ទើបតែស្ងប់ការរិះគន់រឿងធ្វើសក់ក្នុងMVថ្មីដោយចម្លងតាម តារាបរទេស ចាស្ទីន និងរឿងចេញបទ”ក្បាច់ពស់” ចម្លងតាមបរទេសសោះ ពេលនេះតារាចម្រៀង លោក ខេមរៈ សិរីមន្ត ត្រូវអ្នកលេងហ្វេសប៊ុក ពិសេសលោកម៉ៃ សុគន្ធ ផ្ទាល់ វាយប្រហារទៀតហើយ ជាមួយនឹងបទថ្មីរបស់លោកក្រោមចំណងជើងថា”អនុស្សាវរីយ៍បាត់ដំបង”។ នៅលើបណ្ដាញហ្វេសប៊ុក ត្រូវគេឃើញមានការរិះគន់គួរឲ្យចាប់អារម្មណ៍តែម្ដង ដោយការរិះគន់នេះ បានទាំងធ្វើឲ្យការរិះគន់មុនៗ កំរើកជាថ្មីព្រមគ្នាផង។
អ្នកលេងហ្វេសប៊ុក បូករួមទាំងលោក ម៉ៃ សុគន្ធ ផង បានសរសេរថា បទ”អនុស្សាវរីយ៍បាត់ដំបង” របស់លោក ខេមរៈ សិរីមន្ត កំពុងបំពានសិទ្ធិម្ចាស់ដើមឡើងចាស់ដៃ ដោយសារបទដែលបកស្រាយដោយលោកបានកែទំនុកច្រៀងផ្នែកខ្លះ ដែលធ្វើឲ្យក្មេងជំនាន់ក្រោយលែងស្គាល់ពីបទសម្រៀងដើមរបស់ម្ចាស់ដើម។ លោក ម៉ៃ សុគន្ធ ថា ការស្រង់យកបទដើមមកបកស្រាយរបស់លោក បានជួយឲ្យបទមួយនេះ ត្រូវគាស់ជាថ្មី ដើម្បីឲ្យក្មេងជំនាន់ក្រោយស្គាល់បទ”អនុស្សាវរីយ៍បាត់ដំបង” ប៉ុន្តែជារឿងគួរឲ្យស្ដាយដែលបទនេះត្រូវបានកែប្រែប៉ារ៉ូលមួយចំនួនខុសពីបទម្ចាស់ដើម។ លោក ម៉ៃ សុគន្ធ បានហៅបទនេះរបស់លោក ខេមរៈ សិរីមន្ត ជាការបំភ្លៃការពិត និង ជាការរំលោភលើខ្លឹមសាររបស់បទដើម។ ការរិះគន់នេះ បានធ្វើឲ្យលោកខេមរៈ សិរីមន្ត រងការរិះគន់ជាថ្មី បន្ទាប់ពីលោកហក់ចូលផលិតកម្មហង្សមាស ហើយចេះតែមានករណីរិះគន់បន្តបន្ទាប់ តាំងពីលេងម៉ូដសក់ និង ក្បាច់រាំជាដើម។ យ៉ាងណាមិញ ពាក់ព័ន្ធនឹងការរិះគន់ ដែលទើបឃើញកំរើកជាថ្មីនេះ នៅមិនទាន់ឃើញប្រតិកម្មពីលោក និងបងប្រុសគឺលោក ខេមរៈ ភារុណ ព្រមទាំងផលិតកម្មដែលលោកច្រៀងបទនេះឲ្យនៅឡើយទេ៕
https://youtu.be/fwQzKRjAIbI
មតិយោបល់