ផ្ទុយពីការសរសើរដែលគេធ្លាប់ឮ បទចម្រៀងមួយបទដែលទើបតែបង្ហោះឡើងដោយផលិតកម្មថោន គឺបទ «គ្រូបង្រៀនស្រវឹងស្រា» ត្រូវបានមហាជនរិះគន់ និងតិះដៀលចំពោះផលិតកម្ម ជាពិសេសគឺអ្នកនិពន្ធឡើងកប់ៗមាត់តែម្ដង។ អ្នកលេងហ្វេសប៊ុក និងក្រុមគ្រូបង្រៀនច្រើនឡើងបានហៅខ្លឹមសារបទនេះថាមានការមាក់ងាយចំពោះអាជីពគ្រូបង្រៀនផ្ទុយពីបរិបទដែលគេបានឃើញ បានឮទាំងស្រុង ដោយបានទាំងស្នើឲ្យក្រសួងធំ២ គឺក្រសួងអប់រំ និងក្រសួងវប្បធម៌ ចាត់វិធានការលើផលិតកម្មថោន និងលើលោកយឹម តាស្រង់ ដែលជាអ្នកនិពន្ធបទនោះ ឲ្យខានតែបានទៀតផង។
យោងតាមការស្ទាបស្ទង់ ស្ទើរមិនមាន១ភាគរយនោះទេ ដែលបានគាំទ្របទចម្រៀង«គ្រូបង្រៀនស្រវឹងស្រា»បន្ទាប់ពីបទមួយនេះត្រូវបានបង្ហោះឡើង។ អ្នកស្ដាប់ដែលបានចែកចាយបទនេះ ត្រូវគេឃើញបង្ហោះពាក្យពេចន៍ថា មានខ្លឹមសារភ្លៀវខ្លាំង ដោយអ្នកខ្លះបានទាំងតិះដៀលថា ផលិតកម្មថោន និងអ្នកនិពន្ធគឺលោក យឹម តាស្រង់ អត់បទនិពន្ធផលិតមែន ទើបបានជានិពន្ធខ្លឹមសារបទចម្រៀងភ្លៀវលើសពីភ្លៀវ ដែលផ្ទុយពីបរិបទរបស់គ្រូបង្រៀននៅទូទាំងប្រទេសទាំងស្រុង។
ម្នាក់ៗបានចោទសួរថា ថាអ្នកនិពន្ធទៅបាននឹកឃើញប៉ារ៉ូលមួយដែលភ្លៀវសម្រាប់បទចម្រៀងមួយនេះ ចុះហេតុអ្វីបានជាផលិតកម្មថោនដែលជាផលិតកម្មធំ និងមានកេរ្តិ៍ឈ្មោះបោះសំឡេងស្ទើរមួយចំហៀងប្រទេស បែរជាសម្រេចឲ្យចេញលក់បទនេះ ទាំងមិនស្ដាប់ថាអត្ថន័យវាឆ្លុះបញ្ចាំងពីតថភាពរបស់គ្រូបង្រៀន ឬទេ។ អត្ថន័យរបស់បទនេះ បានឆ្លុះបញ្ចាំងថាគ្រូបង្រៀន មកបង្រៀនទាំងស្រវឹង ដោយផឹកស្រាទាំងថ្ងៃ ហើយឲ្យតែផឹកស្រវឹងគឺឡូឡា និងធ្វើកាចដាក់សិស្ស។ នៅក្នុងខ្លឹមសារបទចម្រៀងបានបញ្ជាក់ទៀតថា គ្រូបង្រៀនមកបង្រៀនទាំងធំក្លិនស្រា ហើយឲ្យតែផឹកលើកណា គឺតែងឡូឡា និងធ្វើសកម្មភាពប្លែកៗ ដល់ថ្នាក់កូនសិស្សមិនហ៊ានមើលមុខនោះផង។
ការនិពន្ធរបស់ លោកយឹម តាស្រង់ ដែលជាអ្នកនិពន្ធរបស់ផលិតកម្មថោន ត្រូវបានមហាជន ជាពិសេសគ្រូបង្រៀនប្រតិកម្មពេញទំហឹង ដោយសារតែអ្វីដែលលោកបានបញ្ជាក់នៅក្នុងបទចម្រៀងនេះ គឺស្ទើរតែមិនមានតែម្ដងសម្រាប់អ្នកមានអាជីពជាគ្រូនៅតាមសាលារបស់រដ្ឋ។
