មកទល់ពេលនេះតារាចម្រៀងស៊ិចស៊ី កញ្ញា ម៉ូលីកា ដែលត្រូវគេស្គាល់ថាជាតារាចម្រៀងប្រចាំផលិតកម្មរ៉ុក បានសារភាពថាអាជីពចម្រៀងរបស់នាងហាក់មិនសូវលេចធ្លោរតាមការចង់បាននោះទេ បើទោះជានាងប្រឹងច្រៀង និងប្រឹងបញ្ចេញភាពស៊ិចស៊ី ដើម្បីទាក់ភ្នែកមហាជន។ យ៉ាងណាមិញ នាងបានសម្រេចចិត្តកែប្រែជោគវាសនា តាមរយៈចំណាយលុយលើកខ្ទង់ច្រមុះអោយមានហុងស៊ុយ ដោយតាំងពីលើកសម្រស់ដោយមានច្រមុះថ្មីមក ក្រៅពីទទួលបានការចាប់អារម្មណ៍ជាងមុន ក៏រកចំណូលបានមិនគួរអោយជឿផងដែរ តាមអនឡាញ។
កញ្ញា ម៉ូលីកា បានសារភាពថា តាំងពីនាងហ៊ានកែច្រមុះ រូបនាងពិតជាមានយីអ៊ុនខុសប្លែកជាងមុនប្រាកដមែន ដោយការងារសិល្បៈ ក៏ចាប់ផ្ដើមមានការផ្ដល់ឱកាសជាងមុន ហើយបើនិយាយពីសកម្មភាពរបស់នាងនៅលើហ្វេសប៊ុក ក៏រកលុយបានដោយមិនបាច់ខំខុសពីមុន។ នាងថាកន្លងមកនាងចង់កែទម្រង់មុខ និងច្រមុះអោយខ្ពស់ត្រូវនឹងក្បួនខ្លាំងណាស់ ប៉ុន្តែមកពីនាងចេះតែខ្លាចមុខម្ជុល ហើយមិនចង់អោយមានបញ្ហាក្រោយការវះកាត់ ទើបនាងបានត្រឹមតែលេងខ្លួនស៊ិចស៊ី ហើយឡូយឆាយដើម្បីទាក់ទាញទីផ្សារចម្រៀង។
យ៉ាងណាមិញ នាងនៅតែជៀសមិនផុតពីការផ្លាស់ប្ដូរផ្នែកខ្លះនៅលើរង្វង់មុខដដែល ជាពិសេសក្រោយពីមានគេប្រាប់ថាបើនាងលើកខ្ទង់ច្រមុះអោយខ្ពស់ គឺនឹងមានហុងស៊ុយ ក៏សម្រេចចិត្តកែប្រែជោគវាសនាតាមតែម្ដង។
នាងថារាល់ថ្ងៃ នាងគឺជាអ្នកលក់ដូរផលិតតាមអនឡាញ រួមមានផលិតផលម្សៅ និងឡេជាដើម ហើយចាប់តាំងពីបានកែខ្ទង់ច្រមុះដោយការវះគាត់ គឺមានការកុម្ម៉ង់កើនឡើងស្ទើរមិនគួរអោយជឿ ជាក់ស្ដែងតាំងពីនាងកែច្រមុះ ហើយចេញមុខឃោសនានៅលើហ្វេសប៊ុកមក គឺមាននអណិកជនខ្មែរនៅបរទេសច្រើនរាល់ថ្ងៃ កុម្ម៉ង់ទិញផលិតផលរបស់នាងបណ្ដាក់គ្នា ដោយមានទាំងអ្នកទាក់ទងជាលក្ខណៈឯកជនផង។
នាងថា កាលពីមុននាងគ្រាន់តែឃោសនាលក់ជ្រក់ជើងមាន់តែប៉ុណ្ណោះ តែក្រោយសារតែចង់វិវឌ្ឍន៍ខ្លួនទើបនាងបែកគំនិតលក់ផលិតផលថែរក្សាសម្រស់ បន្ថែមពីលើការងារច្រៀងរាំនៅក្នុងផលិតកម្មរ៉ុក។ យ៉ាងណាមិញ នាងទទួលស្គាល់ថាមុនពេលដែលនាងសម្រេចចិត្តកែច្រមុះ អាជីវកម្មរបស់នាងហាក់មិនសូវកាក់កបប៉ុន្មានទេ គឺទើបតែសម្រេចចិត្តត្រូវស្នាមកាំបិតនាមុននេះប៉ុណ្ណោះ ដែលនាងសម្គាល់ថារៀងមានហុងស៊ុយប្លែកតែម្ដង ដោយសារតែផលិតផលស្ទើរគ្រប់មុខរបស់នាងរួមមាន ថ្នាំលាបឲ្យស្បែកស្អាត ថ្នាំធ្វើអោយរាងស្លីម ថ្នាំបំបាត់មុន បំបាត់ជាំ ថ្នាំសម្រករាង ថ្នាំបណ្តុះសក់ ពន្លូតកម្ពស់ ឡេលាបស្បែកជាដើម មានការកុម្ម៉ង់ច្រើនហួសលើសពីការស្មាន ដោយភាគច្រើនគឺជាអណិកជនខ្មែរនៅក្រៅប្រទេសតែម្ដង។
នាងថាតាំងពីកែច្រមុះ នាងត្រូវបង្កើនការនាំចូលផលិតផលពីថៃ កូរ៉េ ជប៉ុន និងអាមេរិកជាដើមច្រើនឡើង ដើម្បីបំពេញសេចក្ដីត្រូវការ ប៉ុន្តែនាងនៅមិនទាន់សម្រេចចិត្តបើកហាងអោយធំនោះទេ ដោយសារតែគ្មានពេលមើលការខុសត្រូវ។ ជាមួយគ្នានោះ នាងក៏ប្រកាសវាយលុកទីផ្សារចម្រៀងអោយខ្លាំងផងដែរ តាមរយៈការបែងចែកពេលវេលាឡើងឆាកទូរទស្សន៍ និងកម្មវិធីប្រគំតន្ត្រីអោយបានច្រើន ព្រមជាមួយនឹងការត្រៀមចេញបទចម្រៀងផ្ទាល់ខ្លួននៅដើមឆ្នាំ២០១៨នេះ៕
មតិយោបល់