មានការភ្ញាក់ផ្អើលមិនតិចនោះទេ ក្នុងពេលដែលកម្មវិធីប្រឡងចម្រៀងប្រចាំឆ្នាំដ៏ធំរបស់ទូរទស្សន៍បាយ័ន ដែលមានឈ្មោះថាកម្មវិធី«សំនៀងឯក» បញ្ចប់ដោយបេក្ខនារីមកពីខេត្តព្រៃវែងជាអ្នកលើកពាន។ ឱកាសឈ្នះពានរបស់បេក្ខនារីដែលមានសំឡេងល្អរូបនេះ ធ្វើអោយមានការចាប់អារម្មណ៍ដោយភាសាឌឺដងគ្នាភ្លាមៗនៅលើបណ្ដាញហ្វេសប៊ុក ក្នុងន័យ វាយបកទៅអ្នកមួយចំនួនដែលធ្លាប់មាក់ងាយដល់អ្នកព្រៃវែងនាពេលកន្លងមក។
កម្មវិធីដែលបានបញ្ចប់នេះ គឺបានប្រកាសពានទៅអោយបេក្ខនារីមកពីខេត្តព្រៃវែងឈ្មោះ ហ៊ុន សុរន្ត ដោយកញ្ញា គឺជាកូនក្រុមរបស់អ្នកនាង ហុឹម សុីវន តែមិនមែនជាការសម្រេចរបស់គណកម្មការនៅក្នុងកម្មវិធីនោះទេ។ កញ្ញា ត្រូវបានមហាជនបោះឆ្នោតអោយលើកពានកាលពីយប់ថ្ងៃទី៣០ ធ្នូ ដោយទទួលបានពានមួយ ទឹកប្រាក់៥០លានរៀល និងវិញ្ញាប័ណ្ណប័ត្រមួយ អមដោយរង្វាន់លើកទឹកចិត្តមួយចំនួនផ្សេងទៀត។
កម្មវិធីមួយនេះ ត្រូវគេឃើញមានការបង្ហាញអោយដឹងពីតួលេខនៃការបោះឆ្នោតតែម្ដង ដោយកញ្ញាទទួលបានសំឡេងបោះឆ្នោតចំនួន ៦៤៣១ សំឡេងក្នុងចំណោមអ្នកបោះឆ្នោតទាំងអស់ គឺខ្ពស់ជាងបេក្ខជនបេក្ខនារីនៅវគ្គចុងក្រោយទេ ដែលធ្វើអោយគេមើលឃើញពីភាពសុក្រឹតរបស់កម្មវិធី ដែលផ្ទុយពីកម្មវិធីលំដាប់ថ្នាក់ពិភពលោករបស់ហង្សមាស ដែលអះអាងថា បេក្ខជននេះ និងបេក្ខជននោះកាន់ពាន ដោយសារតែមានអ្នកបោះឆ្នោតអោយ តែមិនមានការបង្ហាញសំឡេងបោះឆ្នោតជាសាធារណៈ ហើយធ្វើអោយអ្នកកាន់ពានមួយចំនួនរងការរិះគន់ថា បានក្លាយជាម្ចាស់ពានក្រោមការចាត់ចែងរបស់ហង្សមាស ច្រើនជាងបានពីការបោះឆ្នោត។
មកទល់ពេលនេះ ម្ចាស់ពានសំនៀងឯក កញ្ញា ហ៊ុន សុរន្ត ត្រូវបានមហាជន ផ្តោតការសរសើរយ៉ាងខ្លាំង ដោយសារតែកញ្ញាគឺជាបេក្ខនារី មកពីខេត្តព្រៃវែង និងជាបេក្ខនារី ដែលកាន់ពានក្រោមសំឡេងបោះអោយពិតប្រាកដរបស់មហាជន ដែលផ្ទុយពីម្ចាស់ពានមួយចំនួនដែលក្រោយពីប្រកាសថាជាប់ពានដោយការបោះឆ្នោតក៏មានការរិះគន់ផ្ទុះឡើង ដូចជាករណី ថៃ ពេជ្រ ក្នុងកម្មវិធី The Vioce Kid Cambodia ជាគំរូ៕
https://youtu.be/Xzxp1OMs4uo
មតិយោបល់