ព័ត៌មានសិល្បៈ និងកម្សាន្ត

តារាមួយក្រុម កូរផ្អើលពលករនៅប្រទេសថៃ

ពេញមួយរសៀលថ្ងៃទី ៦ មករា អង្គការខ្ញុំ ក្រោមការសហការរបស់គ្រួសារតារាកម្ពុជា និងតំណាងពលករនៅក្នុងរោងចក្រធំមួយនៅក្នុងប្រទេសថៃ បានទទួលជោគជ័យយ៉ាងខ្លាំងក្នុងការប្រគំតន្ត្រី ដើម្បីអោយពលករខ្មែរនៅខេត្តនគររាជសីម៉ារាប់រយនាក់ បានរាំសប្បាយ ក្នុងឱកាសស្វាគមន៍ដើមឆ្នាំ២០១៨ ដែលទើបមកដល់។ តារាទាំងនោះ ត្រូវគេឃើញច្រៀងផង រាំផង កូរឡើងផ្អើលក្រុមពលករដែលបម្រើការនៅក្នុងរោងចក្រធំមួយ រហូតធ្វើអោយម្នាក់សប្បាយនឹងរាំរែកយ៉ាងពេញទំហឹងនោះផង។

លោក ស៊ុមឆៃ តំណាងពលករខ្មែរនៅខេត្តនគររាជសីម៉ា បានអះអាងថា ក្នុងចំណោមពលករខ្មែរ ដែលបានបម្រើការនៅក្នុងរោងចក្រនៅក្នុងប្រទេសថៃ មិនសុទ្ធតែមានឱកាសមកលេងស្រុកកំណើតជារៀងរាល់ឆ្នាំ និងមានឱកាសបានជួបជុំគ្នា ជាលក្ខណៈមហាគ្រួសារខ្មែរនោះទេ ទើបវត្តមានរបស់តារាៗពីប្រទេសកម្ពុជា ដែលបានទៅស្ម័គ្រចិត្តទៅច្រៀងនៅក្នុងពិធីជប់លៀងប្រចាំឆ្នាំដែលបានធ្វើឡើងក្រោមការសហការរបស់អង្គការពីប្រទេសកម្ពុជា និងក្រុមពលករនៅក្នុងប្រទេសថៃនោះ គឺជារឿងកម្រមួយដែលមិនធ្លាប់កើតឡើង។ លោកថាពិធីជប់លៀងឆ្លងឆ្នាំនៅក្នុងប្រទេសថៃ រមែងត្រូវបានធ្វើឡើងនៅគ្រប់រោងចក្រ ប៉ុន្តែភាគីខាងអ្នករៀបចំមិនដែលមានឱកាសទទួលបានតារាចម្រៀងជាជនជាតិកម្ពុជា មកពីប្រទេសកម្ពុជា មកច្រៀងរាំដោយផ្ទាល់នោះទេ គឺមានតារាចម្រៀងរបស់ក្រុមថៃច្រៀងរាំអោយស្ដាប់ប៉ុណ្ណោះ។ គឺជាលើកទី១ ដែលលោកស្មើមកកាន់អង្គការខ្ញុំខ្មែរ ដែលតែងមានសកម្មភាពសប្បុរសធម៌នៅក្នុងប្រទេសថៃ តាមរយៈការអញ្ជើញតារាខ្មែរមកច្រៀងក្នុងកម្មវិធីសប្បុរសធម៌កន្លងមក ហើយក៏បានទទួលចាត់ចែងជួយខាងតារាចម្រៀងពីកម្ពុជា តាមសំណូមពរពីក្រុមពលករខ្មែរ ដោយមានតារាៗមួយចំនួនពីគ្រួសារតារាកម្ពុជាចូលរួមផង។ លោកពលករភាគច្រើនចង់ស្ដាប់បទចម្រៀងខ្មែរក្នុងពិធីជប់លៀង និងចង់ជួបដោយផ្ទាល់នូវតារាចម្រៀងមកពីដែនដីកំណើតណាស់ ប៉ុន្តែមកពីគ្មានលទ្ធភាពចំណាយលុយ ទើបរាល់កម្មវិធីឆ្លងឆ្នាំប្រវចាំរោងចក្រម្ដងៗ មានតែវត្តមានរបស់តារាថៃ ដែលស្ម័គ្រចិត្តចូលរួម។

លោកថាពលករភាគច្រើន ចង់អោយមានវត្តមានតារាខ្មែរមកចូលរួមបែបនេះរាល់ឆ្នាំ បើទោះជាតារាដែលបានបង្ហាញខ្លួន មិនមែនជាតារាល្បីៗដែលពួកគេបានស្គាល់ សំខាន់អោយតែអសចបកស្រាយបទចម្រៀងបែបខ្មែរ ដើម្បីអោយពលករដែលចូលរួមរាំបាន។ លោកថានៅក្នុងពិធីនោះ គ្រាន់តែចង់បំបាត់ការនឹកស្រុកតរបស់ពលករខ្មែរ នៅក្នុងឱកាសឆ្លងឆ្នាំ អោយបាត់នឹកស្រុកខ្មែរ ក្នុងការឃ្លាតឆ្ងាយភូមិស្រុក ជាពិសេសអ្នកមិនបានទៅលេងស្រុកកំណើតញឹកញាប់ប៉ុណ្ណោះ ប៉ុន្តែដើម្បីបានរួមចំណែកជាមួយបងប្អូនខ្វះខាតនៅកម្ពុជា ទើបមានការផ្ដល់ជាថវិកាដោយគ្មានគម្រោងទុក ដើម្បីប្រគល់ជូនអង្គការខ្ញុំខ្មែរ អោយប្រើប្រាស់ក្នុងកិច្ចការសប្បុរសធម៌នានា។

