ព័ត៌មានសិល្បៈ និងកម្សាន្ត

បញ្ចប់ការសម្ដែងជំនួសទៅប្រកួតនៅម៉ាឡេស៊ី! តន្ត្រីករ និង អ្នកចម្រៀង ប្រកាសចេញដណ្ដើមពានជាថ្មី

កាលពីថ្ងៃទី២៣ កុម្ភ: ឆ្នាំ២០២០ បេក្ខភាពកម្ពុជា ចំនួន៤២រូប ដែលត្រូវចេញទៅប្រកួតដណ្ដើមពានអន្តរជាតិនៅក្នុងប្រទេសម៉ាឡេស៊ី បង្វែរមកជាការសម្ដែង នៅក្នុងស្រុកជំនួសវិញ ដោយសារតែការផ្ទុះឡើងនៃជំងឺកូរ៉ូណា។ ក្រោយការសម្ដែង ដែលមានអ្នកទស្សនាជាអ្នកមានកិត្តិយ សប្រមាណជាង២០០នាក់ អមដោយការទទួលបាននូវមេដាយមាសលើកទឹកចិត្តម្នាក់១ផង អ្នករៀបចំកម្មវិធីប្រកាសថា ខ្លួននឹងបន្ដដឹកនាំតន្ត្រីករ និង អ្នកចម្រៀងឆ្នើមៗរបស់កម្ពុជា ដែលខកខានមិនបានដណ្ដើមពាន នៅម៉ាឡេស៊ីទាំងនេះ ទៅប្រកួតលើឆាកអន្តរជាតិទៀតនៅឆ្នាំក្រោយ ដោយមិនបង់មហិច្ឆតានោះទេ។

លោក សូ ស្រណោះ និយាយថា ដោយសារតែលោក និង អាណាព្យាបាលសិស្ស សុទ្ធតែមុនចង់ប្រថុយប្រថាន នឹងការផ្ទុះឡើងនៃជំងឺកូរ៉ូណា ដែលកំពុងវាយលុក និង ចង់លើកទឹកចិត្តឲ្យកូនសិស្សទាំង៤២នាក់ ដែលខំប្រឹងហ្វឹកហាត់ចម្រៀង និង តន្ត្រីរហូតដល់៥ខែ តែបែរជាមិនបានចេញទៅដណ្ដើមពាននោះ ទើបលោករៀបចំជាការសម្ដែងទ្រង់ទ្រាយធំ នៅក្នុងស្រុកជំនួសវិញ ដើម្បីបង្ហាញថា បេក្ខភាពរបស់កម្ពុជាទាំង៤២រូប ដ្បិតថាមិនបានចេញប្រកួត តែក៏មានសមត្ថភាពខ្លាំងៗ តាមជំនាញរៀងខ្លួន ក្រោយការបង្វឹកផងដែរ។
លោកថាក្មេងៗដែលមានឈ្មោះ ត្រូវទៅប្រកួត នៅក្នុងប្រទេសម៉ាឡេស៊ី តែខកខានទាំងនោះ សុទ្ធសឹងតែបានឆ្លងកាត់ការបង្ហាត់បង្រៀនជាច្រើនឆ្នាំនៅក្នុងសាលាស្រណោះតន្ត្រី និងត្រូវបានប្រទ្បងជ្រើសរើស ដោយគណកម្មការជំនាញ ទើបលោកក៏សម្ដែងអារម្មណ៍សោកស្ដាយដូចគ្នា ដែលបេក្ខភាពទាំងនោះ ខកខានក្នុងការប្រកួតយកពានអន្តរជាតិ។ លោកបានទាំងបង្ហាញក្ដីសង្ឃឹមថា ប្រសិនបើបេក្ខភាពទាំងនេះ មានឱកាសចេញទៅម៉ាឡេ គឺនឹងឈ្នះពានមាស និង ពានផ្សេងៗមកកាន់កម្ពុជាវិញ មិនតិចជាងពាក់កណ្ដាលនោះផង ដោយសារតែពេលកន្លងមក លោកធ្លាប់បានដឹកនាំក្មេងៗទាំងនេះ ទៅប្រទ្បងចម្រៀង និងតន្ត្រី លើឆាកអន្តរជាតិ គឺឈ្នះបានពានមាសជារឿយៗ។

ងាកមកការសម្ដែងជាជំនួស នៅក្នុងស្រុកនេះវិញ លោក សូ ស្រណោះ បញ្ជាក់ថា លោកពិតជាមានមោទនភាព ដែលក្មេងៗទាំងនោះ បង្ហាញសមត្ថភាពបានល្អ ខណ:ដែលភ្ញៀវកិត្តិយស ប្រមាណជាង២០០នាក់ មកពីស្ថាប័នផ្សេងៗ រួមមានតំណាងអង្គទូត ដែលបានចូលរួម ជាពិសេសគឺអាណាព្យាបាល ដែលឃើញការបង្ហាញទេពកោសល្យរបស់កូនខ្លួនបានល្អ គឺសប្បាយចិត្ត បើទោះមិនមែនជាការបង្ហាញសមត្ថភាពលើឆាកអន្តរជាតិ។
លោកថាឆ្នាំក្រោយ បេក្ខភាពទាំងនេះ នឹងនៅតែត្រៀមទៅប្រកួតដណ្ដើមពាន នៅក្រៅប្រទេសដដែល ដើម្បីបង្ហាញថាវិស័យតន្ត្រី និងចម្រៀងរបស់កម្ពុជា មានការរីកចម្រើន៕

មតិយោបល់