កណ្ដាលៈ នៅវេលាម៉ោង១ និង១៥នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី៨ ខែមករា ឆ្នាំ២០១៧ មានករណី ហិង្សាដោយចេតនាមួយ កើតទ្បើងត្រង់ចំណុចចិញ្ចើមផ្លូវជាតិលេខ៤ ភូមិចុងបង្គោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។
ជនរងគ្រោះម្នាក់ ឈ្មោះ នួន សុជា ភេទប្រុស អាយុ ៣៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបរ នៅភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល (រងរបួសដេរ៤០ថ្នេរ) រីឯជនសង្ស័យចំនួន៣នាក់ ទី១.ឈ្មោះ រស់ ចំរ៉ុង ហៅញ៉ាញ់ ភេទប្រុស អាយុ២៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងជុសជួលម៉ូតូ ស្នាក់នៅភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល (ឃាត់ខ្លួន) ទី២.ឈ្មោះ ម៉ាច និត ភេទប្រុសអាយុ
២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងជួសជុលម៉ូតូ នៅភូមិថ្មី ឃុំបែកចានស្រុកអង្គស្នួល ខេត្តកណ្តាល (ឃាត់ខ្លួន) និងទី៣.ឈ្មោះ តាត ចាន់ធឿន ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្រប់គ្រងផ្ទះម៉ាស្សា យីហោ ៣៣៣នៅភូមិ ព្រៃសំរោង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល (ឃាត់ខ្លួន)។
វត្ថុតាងចាប់យករួមមាន ដែកបំពង់ជ្រុងចំនួន០២ដើម អំបោសដងឫស្សីមូលចំនួន០១។
តាមសមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ នួន សុជា បានរបួស ថ្ពាល់ខាងស្តាំដេរចំនួន៤០ថ្នេរ (ដេរ០៣ជាន់) រីឯឈ្មោះ តាត ចាន់ធឿន មានស្នាមជាំកំភួនដៃខាងឆ្វេងនិងខ្នង។
ប្រភពដដែរ បានបន្ថែមថានៅមុនពេលកើតហេតុ ជនរងគ្រោះបានឈ្លោះគ្នាជា១ស្រីម៉ាស្សាម្នាក់ ឈ្មោះតុង ចំរើន ហៅយូរី ភេទស្រីអាយុ២៨ឆ្នាំ ហើយជនរងគ្រោះ បានទះលើឈ្មោះតុង ចំរើន មួយកំភ្លៀង និងដើរមកខាងក្រៅ ទើបឈ្មោះ តាត ចាន់ធឿន ជាអ្នកគ្រប់គ្រងដើរមកសួរថា អាអូនមានរឿងអី បានជាវាយមនុស្សស្រី ហើយកៀកកឲ្យចូលខាងក្នុងជជែកគ្នា ពេលនោះជនរងគ្រោះ មិនព្រមចូលដោយច្រាន ខ្លួនយ៉ាងខ្លាំង ទើបខ្លួនខឹងវាយជនរងគ្រោះមួយដៃ។ ពេលនោះជនរងគ្រោះ ទៅបាត់ប្រហែលមួយម៉ោង ក្រោយមកជនរងគ្រោះត្រឡប់មកវិញ បានយកដែកថ្នាំងអំពៅ មកវាយលើខ្លួនជាច្រើនដែក បណ្តាលឲ្យធ្លាក់ចូលប្រឡាយ ហើយត្រូវចំខ្នង និងដៃខាងធ្វេង។
ដោយទ្បែកតាមការបំភ្លឺរបស់ជនរងគ្រោះ បានឆ្លើយថា ខ្លួនត្រឡប់មកវិញ ហើយយកដែកថ្នាំអំពៅមកតាម ហើយបានវាយទៅលើឈ្មោះ តាត ចាន់ធឿនមែន តែវាយមិនត្រូវទេ ដោយឈ្មោះ តាត ចាន់ធឿន ភ័យខ្លាចក៏ថយក្រោយ ធ្លាក់ប្រឡាយទឹក។
ចំណែកចម្លើយសារភាពរបស់ឈ្មោះ រស់ ចំរ៉ុង ហៅញ៉ាញ់ បាននិយាយថា ខ្លួនបានយកដាវមកកាប់លើជនរងគ្រោះ១ដាវ ហើយបោះដាវនោះចោល រីឯចម្លើយឈ្មោះ ម៉ាច និត ភេទប្រុស អាយុ២៣ឆ្នាំ បានសារភាពថា ខ្លួនបានកាន់ដែកទីបជ្រុងមែន តែមិនបានវាយទេ។
បច្ចុប្បន្នជនបង្កទាំង៣ ត្រូវបានសម្ថកិច្ចឃាត់ខ្លួននៅប៉ុស្តិ៍ ដើម្បីចាត់ការតាមនិតិវិធី៕
មតិយោបល់