មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្នុងពេលដែលផលិតកម្មសាន់ដេ បង្ហោះបទ Original Song ថ្មីសន្លាងនៅលើផេករបស់ខ្លួន ហើយជាបទដែលបកស្រាយដោយ លោក ជ័យ សុវ៉ាត ម្ចាស់ជ័យលាភីលេខ២ក្នុងកម្មវិធីផ្កាយរះក្នុងសួនជំនាន់ទី១ កាលពីឆ្នាំ២០១៣។
នេះជាវត្តមានសមាជិកថ្មីរបស់ផលិតកម្មសាន់ដេ បន្ទាប់ពីសាន់ដេបាត់បង់ លោក ខេមរៈ សិរីមន្ត ខណៈដែលតារាចម្រៀងរូបនេះ ក៏ត្រូវបានសាន់ដេ គ្រោងយកមកលើកស្ទួយជាគ្រាប់ពេជ្រថ្មីរបស់ខ្លួន ដោយសារតែលោកក៏ជាតារាចម្រៀងដែលធ្លាប់មានឈ្មោះបោះសំឡេងមិនធម្មតាផងដែរនៅក្នុងវិស័យចម្រៀង។
លោក ជ័យ សុវ៉ាត បានបញ្ជាក់ក្រោយពីបទដំបូងរបស់លោកក្រោមចំណងជើងថា «ក្រចេះស្នេហ៍បង» ចេញបង្ហោះនៅក្នុងផលិតកម្មសាន់ដេរថា លោកពិតជាបានកុងត្រាចូលច្រៀងនៅក្នុងផលិតកម្មធំមួយនេះប្រាកដមែន តែលោកសុំបដិសេធប្រាប់ឲ្យដឹងពីចំនួនឆ្នាំដែលលោកបានចូលកុងត្រា។ លោកថានេះជាចម្រៀងបើកឆាក និងជាប្រភេទនិពន្ធថ្មី ដោយក្នុងពេលខាងមុខ ផលិតកម្មក៏នឹងបន្តចេញបទចម្រៀងរបស់លោកជាបន្តបន្ទាប់ផងដែរ។ នេះជាការហក់ចូលផលិតកម្មចម្រៀងជាលើកទី២ បន្ទាប់ពីលោកបានសម្ងំជ្រកនៅក្នុងផលិតកម្មMega ប្រមាណជាច្រើនឆ្នាំ ហើយមិនសូវទទួលបានជោគជ័យ ស្របគ្នាដែលលោកក៏បានដកខ្លួនទៅសិក្សាផ្នែកពេទ្យ ក្រោយមានអ្នកជំនួញធំដុំ និងជាមន្ត្រីរាជការផង យកទៅចិញ្ចឹមធ្វើកូនពេញសិទ្ធិ។
លោកអះអាងថាការសិក្សាផ្នែកពេទ្យមិនទាន់ដល់ឆ្នាំបញ្ចប់នៅឡើយទេ ប៉ុន្តែដោយសារតែលោកមានឱកាសចូលផលិតកម្មសាន់ដេ ទើបលោកសម្រេចចិត្តស្រវ៉ាស៊ប់នឹងសិល្បៈជាថ្មី ដោយលោកបញ្ជាក់ថាការហក់ចូលផលិតកម្មសាន់ដេលើកនេះ ពិតជាធ្វើឲ្យអាជីពចម្រៀងរបស់លោកកម្រើកឡើង ស្របគ្នាដែលផលិតកម្មសាន់ដេក៏ប្រកាសថាលើកស្ទួយចំពោះលោក។
យ៉ាងណាមិញ គេមិនទាន់ដឹងថាបទថ្មីរបស់លោកនឹងទទួលបានគាំទ្រកម្រិតណានៅឡើយទេ ក្នុងពេលដែលបទមួយនេះទើបតែបង្ហោះបានប៉ុន្មានម៉ោង កាលពីល្ងាចថ្ងៃទី១៥ ធ្នូ។ ជ័យ សុវ៉ាត ត្រូវគេអះអាងថានឹងក្លាយជាគ្រាប់ពេជ្រថ្មីរបស់ផលិតកម្មសាន់ដេ ក្នុងនោះក្រៅពីអាចបកស្រាយបទចម្រៀងមនោសញ្ចេតនាបានគួរឲ្យចាប់អារម្មណ៍ លោកក៏អាចបកស្រាយបទញាក់បានល្អផងដែរ ។
មានការរំពឹងយ៉ាងខ្លាំងថាលោកនឹងកន្ត្រាក់អ្នកគាំទ្របានច្រើន ដោយសារតែលោកធ្លាប់មានសន្ទុះខ្លាំងក្លារួចមកហើយនៅក្នុងវិស័យចម្រៀង ចាប់តាំងពីបានប្រឡងជាប់ចំណាត់ថ្នាក់ម្ចាស់ពានរង ក្នុងកម្មវិធីផ្កាយរះក្នុងសួន និងបានក្លាយជាកូនចិញ្ចឹមរបស់អ្នកមាន៕
https://youtu.be/GFA7g6mlILA
មតិយោបល់