លោក Aten ជានិច្ច ម្ចាស់អង្គការខ្ញុំខ្មែរ និងជាអ្នកចំណាយការអញ្ជើញតារាៗពីប្រទេសកម្ពុជា ក្រោមការចាប់ដៃជាមួយគ្រួសារតារាកម្ពុជា បានអះអាង ដោយសារតែមានសំណូមពរ ហើយក៏ចង់អោយបងប្អូនពលករនៅក្នុងប្រទេសថៃ ក្រោមការគ្រប់គ្រងរបស់តំណាងពលករលោក ស៊ុមឆៃ ទទួលបានភាពរីករាយ ជាមួយតារាចម្រៀងខ្មែរ ទើបលោកសម្រេចចិត្តរៀបចំការចាត់ចែងនោះ ដោយការរ៉ាប់រងលើតារាពីកម្ពុជា ដែលស្ម័គ្រចិត្តទៅជួយគឺជាបន្ទុកផ្ទាល់ខ្លួនរបស់លោក។ លោកមានបំណងតែមួយគត់ គឺចង់អោយពលករខ្មែរបានញញឹម បានសប្បាយ ក្នុងឱកាសឃ្លាតស្រុក ហើយអ្វីដែលលោកចង់បាន ក៏ចង់ដឹកនាំតារាមួយចំនួនពីប្រទេសកម្ពុជា អោយមានឱកាសបានឃើញដោយផ្ទាល់ពីការរស់នៅ និងពីសភាពរបស់ពលករខ្មែរនៅក្នុងប្រទេសថៃ។

លោកថាខ្លួនឧស្សាហ៍រៀបចំកម្មវិធីជួយសង្គមនៅក្នុងប្រទេសថៃ ទើបមានសំណើរអោយលោក ជួយអោយបងប្អូនពលករនៅក្នុងប្រទេសថៃ បានរាំដោយផ្ទាល់ និងបានច្រៀងដោយផ្ទាល់ ដូចការលើកឡើងរបស់លោក ស៊ុមឆៃ។ លោកបានកោតសរសើរចំពោះប្អូនៗពលករខ្មែរ ដែលមិនមែនជាអ្នកមានទេ ហើយក៏មើលទៅមានស្ថានភាពរកលុយរកកាក់ដោយមិនស្រួលនោះដែរ ប៉ុន្តែនៅឆ្លៀតបរិច្ចាគថវិកាសរុបបានប្រមាណ៩ពាន់បាត អោយអង្គការរបស់លោកតម្កល់ទុក។ លោកថាកន្លងមកអង្គការរបស់លោ្រមែងរៀបចំការប្រគំតន្ត្រីដើម្បីស្វែងរកមូនិធិជួយដល់ជនក្រីក្រនៅកម្ពុជា ប៉ុន្តែសម្រាប់ការប្រគំតន្ត្រីអបអរឆ្នាំថ្មីនៅក្នុងតំបន់រោងចក្រមួយនេះ គឺមិនមានគម្រោងស្វែងរកមូលនិធិនោះទេ គឺគ្រាន់តែចង់ជួយអោយពលករខ្មែបានសប្បាយប៉ុណ្ណោះ តែដោយមានការសំណូមពរលើការបរិច្ចាគទើបលោកកោតសរសើរទឹកចិត្តពលករខ្មែរ បើទោះជាថវិកានោះមិនច្រើន។

លោកនឹងយកថវិកានេះទៅជួយលើគម្រោងស្ត្រីក្រីក្រ និងកុមារកំព្រា ដូចដែលអង្គការធ្លាប់ប្រើក្នុងពេលបន្តបន្ទាប់។ លោកក៏បានប្រកាសថានឹងជួយរៀបចំកម្មវិធីបែបនេះរាល់ឆ្នាំដើម្បីលើកទឹកចិត្តដល់ពលករខ្មែរនៅក្នុងប្រទេសថៃផងដែរ។

គួរបញ្ជាក់ថា តារាកម្ពុជាដែលបានទៅច្រៀងនៅទីនោះ សុទ្ធតែបានអ្នកចូលរួមអោបថើប និងស្វាគមន៍យ៉ាងមានកិត្តិយសលើសពីការបង្ហាញខ្លួនរបស់តារាទាំងនោះនៅក្នុងកម្មវិធីខ្លះនៅក្នុងស្រុកឆ្ងាយណាស់។ ជាក់ស្ដែងក្រុមពលករខ្មែរ ក៏បានឡើងរាំយ៉ាងណែនវេទិកា ធ្វើអោយតារាដែលបានបង្ហាញខ្លួនកាន់តែមានកម្លាំងចិត្តនោះផង។ តារាដែលបានទៅច្រៀងនៅទីនោះរួមមាន កញ្ញា អ៊ុង នីនិច លោក ស៊ឹម ស៊ីណាត ក្រុមចម្រៀងរបស់អ្នកនាងខាត់ សុឃីម សមាជិកគ្រួសារតារាកម្ពុជា និង លោក ហាក់ ធៀនមុន្នី និង លោក ខៀវ ប៊ុនលាភ ព្រមទាំងតារាចម្រៀងមួយចំនួនទៀតរបស់ផលិតកម្ម E Nation, C2Go របស់អង្គការខ្ញុំខ្មែរតែម្ដង៕

មតិយោបល់