ព័ត៌មានសិល្បៈ និងកម្សាន្ត

ស៊ូ ស៊ីរីកា ត្រូវបានប្រកាសជា តំណាងព្រឹត្តិការណ៍មហោស្រពកវីនិពន្ធ !

នៅក្នុងពិធីសន្និសីទសារព័ត៌មាននៅផ្សារកុងតឺណឺទួលសង្កែ កាលពីថ្ងៃទី៩ មករា អ្នករៀបចំព្រឹត្តិកាណ៍មហោស្រពកវីនិពន្ធប្រចាំឆ្នាំ២០១៨ បានប្រកាសអោយដឹងថាតារាចម្រៀង កញ្ញា ស៊ូ ស៊ីរីកា គឺជាតំណាងព្រឹត្តិការណ៍មួយនេះ ដោយកញ្ញាមិនត្រឹមតែចូលរួមធ្វើជាអ្នកចម្រៀងនៅពេលមហោស្រពកវីនិពន្ធដំណើរការនៅសាលាតិចណូនាថ្ងៃទី១៤ មករា ប៉ុណ្ណោះទេ តែក៏ត្រូវដើរតួជាអ្នកបំផុសព្រឹត្តិការណ៍មួយនេះ ដើម្បីលើកទឹកចិត្តដល់អ្នកនិពន្ធ និងស្នាដៃរបស់អ្នកនិពន្ធផងដែរ។

លោក ហម សុខនី អ្នករៀបចំព្រឹត្តិការណ៍មហោស្រពកវីនិពន្ធ បានថ្លែងប្រាប់ថា វេទិកាពិព័រណ៌ស្នាដៃតែងនិពន្ធដែលបានធ្វើឡើងនេះ មិនមែនជាលើកទី១នោះទេ ប៉ុន្តែគឺជាលើកដំបូងដែលកម្មវិធីមួយនេះបានសម្រេចផ្សារភ្ជាប់ជាមួយតារាសិល្បៈ ដោយបានជ្រើសយកតារាចម្រៀង កញ្ញា ស៊ូ ស៊ីរីកា ដែលជាតារាចម្រៀងប្រចាំផលិតកម្មថោន អោយធ្វើជាតំណាង ដោយសារតែលោកយល់ថាបើកម្មវិធីមួយនេះមានតារាសិល្បៈចូលរួមផ្សព្វផ្សាយ គឺមិនខុសពីជួយអោយមហោស្រពទាំងមូលមានការចាប់អារម្មណ៍។

លោកថាព្រឹត្តិការណ៍នឹងមានស្នាដៃតែងនិពន្ធរបស់កវីនិពន្ធស្ទើរតែគ្រប់ស្នាដៃ ដាក់តាំងបង្ហាញ ដោយមានទាំងម្ចាស់ស្នាដៃនៅពន្យល់ និងអត្ថាធិប្បាយផង ដើម្បីចែករំលែកនូវបទពិសោធន៍ និងចំណេះដឹងក្នុងការតែងនិពន្ធដោយផ្ទាល់ដល់អ្នកចូលរួមទស្សនាតាមស្ដង់នីមួយៗ។

ស្នាដៃរហូតដល់រាប់រយស្នាដៃ ដែលរួមមានសៀវភៅអប់រំ សៀវភៅស្រាវជ្រាវ និងប្រលោមលោក នឹងត្រូវបានដាក់បង្ហាញជាសាធារណៈ ដោយលោកបានទាំងចាត់ទុកថាព្រឹត្តិការណ៍មហោស្រពកវីនិពន្ធលើកនេះ នឹងក្លាយជាព្រឹត្តិការណ៍ធំទី១ បើធៀបនឹងព្រឹត្តិការណ៍កន្លងមកដែលលោករៀបចំដូចគ្នា ហើយមិនបានជ្រើសរើសតារាសិល្បៈអោយធ្វើជាតំណាងដើម្បីផ្សព្វផ្សាយ។

កញ្ញា ស៊ូ ស៊ីរីកា ដែលត្រូវគេស្គាល់ថាជាតារាចម្រៀងរបស់ថោន តែមិនបានកុងត្រា បានអះអាងថាកញ្ញាមានអារម្មណ៍រំភើបយ៉ាងខ្លាំង ដែលត្រូវបានជ្រើសរើសជាតំណាងព្រឹត្តិការណ៍មហោស្រពកវីនិពន្ធសម្រាប់ឆ្នាំនេះ ដោយកញ្ញាបានអះអាងថានេះ គឺជាលើកទី១ ដែលកញ្ញាមានឱកាសបង្ហាញខ្លួនក្នុងតួនាទីបែបនេះ។

កញ្ញាថាខ្លួននឹងប្រើហ្វេសប៊ុក និងផេកផ្ទាល់ខ្លួនបំផុសពីព្រឹត្តិការណ៍នេះអោយមានការចាប់អារម្មណ៍ពីសំណាក់អ្នកគាំទ្ររបស់ខ្លួន ដើម្បីអោយថ្ងៃទី១៤ មករា ដែលជាថ្ងៃពិព័រណ៍ស្នាដៃតែងនិពន្ធរបស់កវីនិពន្ធប្រចាំនៅសាលាតិចណូ មានអ្នកចូលរួមកុះករ មិនខុសពីជួយលើកទឹកចិត្តអោយកវីនិពន្ធដែលបានចូលរួមដាក់តាំងបង្ហាញស្នាដៃ។ នាងរំពឹងថានឹងមានការចូលរួមទស្សនា កកកុញ ដោយនាងក៏ប្រកាសថានឹងគៀគរអ្នកគាំទ្ររបស់នាងអោយច្រើនកុះករ ទៅទស្សនាព្រឹត្តិការណ៍នាថ្ងៃនោះ ដើម្បីចូលរួមគាំទ្រការច្រៀងរាំយ៉ាងពិសេសរបស់នាងនាពេលនោះផង។

កញ្ញាថាខ្លួននឹងយកបទOriginal Song ដែលទើបផលិតឡើងច្រៀងបង្ហាញនៅក្នុងព្រឹត្តិការណ៍នោះ តែកញ្ញាថាមិនមែនជាបទដែលច្រៀងពីព្រឹត្តិការណ៍តែងនិពន្ធនោះ ដែលមានន័យលើកទឹកចិត្តពីតួនាទីរបស់នាងនៅក្នុងព្រឹត្តិការណ៍នោះទេ។

មតិយោបល់