មានការភ្ញាក់ផ្អើលគួរសម នៅពេលតារាសម្ដែងស៊ិចស៊ី កញ្ញា សេង សូណា ប្រកាសថានាងអត់មានអ្នកស្រឡាញ់មកទល់ពេលនេះ ក្នុងពេលដែលនាងត្រូវគេស្គាល់ថាជាប្រកាសដែលមានរូបសម្រស់ផូរផង់ និងស៊ិចស៊ីឡើងល្បីខ្ទរខ្ទរទៅហើយនោះ។ នាងបញ្ជាក់យ៉ាងមុខមាំបែបនេះ នៅក្នុងពិធីខួបកំណើតកាលពីថ្ងៃទី២១ មករា ឆ្នាំ២០១៧ នៅគេហដ្ឋានផ្ទាល់ខ្លួន នៅក្នុងបុរីល្អពេញចិត្ត នៅខណ្ឌឫស្សីកែវ ដែលមានតារាសិល្បៈ ផលិតករ និងភ្ញៀវកិត្តិយសប្រមាណជាង១០០នាក់ចូលរួម។
សេង សូណា និយាយថាមនុស្សភាគច្រើនរមែងយល់ថានាងជានារីមានស្នេហារាយមាយ ប៉ុន្តែការពិតមកទល់ពេលនេះ នាងមិនទាន់រកឃើញមនុស្សដែលនាងអាចផ្ញើវាសនាបាននៅឡើយទេ ដោយសារតែបុរសដែលបានចូលខ្លួនកន្លងមក មិនទាន់មានអ្នកណាហ៊ានចូលស្ដីនាងតាមប្រពៃណី និងហ៊ានរៀបការជាមួយនាងអោយពេញច្បាប់នៅឡើយ។ នាងថាខ្លួនក៏ដូចនារីទូទៅនោះដែរ គឺចង់បានកិត្តិយសក្រោយមានស្នេហា ដូច្នេះបើអ្នកណាបានត្រឹមតែ លិបល ជាមួយនាង ហើយមិនយកផ្កាស្លាមកជូនឪពុកម្ដាយរបស់នាង គឺនាងមិនទទួលបុរសនោះដាច់ខាត បើទោះជាបុរសនោះប្រកាសថាស្រឡាញ់នាងណាស់ និងចង់បាននាងណាស់។
នាងថាបុរសកន្លងមកបានត្រឹមតែមកលែបខាយប៉ុណ្ណោះ តែបើអោយក្លាហានហ៊ានស្ដីដណ្ដឹងនាងគឺមិនមាននោះទេ ទើបនាងប្រកាសរកអ្នកក្លាហានដែលហ៊ាននាំយកផ្កាស្លាមកអោយ បើទោះជាបុរសម្នាក់នោះមិនមែនជាមនុស្សមានបាន ឬមានការងារខ្ពង់ខ្ពស់។
នាងថាខ្លួនមានជីវភាពល្អហើយ ដោយសារតែក្រៅពីមានការងារសិល្បៈជោគជ័យ នាងក៏មានការមុខជំនួញលក់ផលិតផលនៅតាមអនឡាញដែលទទួលបានចំណូលរាប់ពាន់ដុល្លារក្នុងមួយខែៗផងដែរ ដូច្នេះហើយទើបបុរសអោយអាចចុះសម្រុងជាងមួយនាង និងជាមួយគ្រួសាររបស់នាង ហើយក្លាហានចូលស្ដីដណ្ដឹងនាង គឺនាងនឹងរៀបការជាមួយភ្លាម ។ យ៉ាងណាមិញ នាងថាមិនទទួលយកបុរសដែលហាមប្រាមនាងមិនអោយបន្តការសម្ដែងនោះទេ ដោយនាងបានចាត់ទុកថាបុរសដែលមានបម្រាមបែបនោះ មិនផ្ដល់កិត្តិយសអោយនាង និងមិនទទួលយកអតីតកាលរបស់នាងដែលជាអ្នកសិល្បៈនោះផង។
សេង សូណា ដ្បិតថានាងប្រកាសរកបុរសក្លាហានដែលហ៊ានស្ដីដណ្ដឹងនាងរៀបការ នាងក៏នៅតែប្រកាន់ភ្ជាប់ពីទម្លាប់ស៊ិចស៊ីដោយមិនខ្វល់នូវការរិះគន់នោះដែរ ដោយនាងប្រកាសថាក្រៅពីបន្តភាពស៊ិចស៊ី ក៏នឹងទទួលសម្ដែងក្នុងឈុតស្នេហារោលរាល ដូចដែលនាងធ្លាប់បានទទួលថតកន្លងមក។ ជាក់ស្ដែងក្នុងអំឡុងខែកុម្ភៈខាងមុខ នាងនឹងចេញថតភាពយន្តខ្នាតធំ២របស់ផលិតករអាមេរិក បន្ទាប់ពីផលិតកម្មនោះបានកុងត្រាអោយនាងសម្ដែងព្រោះតែពេញចិត្តនឹងភាពស៊ិចស៊ី និងភាពក្លាហានក្នុងការសម្ដែងរាល់ឈុតរោលរាលរបស់នាង។ នាងបានប្រកាសថាមិនខ្លាចចំពោះប្រតិកម្មពីមហាជន និងក្រសួងនោះទេ ដោយសារតែភាពយន្តនោះសុទ្ធតែបានសុំសិទ្ធិពីក្រសួងមុនពេលចុះថត។
នៅក្នុងពិធីខួបកំណើតរបស់នាង បើថែមតែកូនកំលោះមួយទៀត គឺក្លាយជាពិធីមង្គលការមួយទៅហើយ បើទោះជានាងប្រកាសថាធ្វើត្រឹមតែ១៥តុ និងមិនសូវឃើញតារាសិល្បៈចូលរួមកុះករ ដូចការរំពឹងទុក។ ខាងក្រោមនេះជាទិដ្ឋភាពក្នុងពិធីខួបកំណើតរបស់នាង ដែលមានភ្ញៀវកុះករចូលរួម៖
https://youtu.be/M4cyOwhhbOo
មតិយោបល់