ព័ត៌មានជាតិ

Update៖ យុវជនម្នាក់ត្រូវគេវាយសម្លាប់ក្នុងទំនាស់ទិញគ្រឿងញៀនមិនបាន ជេរម៉ែគេ និងគំរាមប្តឹងប៉ូលិស!

ភ្នំពេញ: យុវជនម្នាក់ត្រូវបានអ្នកលក់គ្រឿងវាយរហូតដល់ស្លាប់នៅក្នុងថ្លុកឈាម ក្នុងពេលដែលឪពុកប្រើឲ្យជិះកង់ទៅខ្ចីភ្លើងកែវពីអ្នកជិតខាង ហើយបែរជាជនរងគ្រោះឆ្លៀតទៅទិញថ្នាំញៀន ប៉ុន្តែជនសង្ស័យមិនព្រមលក់ឲ្យ ធ្វើឲ្យជនរងគ្រោះខាងបានស្រែកជេរម៉ែ ហើយគំរៀមប្តឹងប៉ូលិស ទើបជនសង្ស័យខឹងក៏បានដេញតាមវាយសម្លាប់តែម្ដង។

ហេតុការណ៍នោះបានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨ នៅក្នុងភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

យុវជនរងគ្រោះឈ្មោះ ម៉ៅ រតន: ហៅតូ អាយុ២១ឆ្នាំ មុខរបរដាំត្រកួននិងកញ្ឆែត មានទីលំនៅក្នុងភូមិកើតហេតុខាងលើ ត្រូវឃាតក វាយនឹងដំបងឈើរហូតដល់ស្លាប់។

ក្រោយពេលកើតហេតុការណ៍ភ្ញាក់ផ្អើលខាងលើកម្លាំងនគរបាលខណ្ឌដង្កោដឹកនាំដោយលោកវរសេនីយ៍ឯកជឹម ស៊ីថា អធិការនគរបាលខណ្ឌ បានធ្វើការឃាត់ខ្លួនជនដៃដល់ម្នាក់ឈ្មោះ ឆាង ផានិត អាយុ៣០ឆ្នាំ មុខរបរលក់គ្រឿងញៀន មានទីលំនៅក្នុងភូមិកើតហេតុនោះដែរ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា យុវជននេះបានចេញពីផ្ទះកាលពីវេលាម៉ោង៨យប់ ដោយឪពុកប្រើឲ្យទៅខ្ចីភ្លើងកែវឆ្លុះអ្នកជិតខាង ហើយក៏ស្រាប់តែបាត់រហូតមិនឃើញទៅផ្ទះវិញឡើយ។ ចំណែកឪពុកម្ដាយក្រោយបាត់កូនបានតាមរកហើយរហូតដល់វេលាព្រឹកថ្ងៃកើតហេតុទើបប្រទះឃើញកូនប្រុសដេកស្លាប់នៅក្នុងថ្លុកឈាមបាត់ទៅហើយ។

ប្រភពដដែលបានបន្តទៀតថា នៅក្បែរខ្លួនជនរងគ្រោះមានកង់១គ្រឿង ភ្លើងកែវឆ្លុះ១ និងដំបងឈើផងដែរ ហើយកាលពីវេលាម៉ោងប្រហែល១២យប់ពាក់កណ្ដាលអធ្រាត្រ អ្នកជិតខាងបានឮសម្លេងស្រែកឲ្យជួយដែរ។ ប៉ុន្តែដោយសារតែយប់ងងឹតផង ទើបមិនហ៊ានចេញមកមើល ម្យ៉ាងស្មានថាក្មេងដើរលេងយប់ស្រែកលេងផងដែរ លុះព្រឹកឡើងទើបប្រទះឃើញជនរងគ្រោះស្លាប់បែបនេះ។ ពេលនេះនគរបាលខណ្ឌដង្កោបាននាំខ្លួនជនសង្ស័យ ឈ្មោះ ឆាង ផានិត ទៅធ្វើការសាកសួរ ហើយជននេះបានសារភាពថា ខ្លួនជាអ្នកវាយសម្លាប់ជនរងគ្រោះ មូលហេតុគឺជនរងគ្រោះបានទៅទិញថ្នាំញៀន ហើយខ្លួនមិនលក់ឲ្យស្រាប់តែរជេរម៉ែខ្លួន ទើបវាយសម្លាប់តែម្ដង។

ពេលនេះនគរបាលកំពុងធ្វើការស្រាវជ្រាវបន្តដើម្បីចាប់ខ្លួនបក្ខពួកជននេះទៀត៕

//youtu.be/J-26FX8ZPaA

មតិយោបល់