កាលពីយប់ថ្ងៃ៣០ មករា តារាសម្ដែងលោក ឈុន សុវណ្ណភក្ដី ដែលត្រូវគេស្គាល់ថាជាកូនថៅកែផលិតកម្មBKS និងតារាចម្រៀងនាយចឺម ធ្វើពិធីខួបមួយឆ្នាំនៃសម្បថដែលចាប់ដៃគ្នាជាបងប្អូនធម៌យ៉ាងអធឹកអធម ដោយសូម្បីតែភ្ញៀវកិត្តិយសក៏លាន់មាត់ថាតារាទាំងពីរកាន់តែស្អិតរមួតគ្នា និងផ្អែមល្ហែមដាក់គ្នា។ នេះជាពិធីធំដុំដែលនាយក្ដី និងគ្រួសារធ្វើអោយនាយចឺមយ៉ាងពេញមុខនៅវិឡារបស់ខ្លួននៅបុរីវិមានភ្នំពេញ កន្លែងនាយចឺមរស់នៅផងដែរ ដែលនេះពិធីមិនខុសពីការលើកមាត់នាយចឺម បន្ទាប់ពីដំណឹងលែងលះរបស់នាយក្ដី ត្រូវបានបែកខ្ចាយជាសាធារណៈ។
ពិធីខួបមួយឆ្នាំនៃការស្បថស្បែរវាងនាយចឺម និងនាយក្ដីនេះ ត្រូវបានតារាទាំងពីរប្រកាសថាដើម្បីចងរឹតទំនាក់ទំនងអោយកាន់តែរឹងមាំ តែត្រូវបានគេមើលឃើញថាជាពិធីដែលមានលក្ខណៈបង្ហាញពីភាពស្អិតរមួត និងផ្អែមល្ហែម ក្នុងពេលដែលមានព័ត៌មានថាអ្នកទាំងពីរស្រឡាញ់ភេទដូចគ្នារួចទៅហើយ។ បើទោះជាអ្នកទាំងពីរបានអះអាងថា មិនខ្វល់ពីការលើកឡើង ប៉ុន្តែស្ថានភាពដែលបានលេចឡើងហាក់ពិបាកខ្ទប់មាត់អោយមនុស្សមិនគិតបែបនោះ ក្នុងពេលដែលនាយក្ដី ក៏ទើបតែសារភាពពិតជាបែកបាក់ភរិយាក្រោយមានកូន២ ដោយមិនស្ដាយស្រណោះ។ អតីតភរិយារបស់លោកបានអះអាងជាសាធារណៈហើយថា ការលែងលះគ្នាមិនបានប្រច័ណ្ឌចំពោះនាយចឺមនោះទេ ដោយហេតុផលនៃការលះលែងគឺដោយសារតែនាយក្ដីជាបុរសសំបូរស្នេហ៍ប៉ុណ្ណោះ ដោយការបកស្រាយដែលបានលើកឡើងក៏ធ្វើអោយមានការជឿជាក់ដូចគ្នាផងដែរថាហេតុផលប្រច័ណ្ឌមិនមែនជាមូលហេតុនៃការបែកបាក់ឡើយ។ ប៉ុន្តែក្រោយពីនាយក្ដី និងនាយចឺមកាន់តែស្អិតរមួតគ្នាក្រោយលែងលះភរិយា ហាក់ធ្វើអោយមានការលើកឡើងជាថ្មីថា នាយក្ដីទំនងជាខកចិត្តមនុស្សស្រី ហើយយកទំនាក់ទំនងជាមួយនាយចឺមដើម្បីលាងរបួសស្នេហ៍។
នាយក្ដីនៅតែអះអាងថា បើទោះជាលោក និងនាយចឺម រស់នៅក្រោមដំបូលតែមួយ បើកហាងរួមគ្នា និងរមែងទៅណាមកណាជាមួយគ្នា អមដោយចំណូលចិត្តស្ទើរតែដូចគ្នាគ្រប់យ៉ាង តែលោក និងនាយចឺម មិនមែនជាមនុស្សស្រឡាញ់ភេទដូចគ្នានោះទេ ហើយលោកក៏មិនខ្វល់ជុំវិញអ្នកថាលោកទំនងជាខូចចិត្តរឿងបែកភរិយា ហើយងាកមកស្រឡាញ់ប្រុសនោះដែរ។ លោកថាខ្លួន និងនាយចឺម គឺមនុស្សប្រុសពេញលក្ខណៈទាំងស្រុង ហើយលោកសម្រេចចិត្តធ្វើពិធីខួបមួយឆ្នាំនៃការស្បថជាមួយនាយចឹម ដើម្បីធ្វើបងប្អូនគ្នា ក៏ដើម្បីបង្ហាញអោយមនុស្សទូទៅដឹងថា មនុស្សប្រុសនិងប្រុស មិនមែនអោយតែជិតស្និទ្ធិគ្នា គឺទាល់តែស្រឡាញ់ភេទដូចគ្នានោះទេ គឺរាប់គ្នាជាបងប្អូន និងជាមិត្តភ័ក្រ្តក៏អាចស្អិតរមួតជាមួយគ្នាបានដែរ។ លោកថាការសម្រេចចំណាយលុយធ្វើខួបមួយឆ្នាំនៃការស្រឡាញ់គ្នា គឺគ្រាន់តែចង់បញ្ជាក់ថារវាងលោក និងនាយចឺម មិនមែនគ្រាន់តែស្បថលេងៗ និងរាប់គ្នាលេងគ្នាប៉ុណ្ណោះ ប៉ុន្តែនៅពីក្រោយការស្រឡាញ់រាប់គ្នានោះ គឺទឹកចិត្តចំពោះគ្នាមិនខុសពីបងប្អូនពោះមួយ។ ក្នុងនោះសូម្បីឪពុកម្ដាយលោកក៏ចាត់ទុកនាយចឺមជាកូនម្នាក់ ដោយក្រៅពីផ្ដល់រថយន្តទំនើបអោយមួយ ក៏គម្រោងចែកទ្រព្យអោយដូចកូនបង្កើតផងដែរ បើនាយចឺម នៅតែល្អដូចរាល់ថ្ងៃ៕
មតិយោបល់