ក្នុងជំនួបដោយផ្ទាល់ក្នុងពិធីក្រុងពាលីរឿង«ដួងច័ន្ទ ដួងចិត្ត» តារាសម្ដែងវ័យក្មេង ដែលត្រូវគេស្គាល់ថាជំនាញខាងសម្ដែងឆ្នាស់ឆ្នើម និងស៊ិចស៊ី គឺ កញ្ញា លឹម មួយហ្គិច បានស្នើអោយតារាសម្ដែង ផលិតករ និងអ្នកកាសែតដែលបានជួបនាង ជួយហៅនាងថា ស្រីកែវ ដែលឈ្មោះនេះគឺខុសទាំងស្រុង ពីឈ្មោះដែលគេធ្លាប់ហៅនាង។ មានមូលហេតុធំមួយ ដែលធ្វើអោយនាងសម្រេចចិត្តត្រូវតែដាក់ឈ្មោះថ្មីនោះ ដោយនាងបញ្ជាក់ថា បើមិនប្ដូរឈ្មោះចាស់ទេ គឺនាងពិតជាមិនដល់គោលដៅ។
កញ្ញា លឹម មួយហ្គិច បានអះអាងថា ចាប់ពីពេលនេះតទៅ នាងមហាជន និងអ្នកនៅជុំវិញខ្លួន ហៅនាងថា «បូជនីកែវ ឬ ស្រីកែវ» ដោយសារតែមុននេះបន្តិចមានព្រះសង្ឃមួយអង្គបានស្នើអោយនាងដាក់ឈ្មោះនេះវិញ បើទោះជាទម្រង់មុខរបស់នាងត្រូវគេមើលឃើញថាមានភ្នែកតឹងៗ និងទម្រង់បែបកាត់ចិន សមនឹងឈ្មោះមួយហ្គិច ដែលនាងបានប្រើ។
នាងថាឈ្មោះកំណើត នាងមិនលុបចោលទេ ដោយសារតែមានការកំណត់នៅក្នុងឯកសារផ្លូវការរួចអស់ទៅហើយ តែនាងនឹងកំណត់ឈ្មោះហៅក្រៅថាស្រីកែវ អោយបានទូលំទូលាយ ដើម្បីអោយដូចនឹងការទស្សន៍ទាយរបស់ព្រះសង្ឃ ដែលស្នើអោយនាងត្រូវតែប្រើឈ្មោះថ្មីនោះ។ នាងមានអ្នកទស្សន៍ទាយអោយនាងច្រើននាក់មកហើយ គឺមិនមែត្រឹមតែព្រះសង្ឃដែលបានតម្រូវអោយនាងប្ដូរឈ្មោះនោះទេ ហើយបណ្ដាលមកពីការលើកឡើងរបស់ព្រះអង្គគឺត្រូវភាគច្រើន ទើបនាងសម្រេចចិត្តដាក់ឈ្មោះហៅក្រៅថាស្រីកែវៗតែម្ដង ដើម្បីគេចផុតពីការលុបឈ្មោះចាស់ ដែលតម្រូវអោយដូរឯកសារច្រើនផ្នែក ហើយមានភាពស្មុគស្មាញ។
នាងសម្រេចអោយអ្នកសិល្បៈ ហៅនាងថាស្រីកែវ ដោយស្នើមិនអោយបន្តហៅឈ្មោះចាស់ទៀតទេ ដោយសារតែតាមបណ្ដាំព្រះសង្ឃ លោកថាឈ្មោះចាស់គឺពិបាកជោគជ័យក្នុងកិច្ចការងារ ជាពិសេសគឺការងារសិល្បៈតែម្ដង។ នាងបានពន្យល់ថារយៈពេលចុងក្រោយ នាងបានថតរឿងមិនក្រោម១០រឿងនោះទេ ដោយការងារជាពិធីការិនីក៏មានច្រើនដែរ នៅគ្រប់កម្មវិធីជិតឆ្ងាយ ប៉ុន្តែមានមនុស្សតិចណាស់ដែលបានកត់សម្គាល់ពីការរីកចម្រើនរបស់នាងនៅក្នុងសិល្បៈ រហូតសឹងនឹងធ្វើអោយនាងមានភាពអស់សង្ឃឹមនោះផង ជាពិសេសក្នុងពេលដែលខំតស៊ូប្រឡូកសិល្បៈយ៉ាងសកម្មមកហើយនៅតែមិនទាន់ដល់គោលដៅ។
នាងថា ព្រះសង្ឃបានកំណត់អោយនាងដាក់ឈ្មោះថាស្រីកែវ បើនាងចង់បានជោគជ័យនៅក្នុងសិល្បៈ និងចង់អោយមានការរីកចម្រើននៅក្នុងជីវិត អ៉ីចឹងហើយទើបនាងសម្រេចចិត្តបន្ថែមឈ្មោះថ្មី ដោយធីបទុកឈ្មោះចាស់សម្រាប់ប្រើតែក្នុងការសិក្សា និងការងារខាងក្រៅប៉ុណ្ណោះ ចំណែកនៅក្នុងសិល្បៈគឺនាងនឹងដាក់ឈ្មោះស្រីកែវ តាមសង្ឃដីការបស់ព្រះសង្ឃ ដោយសារតែនាងក៏ជឿជាក់ថាការសម្រេចយកឈ្មោះថ្មីគឺពិតជាធ្វើអោយនាងឈានឡើងនៅក្នុងសិល្បៈ។
លឹម មួយហ្គិច ហៅស្រីកែវ និយាយថា ក្រៅពីការងារសិល្បៈ នាងក៏ខំស្រវាស្រទិញក្នុងមុខជំនួញលក់សម្លៀកបំពាក់យកមកទប់នឹងការចំណាយក្នុងការងារសិល្បៈផងដែរ ទើបនាងត្រូវគេឃើញមានភាពហ៊ឺហារឡូយឆាយ បើធៀបនឹងតារាសម្ដែងផ្សេងទៀត ។ នាងអះអាងថាភាពមានបានរបស់នាង មិនមានការជ្រោមជ្រែងពីអ្នកមានណាទេ ហើយនាងក៏មិនខ្វល់នោះដែរ ក្នុងពេលដែលនាងក៏មានទីផ្សារផ្នែកសិល្បៈឈានឡើង ហើយក៏មានមុខជំនួញក្នុងដៃដែលមិនពិបាករឿងចំណូល។ នាងថាមកពីនាងមិនចង់ស្អុយឈ្មោះក្នុងរឿងមានអ្នកចិញ្ចឹមនោះហើយ ទើបនាងសម្រេចចិត្តដាក់ឈ្មោះថាស្រីកែវ ដើម្បីអោយមានរាសី និងជោគជ័យក្នុងជីវិត៕
មតិយោបល់