ក្នុងពិភពសិល្បៈតារាសម្ដែងលោកស៊ូ បញ្ញា មិនសូវមានមុខសម្ដែងរឿងប៉ុន្មានទេ ដោយសារតែលោកជាប់រវល់ការងាររដ្ឋ ស្របគ្នាដែលគ្រួសាររបស់លោកក៏មិនសូវចង់អោយលោកបង្ហាញខ្លួនក្នុងតំណែងជាតួភេទទី៣។ យ៉ាងណាមិញ ក្រោយពីបានសម្ដែងជាតួលេចធ្លោគួរសមក្នុងរឿង«គ្រូពេទ្យកំណើតស្នេហ៍»ដែលជារឿងភាគរបស់CTN ស្រាប់តែលោកឡើងកាលីបធ្វើពិធីឡើងផ្ទះតម្លៃជាង២០ម៉ឺនដុល្លារតែម្ដង កាលពីយប់ថ្ងៃទី២៧ មករា នៅអកគីដេវីឡា។
ផ្ទះវីឡាដែលលោកបានធ្វើពិធីសម្ពោធយ៉ាងអធឹកអធមនោះ មានវត្តមានសិល្បៈចូលរួមគួរសម បើទោះជាលោកទើបតែបានរំលេចស្នាដៃក្នុងរឿងបានតិច និងទើបលេចធ្លោបានមួយរឿងក្រោយពី CTN ដាក់បញ្ចាំងភាពយន្តរឿង «គ្រូពេទ្យកំណើតស្នេហ៍» ដោយលោកត្រូវគេអោយសម្ដែងជាភេទទី៣ ហើយមានចរិតចេកចូច។ យ៉ាងណាមិញ នៅក្នុងពិភពសិល្បៈលោកគឺជាតារាដែលមានទំនាក់ទំនងល្អច្រើនជាមួយតារាសិល្បៈទូទៅ ដោយសារតែលោករមែងបង្ហាញមុខក្នុងសកម្មភាពសប្បុរសធម៌ និងក្នុងសកម្មភាពជួបជុំតារាសិល្បៈតូចធំ។ លោកគឺជាមន្ត្រីក្របខណ្ឌមួយរូប ទើបមិនសូវមានពេលចូលប្រឡូកសិល្បៈចាប់តាំងពីបានបង្ហាញមុខក្នុងសិល្បៈ។ ក្នុងពិធីឡើងសម្ពោធផ្ទះវីឡារបស់លោកកាលពីយប់មិញ លោកអះអាងថាជាផ្ទះផ្ទាល់ខ្លួន តែមិនមែនជាការទិញដូរដោយប្រាក់ផ្ទាល់ខ្លួននោះទេ គឺជាការរួមចំណែករបស់ឪពុកធំដែលបានផ្ដល់អោយប៉ុណ្ណោះ។
ផ្ទះវីឡាដែលលោកទើបនឹងឡើងនោះ មានតម្លៃប្រមាណជា២៥ម៉ឺនដុល្លារ ដោយមិនទាន់រាប់បញ្ចូលការចំណាយលើផ្នែកដេគ័រនៅឡើយ ហើយនោះជាផ្ទះដែលលោកនឹងរស់នៅផ្ដាច់មុខជាលក្ខណៈឯកជន ឬអាចជាលក្ខណៈគ្រួសារប្រសិនបើបងប្រុសបងស្រីរបស់លោកចង់មករស់នៅជាមួយនោះផងដែរ។
នេះជាទ្រព្យសម្បត្តិធំដុំជាងគេនៅក្នុងជីវិតរបស់លោក ដែលលោកទទួលបានបើទោះជាផ្ទះវីឡាដែលលោកបាននៅ មិនមែនជាប្រាក់ដែលកើតចេញពីញើសឈាមផ្ទាល់ខ្លួន។ លោកនៅតែបន្តប្រកាសថានឹងបន្តការងារសិល្បៈមិនឈប់នោះទេ អោយគម្រោងនឹងទទួលថតមួយរឿងនៅពេលខាងមុខនោះផង បន្ទាប់ពីការសម្ដែងក្នុងរឿង«គ្រូពេទ្យកំណើតស្នេហ៍»នៅCTN ទទួលបានការគាំទ្រ។ លោកថាថ្វីខ្លួនមានជីវភាពល្អប្រសើរ គ្រួសារសុទ្ធតែជាមន្ត្រីជាន់ខ្ពស់ ហើយមិនចង់អោយលោកប្រឡូកការងារមួយនេះ ប៉ុន្តែលោកនៅតែពេញចិត្តការងារសម្ដែង ជាពិសេសការសម្ដែងជាតួចេកចូច និងតួភេទទី៣ ដែលស្របនឹងអត្តចរឹករបស់លោក។ យ៉ាងណាមិញ លោកមានមានគម្រោងទទួលយកការសម្ដែងរហូតបណ្ដាលអោយប៉ះពាល់ដល់ការងាររដ្ឋរបស់ខ្លួននោះទេ ទើបតាំងពីលោកបានប្រឡូកក្នុងការងារសិល្បៈ លោកសម្ដែងបានតិចរឿងមែនទែន បើធៀបនឹងតារាភេទទី៣ផ្សេងទៀត ដែលទទួលសម្ដែងរឿងបានសកម្ម។ លោកអះអាងថាស្ថានភាពគ្រួសាររបស់ខ្លួន សុទ្ធតែជាអ្នកខ្ពង់ខ្ពស់ ប៉ុន្តែបណ្ដាលមកពីលោកស្រឡាញ់ការងារសិល្បៈ ទើបលោកចេះតែបន្តជម្នះគ្រួសារហើយមានមុខបានសម្ដែងម្ដងម្កាល។
លោកស៊ូ បញ្ញា បន្តថាក្នុងពិធីឡើងផ្ទះរបស់លោកកាលពីថ្ងៃទី២៧ មករា លោកអញ្ជើញតែមិត្តភក្តិសិល្បៈ និងភ្ញៀវខាងលោកអោយចូលរួមភាគច្រើនប៉ុណ្ណោះ បើអោយគ្រួសាររបស់លោកចេញមុខអញ្ជើញគឺពិតជាមានអ្នកមុខមាត់អ្នកមាត់ច្រើន ដោយសារតែពួកគាត់សុទ្ធតែជាមន្ត្រីរាជការ ហើយមានមុខតំណែងក្នុងជួរទាហាន និងជួររដ្ឋាភិបាល។ ក្នុងនោះពិធីនោះ លោកថាអញ្ជើញតារាប៉ុន្មានតុប៉ុណ្ណោះ ហើយថ្វីដ្បិតថាម្នាក់រវល់ដកឃ្លាមិនរួច តែសុទ្ធតែបានចូលរួមបំពេញអោយលោក៕
មតិយោបល់