វត្តមានបង្ហាញខ្លួនរបស់លោក ខៃ ប្រសិទ្ធិ ក្នុងសកម្មភាពថតMV បទចម្រៀងរបស់លោកសាវិន ហ្វីលីព «ឪពុកអ្នកក្រ» នៅក្នុងប្រទេសកម្ពុជា បានធ្វើឲ្យមានការយល់ឃើញជាច្រើនថាហេតុផលដែលលោកសុខចិត្តទទួលក្នុងថតចម្រៀងមួយនេះ គឺដោយសារតែលោកចង់ល្បីជាថ្មី និងចង់ឲ្យមានការចាប់អារម្មណ៍ចំពោះលោកឡើងវិញ។ យោងតាមការអះអាងថារបស់លោកសាវិន ហ្វីលីព គឺលោកខៃ ប្រសិទ្ធិ មិនចង់ល្បី ឬចង់ឲ្យមានព័ត៌មានណាមួយចុះផ្សាយពីលោកនោះទេ បូករួមទាំងគម្រោងដែលលោកបានផ្ដល់ជំនួយដែលឃើញបណ្ដាញសារព័ត៌មានចុះផ្សាយជាហូរហែរផង។
លោក សាវិន ហ្វីលីព និយាយថាបើលោកខៃ ប្រសិទ្ធិ នៅចង់ល្បីដូចដើម គឺលោកពិតជាទទួលយកការសម្ដែងយូរហើយ ដោយសារតែការចុះឡើងប្រទេសកម្ពុជាគឺលោកឡើងញឹកញាប់នាពេលកន្លងមក។ លោកថាលោកខៃ ប្រសិទ្ធិ បានបដិសេធមិនទទួលថត មិនទទួលការសម្ដែងក្រោយពីថតបទ«ឪពុកអ្នកក្រ»របស់លោកនោះទេ ដោយលោកបានហៅស្នាដៃមួយនេះថាការងារសិល្បៈចុងក្រោយរបស់តារាជើងចាស់រូបនេះផង។ លោកថាបើលោកខៃ ប្រសិទ្ធិនៅចង់ល្បីឈ្មោះ គឺលោកពិតនឹងបង្ហាញខ្លួនក្នុងកិច្ចសម្ភាសន៍ ឬឡើងឆាកទូរទស្សន៍ ព្រមជាមួយនឹងការស្វាគមន៍រាល់ការសម្ភាសន៍គ្រប់ពេលមកដល់ប្រទេសកម្ពុជា ឬតាមរយៈហ្វេសប៊ុកទៅហើយ។ ផ្ទុយទៅវិញលោកថាលោកខៃ ប្រសិទ្ធិ រមែងច្រានចោលសំណើរទាំងនោះ ដោយសូម្បីតែពេលដែលលោកស្នើអោយឡើងសម្ភាសន៍ក្រោយពីបានសម្រេចចិត្តចូលថតបទ«ឪពុកអ្នកក្រ»ក៏លោកមិនទទួលនោះដែរ ដោយសារតែលោកមិនចង់ឲ្យមានការចុះផ្សាយណាមួយ។
លោកថាលោកខៃ ប្រសិទ្ធិមិនខ្លាចចំពោះសុវត្ថិភាពសម្រាប់ការឡើងចុះកម្ពុជានោះទេ ដោយសារតែលោកបានចាត់ទុកថាករណីពាក់ព័ន្ធនឹងអ្នកនាងពិសិដ្ឋ ពិលីកា គឺជារឿងកន្លងហួសទៅហើយ។ លោកថាសូម្បីតែពេលដែលលោកខៃ ប្រសិទ្ធិ ផ្ដល់ជំនួយឲ្យលោកក្នុងគម្រោងជួយជាអណ្ដូងទឹកស្អាត ឬជួយគម្រោងម្ដងៗ ក៏លោក ខៃ ប្រសិទ្ធិ មិនដែលឲ្យផ្សាយណាមួយនោះដែរ គឺលោកមិនចូលចិត្តតែម្ដង។ លោកថាហេតុផលដែលព័ត៌មានរបស់លោកខៃ ប្រសិទ្ធិចេះតែមានហូរហែរនៅលើបណ្ដាញសារព័ត៌មាន គឺអាចបណ្ដាលមកពីមានការដកស្រង់សំណេរបង្ហោះរបស់លោក និងដោយសារតែអ្នកសារព័ត៌មានចាប់អារម្មណ៍ដោយខ្លួនឯងប៉ុណ្ណោះ ប៉ុន្តែបើឲ្យនោះជាចេតនារបស់លោក ខៃ ប្រសិទ្ធិ គឺលោកថាអត់មាន។ លោកថាហេតុផលដែលលោកខៃ ប្រសិទ្ធិ ទទួលថតបទចម្រៀងឲ្យខ្លួន មិនមែនព្រោះតែហេតុផលល្បីទេប៉ុន្តែហេតុផលសំខាន់គឺដោយសារតែការយោគយល់ចំពោះលោក និងចង់បន្សល់ស្នាដៃសិល្បៈចុងក្រោយតែប៉ុណ្ណោះ៕
មតិយោបល់