សាស្រ្តាចារ្យជាច្រើនដែលបានប្រឡូកអាជីពគ្រូច្រើនឆ្នាំនៅក្នុងសាលារដ្ឋ បានអះអាងថា ដ្បិតថាគ្រូមួយចំនួនចូលចិត្តផឹកស៊ី ប៉ុន្តែគ្រូបង្រៀនមិនដល់ថ្នាក់ផឹកស្រវឹងក្នុងពេលមកបង្រៀន និងមកបង្រៀនសិស្សទាំងធំក្លិនស្រា និងមកបង្រៀនទាំងស្រវឹងដល់ថ្នាក់បាត់បង់ស្មារតីជាគ្រូ ដែលបានឆ្លុះបញ្ចាំងក្នុងបទចម្រៀងនោះទេ។ ការនិពន្ធរបស់លោក យឹម តាស្រង់ ត្រូវបានគេរិះគន់ថាជាលើកតែចំណុច១លើមួយលាន ដែលស្ថានភាពបែបនេះ គឺមិនអាចយកមកឆ្លុះបញ្ចាំងនៅក្នុងបទចម្រៀងបានទេ ដោយសារតែអ្នកនិពន្ធ មិនថាសម្រាប់អត្ថន័យបទចម្រៀង ឬភាពយន្ត គឺត្រូវតែឆ្លុះបញ្ចាំងដែលកើតឡើងភាគច្រើននៅក្នុងសង្គម ទើបមហាជនអាចទទួលយកបាន បើទោះជានោះជាចំណុចអវិជ្ជមាន។
មកទល់ពេលនេះ ទាំងអ្នកនិពន្ធ ទាំងផលិតកម្មថោន ទទួលបានការរិះគន់ពេញបន្ទុក ដោយក្រុមអ្នករិះគន់ បានទាំងស្នើឲ្យមន្ត្រីជាន់ខ្ពស់របស់ក្រសួង២ គឺក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចេញវិធានការក្ដៅលើផលិតកម្មថោន និងលើអ្នកនិពន្ធ គឺលោក យឹម តាស្រង់នោះផង ដោយសារតែខ្លឹមសារបទ«គ្រូបង្រៀនស្រវឹងស្រា»គឺប៉ះពាល់ទាំងតម្លៃរបស់គ្រូបង្រៀននៅទូទាំងប្រទេស និងទាំងតម្លៃសីលធម៌នៅក្នុងសង្គមរបស់គ្រូបង្រៀន ដែលមនុស្សភាគច្រើន ជាពិសេសគឺគ្រូបង្រៀនមិនអាចទទួលយកបាន។
មិនទាន់មានការឆ្លើយតបណាមួយពីផលិតកម្មថោនដែលបានបញ្ចេញបទនេះ និងពីលោកយឹម តាស្រង់ ដែលជាអ្នកនិពន្ធនៅឡើយទេ ប៉ុន្តែតាមរយៈប្រតិកម្មមានការប៉ាន់ស្មានថាបទចម្រៀងមួយបទនេះនឹងត្រូវវិធានការពីសំណាក់ក្រសួងពាក់ព័ន្ធដោយជៀសមិនផុត ដោយសារតែផលិតកម្មថោន មានប្រវត្តិត្រូវបានក្រសួងវប្បធម៌ចេញច្បាប់ឲ្យបិទបទចម្រៀងដែលបានចេញហើយលើទីផ្សារមិនឲ្យដំណើរច្រើនលើករួចមកហើយ ដូចជាបទ«អាមុំប៉ុមពីត» និងបទ«ដួលគងប៉ាន់» និងបទដែលមានតម្លៃប្រាស់ចាកសីលធម៌កន្លងមកជាច្រើនផ្សេងទៀត។
អ្នករិះគន់បានស្នើឲ្យដុះក្អែលផលិតកម្មមួយនេះ បន្ទាប់ពីថោនបានសាងកំហុសដដែលជាដដែលក្នុងការផលិតបទចម្រៀងដែលមានអត្ថន័យមិនសមទំនង បណ្ដាលឲ្យមានប្រតិកម្មច្រើនលើក៕
https://www.youtube.com/watch?v=htwelX9UoTg
https://youtu.be/VA2w9qNxdi4
មតិយោបល់