ព័ត៌មានសិល្បៈ និងកម្សាន្ត

មិននឹកស្មានថា សុខ រ៉ាស៊ី ផ្ដួលគេផ្ដួលឯងដល់ម្លឹង!

ធៀបនឹងពិធីករឆ្នើមៗប្រចាំនៅក្នុងប្រទេសកម្ពុជា គេកត់សម្គាល់ថាមានតែពិធីករ លោក សុខ រ៉ាស៊ី ប៉ុណ្ណោះ ដែលកន្ត្រាក់បានទីផ្សារលប់លើសពិធីករផ្សេងៗក្នុងរង្វង់មួយឆ្នាំចុងក្រោយ។ ជាក់ស្ដែងតាំងពីចូលហង្សមាស លោកមិនត្រឹមតែត្រូវហង្សមាសដាក់ឲ្យចេញមុខក្នុងកម្មវិធីធំៗធ្វើឲ្យលោកកាន់តែលេចធ្លោរប៉ុណ្ណោះទេ ប៉ុន្តែនៅកម្មវិធីខាងក្រៅមិនថាកម្មវិធីតន្ត្រីធំៗដែលមិនមានការផ្សាយផ្ទាល់នៅប៉ុស្ដិ៍ផ្សេង និងកម្មវិធីសម្ពោធនានាគឺពិធីកររូបនេះវ៉ាដាច់។

បើទោះជាមានគ្មានគណ:កម្មការណាម្នាក់វាយតម្លៃ និងមិនមានការកំណត់ឲ្យការស្ទង់មតិផ្លូវការណាមួយ តែគេអាចមើលដឹងតាមរយ:សកម្មភាពទទួលកម្មវិធីរបស់លោក សុខ រ៉ាស៊ី ថាលោកកំពុងវ៉ាដាច់ពិធីករដែលធ្លាប់កន្ត្រាក់បានទីផ្សារនៅក្នុងពិភពសិល្ប:ស្ទើរមិនមានពិធីករណាមួយប្រជែងបាននោះទេ។ កាលពីមុនឲ្យមានកម្មវិធីខាងក្រៅទូរទស្សន៍ធំៗ គេឃើញ លោក ជា វណ្ណារិទ្ធិ និងពិធីករមួយចំនួនលេចមុខលេចមាត់យ៉ាងខ្លាំង ដោយក្រុមអ្នករៀបចំកម្មវិធីទាំងនោះបានទាំងប្រើពាក្យថាបើអត់ពិធីករទាំងនោះ ហាក់សោះកក្រោះកម្មវិធី និងមិនសូវទទួលបានយល់ស្របពីម្ចាស់ក្រុមហ៊ុន បើហ៊ានតែយកពិធីករផ្សេងនោះផង។ ប៉ុន្តែក្រឡេកមើលមើលមួយឆ្នាំចុងក្រោយ គឺទស្សន:បែបនោះត្រូវបានផ្លាស់ប្ដូរ ដោយសុខ រ៉ាស៊ី វ៉ាដាច់ទីផ្សារតែម្ដង សម្រាប់ពិធីករដែលរកចំណូលបានច្រើនជាង។ បើទោះជាលោកជា វិបុល ត្រូវគេឃើញទទួលបានទីផ្សារក្នុងកម្មវិធីមង្គលការច្រើនមិនណយក្រៅពីហង្សមាស តែសម្រាប់កម្មវិធីតន្ត្រីខេត្តក្រុមទាំងក្នុងហង្សមាស និងក្រៅហង្សមាស គឺសុខ រ៉ាស៊ី ទទួលបានច្រើនជាង ហើយបើមើលនៅលើហ្វេសបុករបស់លោក គឺអត់មានថាថ្ងៃណាមួយលោកអត់អាហ្វែក្នុងរយ:ពេលនេះឡើយ។ ទាំងការបង្ហាញមុខនៅហង្សមាស ទាំងក្នុងកម្មវិធីសម្ពោធ ទាំងការប្រគំតន្ត្រីខេត្តក្រុងក្រៅប៉ុស្ដិ៍ ពិធីករដែលមានប្រពន្ធកូន ហើយមិនលាក់រឿងរ៉ាវឯកជនរបស់ខ្លួនក្រោយពេលល្បីឈ្មោះរូបនេះ ក្ដោបក្ដាប់ណែនដៃ។ ក្នុងនោះសូម្បីតែកម្មវិធីឃោសនាផលិតផល ក៏លោកចេញមុខស្ទើរតែគ្រប់ក្រុមហ៊ុនធំៗផងដែរ ដោយប្រាក់ចំណូលរបស់លោកក៏ដល់ម៉ឺនដុល្លារក្នុងមួយខែ តែលោកនៅតែដាក់ខ្លួន និងមើលទៅសាមញ្ញ។

ក្រុមអ្នកភ្នាក់ងាររៀបចំកម្មវិធីតន្ត្រី និងផ្សព្វផ្សាយផលិតផលសុទ្ធតែទទួលស្គាល់ថា សុខ រ៉ាស៊ី ឡើងកូដលប់ខ្លាំង ដោយក្នុងការងារខាងផែ្នកពិធីករ លោកក្ដោបក្ដាប់មិនក្រោម៥០ភាគរយម្នាក់ឯងនោះទេ ខណ:ដែល៥០ភាគរយទៀតត្រូវគេឃើញពិធីករល្បីៗទាំងជើងចាស់ និងជើងថ្មី ចាប់ហែកចែកគ្នា។ ចំណុចពិសេសមួយដែលលោកឡើងកូដទីផ្សារដោយមិនសូវរុញច្រាន ហើយក៏មានលំនឹងមកទល់ពេលនេះ គឺដោយសារតែលោកត្រូវគេអះអាងថាជាពិធីករមិនសូវប្រកាន់តម្លៃខ្វះការយោគយល់ ហើយលោកក៏តែងតែឆ្លៀតបង្ហាញមុខក្នុងកម្មវិធីសប្បុរសធម៌ពង្រីកការគាំទ្រ ដោយមិនគិតថាទាល់តែកម្មវិធីបានតម្លៃខ្លួនខ្ពស់ទើបទទួលធ្វើនោះទេ ក្នុងពេលដែលលោកក៏មានសមត្ថភាពអត្ថាធិប្បាយលោក ដោយមិនប្រកាន់ដៃគូ។ ម្នាក់ៗបានទាំងអះអាងថា តាំងពីសុខ រ៉ាស៊ី ល្បីខ្លាំង ពិធីករដែលធ្លាប់រកចំណូលបានច្រើនដូចជាលោក ជា សុវណ្ណារិទ្ធិ ពិធីករផ្សេងទៀតត្រូវបាត់ឆ្នាំងបាយបណ្ដើរៗនោះផង បើទោះជាការស្ទុះឡើងនេះ គឺដោយសារតែការជួលឆាកតន្ត្រី និងមកពីគេទទួលឲ្យលោករៀបចំកម្មវិធី ទើបឱកាសពិធីករលោកសំបូរការងារ។ យ៉ាងណាមិញ លោកសុខ រ៉ាស៊ី ហាក់មិនទទួលស្គាល់ថាលោកក្ដោបក្ដាប់ទីផ្សារក្នុងតំណែងជាពិធីករបានខ្លាំងជាងគេនោះទេ តែលោកប្រកាសថាខ្លួននឹងខំប្រឹងប្រែងដើម្បីគ្រួសារ និងកេរ្តិ៍ឈ្មោះ៕

មតិយោបល់