ចាត់ទុកជារឿងខ្មែរទី១ ដែលគេឃើញអ្នកទស្សនាជាអ្នកមានជំនឿលើមន្តអាគម យ៉ាងច្រើនកុះករបានបង្ហាញខ្លួននៅក្នុងភាពយន្តរឿង«ធ្មប់» ស្របគ្នាដែលភាពយន្តនេះ ក៏មានអ្នកទស្សនាកុះករតែម្ដងតាំងពីថ្ងៃដំបូងដែលទើបបើកសម្ពោធនៅថ្ងៃទី២៥ មករានោះ។ នេះជាភាពយន្តដែលគេរំពឹងថានឹងផ្ទុះខ្លាំងសម្រាប់ដើមឆ្នាំ២០១៨នេះ តែក៏នៅមិនទាន់ដឹងថាសន្ទុះគាំទ្រដ៏លើសលប់នេះ នឹងមានរហូតដល់ប៉ុន្មានថ្ងៃក្រោយការបើកប្រកាសលក់សំបុត្រនោះដែរ។
នៅលើបណ្ដាញហ្វេសប៊ុក គេឃើញមានការបង្ហោះឲ្យឃើញពីការគាំទ្រយ៉ាងភ្លូកទឹកភ្លូកដីតែម្ដង ពីសំណាក់អ្នកគាំទ្រ ដោយគ្រាន់តែក្នុងរោងកុនមួយ គឺមានអ្នករង់ចាំទិញសំបុត្រតែម្ដង។ ក្នុងនោះគេកត់សម្គាល់ឃើញក្រុមអ្នកពាក់ខ្សែកធំៗ ដែលមានបន្តោងជាភ្លុក ជាចែ និងពុទ្ធបដិមាជាដើម ដែលត្រូវគេស្គាល់ថាជាក្រុមអ្នកមានជំនឿលើមន្តអាគម ក៏លើកទ័ពទៅទស្សនាភាពយន្តរឿង«ធ្មប់»មួយនេះផងដែរ។ នេះគឺជារឿងខ្មែរទី១ ដែលបានរំលេចពីជំនឿ និងប្រវត្តិលើធ្មប់ដែលជាអបិយជំនឿដ៏ចំណាស់របស់ខ្មែរ ជាកម្រងភាពយន្ត អ៊ីចឹងហើយទើបភាពយន្តមួយនេះ បានកន្ត្រាក់ការចាប់អារម្មណ៍ពីសំណាក់មហាជនទាំងក្មេងទាំងចាស់ ជាពិសេសគឺអ្នកមានជំនឿលើមន្តអាគមតែម្ដង អោយលើកគ្នាមកទស្សនា។
យ៉ាងណាមិញ គេមិនបានដឹងថាក្រោយការទស្សនាតើក្រុមអ្នកមានជំនឿលើមន្តអាគមទាំងនោះ មានទស្សនៈបែបណាលើភាពយន្តរឿង«ធ្មប់»នៅឡើយទេ ដោយគ្រាន់តែគេចាប់អារម្មណ៍សម្គាល់ថានេះជាភាពយន្តដែលមានអ្នកទស្សនាមួយក្រុមនេះទៅគាំទ្រដល់រោង។
លោកលើហ្វេសប៊ុក របស់លោក ហ៊ុយ យ៉ាឡេង ម្ចាស់ផលិតកម្ម លោកបានប្រកាសថាភាពយន្តរបស់លោកទទួលបានជោគជ័យយ៉ាងខ្លាំង ដោយសារតែមានអ្នកទស្សនាចោមរោមទិញសំបុត្រតាំងពីព្រឹកថ្ងៃទី២៥ មករា ហើយមានអ្នកទស្សនាមិនតិចនោះទេ ដែលបានទៅទិញសំបុត្រហើយ តែមិនអាចទិញបាន។ លោកចាត់ទុកថានេះជារឿងទី១ដែលលោកបានផលិត ដែលមានសន្ទះគាំទ្រយ៉ាងខ្លាំងគគ្រឹកគគ្រេងតាំងពីថ្ងៃលក់សំបុត្របើកឆាកតែម្ដង បើធៀបនឹងភាពយន្តរឿង«វិកលចរឹត» ដែលទាល់តែមានការបំផុសជួយពីក្រុមអ្នកកាសែត និងតារាសិល្បៈ ក្រោយការអំពាវនាវរបស់លោក ទើបមានអ្នកសម្រុកទៅទិញសំបុត្រទស្សនាណែនរោង។ លោកថានេះជាកម្លាំងចិត្តដែលលោកទទួលបានពីការផលិតរឿង«ធ្មប់» ហើយបើអ្នកទស្សនានៅតែបន្តកកកុញដូចថ្ងៃដំបូង គឺរឿងរបស់លោកពិតជាកើបចំណូលច្រើន ដើម្បីអោយលោកបន្តផលិតរឿងលើកក្រោយអោយកាន់តែល្អ។ លោកថាភាពយន្តរឿង«ធ្មប់»មិនទាន់កំណត់ថ្ងៃទម្លាក់ចេញពីរោងនោះទេ ដោយរឿងមួយនេះ នឹងបន្តដាក់លក់សំបុត្រ នឹងបញ្ចាំងតាមម៉ោងដែលបានកំណត់គ្រប់រោងទំនើប រហូតដល់អស់អ្នកទស្សនា៕
https://youtu.be/JpnsJYzy5Ds
មតិយោបល់