ព័ត៌មានសិល្បៈ និងកម្សាន្ត

ឃើញចឹងទេ! តែ នាយកង្កែប មានមុខជំនួញយ៉ាងមាំក្រៅសិល្បៈ

មកទល់ពេលនេះតារាសម្ដែងដែលតែងតែបញ្ចេញភាពក្រម៉ិចក្រមើម លោក កែន ឧត្តមវាសនា ហៅនាយកង្កែប ឬ Catoon Small កាន់តែទទួលជោគជ័យក្នុងការសម្ដែងឈុតសំណើច ជាពិសេសក្នុងកម្មវិធី«ដូច្នឹងផង» ដែលជាឈុតខ្លីពេញនិយមរបស់ទូរទស្សន៍ថោន។ ជាមួយនឹងជោគជ័យក្នុងការសម្ដែងតាមទម្រង់ឡិបឡប់ៗហើយនោះ លោកក៏ជាតារាសម្ដែងមួយរូបដែលមានមុខជំនួញយ៉ាងជោគជ័យនៅពីក្រោយខ្នង ដែលមនុស្សមួយចំនួនមិនសូវបានដឹងនោះផងដែរ។

ការចាប់អារម្មណ៍ជុំវិញមុខជំនួញក្រៅឆាករបស់លោកនេះ គឺទើបតែឃើញបានកើតឡើងក្រោយពេលឃើញវីដេអូឃ្លីបរបស់លោក និងលោក សាន ផានិត បានផលិតវីដេអូផ្សព្វផ្សាយនៅលើហ្វេសប៊ុកកាលពីពេលថ្មីៗប៉ុណ្ណោះ។ នាយកង្កែប ដែលនៅលើហ្វេសប៊ុកបានហៅលោកថា កាទូនស្មល(Catoon Small) បានថ្លែងប្រាប់ថាលោកមានអាជីវកម្មបើកហាងតែបៃតង និងកាហ្វេ ឆប់ឆាហ៍ ប្រមាណជា៨ខែមកហើយ ដោយអាជីវកម្មរបស់លោកកាន់តែមានជោគជ័យចាប់តាំងពីបើកដំណើរការនោះផង។

លោកបានហៅហាងកាហ្វេរបស់លោកថាជាឆ្នាំងបាយធំ ដោយលោកបញ្ជាក់ថាបើរំពឹងលើការសម្ដែង គឺទោះជាបានសម្ដែងរាល់ថ្ងៃ ក៏មិនអាចផ្គត់ផ្គង់តម្រូវការ និងការចំណាយដ៏ច្រើនក្នុងពេលទទួលថតម្ដងៗនោះដែរ។ លោកបានដើមទុនបើកហាងប្រមាណជា២៥០០០ដុល្លារ តែលោកបញ្ជាក់ថាផលចំណេញដែលទទួលបានមកវិញ គឺច្រើនជាប្រចាំ ជាពិសេសសម្រាប់ថ្ងៃសម្រាក និងថ្ងៃបុណ្យ។ លោកថាហាងឆប់ឆាហ៍របស់លោកស្ថិតនៅតាមបណ្ដោយផ្លូវលេខ៥៩២ ក្នុងសង្កាត់បឹងកក់១ ហើយបើទោះជាលោកមិនបាននៅមើលខុសត្រូវក៏មិនភ័យរឿងមេកាបន្លំលុយកាក់ ឬមិនទុកចិត្តអ្នកមើលខុសត្រូវនោះដែរ ដោយសារតែក្នុងហាងរបស់លោកបានដាក់ប្រព័ន្ធតាមដាន ដែលអាចមើលដឹងពីបរិមាណនៃការលក់ចេញ ដោយលោកគ្រាន់តែតាមដាននូវប្រព័ន្ធតាមដាននោះ រួចបូកសរុបលុយកាក់ជាការស្រេច។ លោកថារាល់ថ្ងៃលោកពិតជារវល់នឹងការសម្ដែងរហូតដល់គ្មានពេលមើលខុសត្រូវហាងកាហ្វេរបស់ខ្លួន ប៉ុន្តែសម្រាប់ប្រាក់ចំណូលគឺមិនខុសគ្នានឹងពេលលោកឈរគ្រប់ម៉ោងនៅក្នុងហាងរបស់លោកនោះឡើយ។ លោកប្រកាសចែកហ្វ្រីដល់អតិថិជនដែលគាំទ្រអាជីវកម្មរបស់លោកចាប់ពីថ្ងៃទី១៩ ធ្នូ ដល់ថ្ងៃ២៥ធ្នូ ដែលការប្រកាសពីប្រូម៉ូតហ្សិននេះក៏មានលោកសាន ផានិត ក៏បានចូលរួមជួយផ្សាយផងដែរ។

ជាមួយនឹងការទម្លាយអោយដឹងពីអាជីវកម្មយ៉ាងជោគជ័យរបស់លោកនៅខាងក្រៅសិល្បៈ ទើបម្នាក់យល់ថាតារាសម្ដែង នាយ កង្កែប ឬកាទូនស្មល គឺពិតជាតារាដែលរឹងមាំម្នាក់នូវប្រាក់ចំណូល ដោយសារតែលោកក្រៅពីពឹងលើការសម្ដែងក៏មានប្រាក់កម្រៃពីការបើកហាងកាហ្វេប្រេនៗយ៉ាងកាលីបមិនធម្មតា។ លោក កាទូនស្មល ឬនាយកង្កែប បញ្ជាក់ថា លោកនឹងមានគម្រោងបើកសាខាថ្មីលើអាជីវកម្មនេះ ដោយសារតែក្រោយការដំណើរការគឺទោះជាលោកមិនមានពេលចុះមើលខុសត្រូវ ក៏ប្រព័ន្ធកាមេរ៉ាក្នុងហាង និងប្រព័ន្ធបូកសរុបប្រាក់ចំណូលរបស់លោក នៅតែអាចដឹងពីការប្រតិបត្តិរបស់បុគ្គលិកដោយមិនលំបាក៕

មតិយោបល់