឡុងឆ្នាំ២០០៤ និង២០០៥ ដោយសារតែក្នុងពេលនោះគឺលោកនៅស្រុកនៅឡើយដោយឡើងមកប្រដាល់តែពេលមានការផ្គូរផ្គង។ លោកថារវាងលោក និងតារាចម្រៀងខេម រស់នៅស្រុកខុសគ្នាដោយលោកនៅស្រុកខុសគ្នា ប៉ុន្តែដោយសារតែបានស្ម័គ្រចិត្តនៅក្នុងវិហារគ្រឹះមួយ ដែលគេឧស្សាហ៍មានកម្មវិធីដើរលេងទៅក្រុងព្រះសីហនុ និងធ្វើកម្មវិធីផ្សេងៗក្នុងខេត្តទើបមានឱកាសរាប់គ្នា និងបានបន្តទំនាក់ទំនងរហូតដល់ខេមល្បីឈ្មោះមកទល់ពេលនេះ៕
មតិយោបល់