កាលពីព្រឹកថ្ងៃទី១៤ ធ្នូ មុននេះ សមាគមភាពយន្តកម្ពុជាបានរៀបចំការបោះឆ្នោតជ្រើសរើសប្រធានថ្មី បន្ទាប់ពីអាណត្តិរបស់ប្រធានចាស់ត្រូវផុតកំណត់តាំងពីឆ្នាំមុន។ យ៉ាងណាមិញ ក្រោយការបោះឆ្នោតពីសំណាក់ក្រុមប្រឹក្សាសមាគម ដែលរួមមានសុទ្ធសឹងជាម្ចាស់ផលិតកម្មធំៗចំនួន១១ផ្សេងគ្នា គឺលោក ឆាយ បូរ៉ា ដែលជាប្រធានចាស់នៅតែត្រូវបានជាប់ឆ្នោតក្លាយជាប្រធានរបស់សមាគមសម្រាប់អាណត្តិថ្មីដដែល បន្ទាប់ពីលោកមានស្នាដៃដឹកនាំសមាគមមួយនេះក្នុងរយៈពេល២អាណត្តិកន្លងមក ហើយមានការទទួលស្គាល់។
លោកអ៉ិន ក្រុមប្រឹក្សាជាន់ខ្ពស់មួយរូបក្នុងចំណោមក្រុមប្រឹក្សាជាន់ខ្ពស់ទាំង១០រូបរបស់សមាគម បានថ្លែងនៅក្រោយការបោះឆ្នោត និងតែងតាំងប្រធានថ្មីនោះថា ដោយសារតែសមាគមភាពយន្តកម្ពុជា មានការផុតកំណត់នូវអាណត្តិរបស់ប្រធានចាស់ប្រមាណជាមួយរយៈមកហើយ ទើបបណ្ដាផលិតករទាំងអស់ បានបើកការជួបប្រជុំគ្នាភ្លាមៗកាលពីព្រឹកថ្ងៃទី១៤ ធ្នូ ហើយឈានដល់ការសម្រេចបោះឆ្នោតជ្រើសរើសប្រធានថ្មី ដោយស្របនឹងច្បាប់របស់សមាគម។
លោកថាសមាសភាពអ្នកចូលរួមនៅក្នុងពិធីបោះឆ្នោតនោះ រួមមានម្ចាស់ផលិតកម្មធំៗសរុបចំនួន១១ផលិតកម្ម ដោយរួមមាន លោកឆាយ បូរ៉ា ម្ចាស់ផលិតកម្មដើមត្នោត, រូបលោកដែលជាម្ចាស់ផលិតកម្មមហាហង្ស,លោកសែម វិសាល ម្ចាស់ផលិតកម្មWonderfilm Cambodia, អ្នកស្រីថុង ស៊ីវទៀង ម្ចាស់ផលិតកម្មចក្រវាទ្បពេជ្រ, លោកលីម៉េង តំណាងជាន់ខ្ពស់ផលិតកម្មរ៉ក់ , លោក លៀក លីដា ម្ចាស់ផលិតកម្មLD , និង លោកហ៊ុយ យ៉ាឡេង ម្ចាស់ផលិតកម្មមាតុចក្រ ជាដើម។ ក្រោយការបោះឆ្នោត លោកថាលោក ឆាយ បូរ៉ា ត្រូវបានក្រុមប្រឹក្សាបោះឆ្នោតឲ្យជាប់ឆ្នោតជាថ្មីម្ដងទៀត ដើម្បីឲ្យលោកបានបន្តការងារដឹកនាំនៅក្នុងអាណត្តិថ្មី ហើយពាំនាំនឹងប្រសិទ្ធិកាន់តែប្រសើរក្នុងការជួយដល់ផលិតករ និងវិស័យភាពយន្តខ្មែរ។
លោកឆាយ បូរ៉ា ដែលត្រូវបានបោះឆ្នោតឲ្យជាប់ជាថ្មី បានថ្លែងប្រាប់ភ្នាក់ងារសារព័ត៌មានយើងតាមទូរសព្ទថា ជារៀងរាល់ឆ្នាំសមាគមភាពយន្តកម្ពុជាមានការបោះឆ្នោតជ្រើសរើសប្រធានជាប្រចាំ ប៉ុន្តែក្រោយការផុតអាណត្តិរបស់លោកកាលពីឆ្នាំមុន គឺមិនមានការបោះឆ្នោតជ្រើសរើសនោះទេ ដោយសារតែការមមាញឹករបស់ផលិតករ និងដោយសារតែលោកក៏នៅជួយសមាគមន៍ក្នុងនាមជាប្រធានស្ដីទី។
យ៉ាងណាមិញ ដើម្បីកុំឲ្យខុសឆ្គងពីលក្ខន្តិកៈ បណ្ដាផលិតករជាក្រុមប្រឹក្សាជាន់ខ្ពស់របស់សមាគម និងសមាជិក បានជួបប្រជុំគ្នាភ្លាមកាលពីព្រឹកថ្ងៃទី១៤ ធ្នូ ហើយការបោះឆ្នោតក៏ចាប់ផ្ដើមឡើង ដោយលោកមិននឹកស្មានថាខ្លួនទទួលបានសំណើរ និង សំឡេងគាំទ្រដើម្បីអោយក្លាយជាប្រធានជាថ្មីនោះឡើយ។ លោកថាកាលពីអាណត្តិមុន ក្នុងនាមជាប្រធានលោកបានរួមចំណែកដាក់ញត្តិ និងតវ៉ាឲ្យមានការដាក់បញ្ចាំងភាពយន្តខ្មែរនៅអំឡុងម៉ោងមាសបានយ៉ាងជោគជ័យ ដោយបានទាំងធ្វើឲ្យផលិតកម្មដែលបានចុះបញ្ជីទាំងជាង៤០ផលិតកម្មនៅក្នុងក្រសួងអាចមានដំណើរការ ដែលក្នុងនោះគឺមានផលិតកម្មចំនួន១១ដែលជាផលិតកម្មរបស់ក្រុមប្រឹក្សាសមាគមតែម្ដង បានក្លាយជាផលិតកម្មដែលមានសកម្មភាពខ្លាំង។ សម្រាប់អាណត្តិនេះ លោកមានគម្រោងធ្វើញត្តិ និងតវ៉ាឲ្យមានការពន្យារពេលលើការកំណត់ពន្ធភាពយន្តរហូតដល់១០ឆ្នាំទៅមុខ ដើម្បីឲ្យស្របតាមការស្នើសុំរបស់ផលិតករដែលជាសមាជិក។
បើទោះជាលទ្ធផលដាក់ញត្តិកាលពីលើទី១ទៅកាន់ក្រសួងវប្បធម៌ នៅមិនទាន់ទទួលបានផ្លែផ្កា ប៉ុន្តែលោកអាណត្តិនេះមិនមែនជាបញ្ហានោះទេ ដោយសារតែក្រុមផលិតករកាន់តែសាមគ្គីគ្នា ដែលលោកជឿថាញត្តិរបស់សមាគមដែលត្រៀមដាក់ជូនរដ្ឋាភិបាលខាងមុខ គឺពិតជាប្រមុខដឹកនាំជួយដោះស្រាយ មិនខុសពីការដាក់សំណើរស្នើសុំម៉ោងមាសកាលមុន៕
មតិយោបល់