ព័ត៌មានសិល្បៈ និងកម្សាន្ត

មិនគួរជឿ នាយគ្រឿន ក្លាយជាសមាជិកក្នុងក្រុមបាល់ទាត់មហាហង្ស

គ្មានអ្នកណាមិនដឹងនោះទេ ថាតារាកំប្លែងនាយគ្រឿន មានជំនាញបាល់ទាត់ និងពូកែបណ្ដើរបាល់គួរអោយសរសើរ ដោយលោកក៏ជាសមាជិកក្រុមរបស់ក្រុមបាល់ទាត់ពែកមី យ៉ាងជំនាញផងដែរ។ ប៉ុន្តែខណៈដែលក្រុមមហាហង្ស កាន់តែប្រមូលបានតារាសិល្បៈល្បីៗអោយមកលេងក្នុងក្រុមច្រើនឡើង ស្របគ្នាដែលក្រុមបាល់ទាត់របស់នាយពែកមី ក៏មានការដាក់បញ្ចូលអ្នកក្រៅសិល្បៈច្រើនឡើង និងមិនសូវលេចធ្លោរដូចមុន តារារូបនេះស្រាប់តែងាកមកលេងអោយក្រុមមហាហង្សគួរអោយភ្ញាក់ផ្អើល។

នៅលើហ្វេសប៊ុករបស់លោក អ៉ិន មេក្រុមបាល់ទាត់មហាហង្ស លោកបានបង្ហោះស្វាគមន៍សមាជិកថ្មីគឺ តារាកំប្លែងនាយគ្រឿន ដែលកាលពីមុនលោកមិនដែលទទួលលេងអោយក្រុមតារាសិល្បៈណាមួយ ក្រៅពីក្រុមរបស់លោកពែកមីនោះទេ។ ការបង្ហោះរបស់លោក បានធ្វើអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែនាយគ្រឿន ត្រូវគេដឹងថាជាសមាជិកលេងប្រចាំអោយក្រុមបងប្រុសរបស់ខ្លួនគឺនាយពែកមី ប៉ុន្តែស្រាប់តែត្រូវបានមេក្រុមប្រកាសថាលោកនឹងចូលមកលេងអោយក្រុមមហាហង្ស។ ក្នុងការបង្ហាញខ្លួនរបស់នាយគ្រឿន ជាមួយក្រុមដែលចម្រុះដោយតារាសិល្បៈគឺក្រុមមហាហង្សនោះ លោកក៏រកបានមួយគ្រាប់អោយក្រុមមហាហង្សបានឈ្នះគូប្រកួត ក្នុងជំនួបជាមួយក្រុមមួយទៀត កាលពីថ្ងៃទី១៩ មករា នោះផងទើបផង ទើបវត្តមានរបស់លោកក្នុងក្រុមមហាហង្ស នឹងកាន់តែធ្វើអោយក្រុមមួយនេះល្បីខ្លាំងឡើង បន្ទាប់ពីប្រមូលបានតារាល្បីៗច្រើននាក់ អោយមកធ្វើជាសមាជិកដើម្បីលេងប្រចាំអោយ។

លោក អ៉ិន បានអះអាងថា នាយគ្រឿន នឹងលេងប្រចាំអោយក្រុមមហាហង្សក្រោយការបង្ហាញខ្លួន តែលោកថាការលេងរបស់នាយគ្រឿន មិនដូចសមាជិកកុងត្រារបស់ក្រុមផ្សេងទៀតនោះទេ គឺលោកចូលរួមតែក្នុងពេលទំនេរប៉ុណ្ណោះ។ លោកថានាយគ្រឿនកន្លងមកគ្រាន់តែចង់ដឹងថាក្រុមមហាហង្សមានគុណភាពកម្រិតណាប៉ុណ្ណោះ លុះបានមកលេងអោយម្ដងកាលពីយប់ថ្ងៃទី១៩ មករា ក៏ជាប់ចិត្តតែម្ដង ហើយបានប្រកាសថានឹងស្វាគមន៍មករួមក្នុងក្រុមដូចគ្នានឹងសមាជិកពេញសិទ្ធិដែលជាតារាៗផ្សេងទៀតផងដែរ។ មកទល់ពេលនេះ លោកថាក្រុមមហាហង្សកាន់តែទទួលបានការចាប់អារម្មណ៍ខ្លាំងឡើង ដោយសារតែលោកមានយុទ្ធសាស្រ្តប្រមូលយកតែតារាសិល្បៈល្បីៗអោយមកធ្វើជាសមាជិក ដើម្បីបានចងសម្ព័ន្ធមិត្តនឹងគ្នាផង និងដើម្បីសុខភាពរបស់តារាផង។ លោកក្នុងក្រុមមហាហង្សរាល់ថ្ងៃ មានវត្តមានតារាល្បីៗរួមមាន លោក ហេង នរៈកក្កដា លោកលឹម ជាឡាយ លោកជា សុវណ្ណនរាហ៍ លោកអូន ឧស្សាហ៍ លោកភឹម តារាវិបុល និងតារាសម្ដែងជាច្រើនផ្សេងទៀត ដោយសរុបទាំំងនាយគ្រឿនម្នាក់ទៀត គឺក្រុមនេះស្ទើរតែប្រមូលតារាល្បីៗ ដែលពូកែលេងបាល់ទាត់មកផ្ដុំគ្នាចង់ពេញក្រុមហើយ៕

មតិយោបល់