ធៀបនឹងតារាស្រីក្នុងពិភពសិល្បៈ ដែលមានស្វាមីហើយក្លាយជាជំទាវលូយឆាយ គេចាប់អារម្មណ៍ថា មានតែអតីតតារាស្រី៤រូបប៉ុណ្ណោះ ដែលមានការប្រមាញ់ពីជីវិតឯកជន រហូតក្លាយជាជំទាវល្បីឈ្មោះ បើទោះជាឈប់ធ្វើអ្នកសិល្បៈដូចមុន។ ជំទាវទាំង៤រូប ត្រូវគេឃើញឧស្សាហ៍ចេញមុខ និងមានព័ត៌មានបណ្ដាក់គ្នា នៅលើបណ្ដាញសារព័ត៌មាននោះផង។ ជំទាវទាំង៤នោះរួមមាន៖
អ្នកនាង ស្រីតូច ចំណាន៖ ភរិយារបស់លោកឧកញ៉ា គិត ម៉េង រូបនេះ ស្ទើរតែមានអ្នកតាមដានពីរឿងឯកជនរបស់អ្នកនាងតែម្ដង។ មិនថាសកម្មភាពមុខជំនួញ ស្ថានភាពរូបសម្រស់ និងការរស់នៅ ជំទាវមហាសំណាងរូបនេះ សុទ្ធតែមានបណ្ដាញផ្សព្វផ្សាយ។ អុីចឹងហើយ ទើបអ្នកនាងនៅតែល្បីឈ្មោះ និងលេចធ្លោរនៅក្នុងសង្គម ថ្វីដ្បិតថាអ្នកនាងលែងជាអ្នកសិល្បៈយូរឆ្នាំទៅហើយ។ មកទល់ពេលនេះ គេចាត់ទុកថា អ្នកនាងគឺជាអតីតតារាសម្ដែង និងជាតារាចម្រៀង តែម្នាក់គត់ ដែលមានស្វាមីជាឧកញ៉ាទ្រព្យស្ដុកជាងគេ ហើយជាភរិយាពេញសិទ្ធិ ដែលក្ដោបក្ដាប់មុខជំនួញពេញទំហឹងរបស់ លោក ឧកញ៉ា គិត ម៉េង។
អ្នកនាង លី យ៉ាណា ដែលត្រូវគេស្គាល់ថា ជាភរិយារបស់លោក ឧកញ៉ា ហុង ពីវ ក៏ល្បីមិនធម្មតាដែរ ដោយគេកត់សម្គាល់ថា ជីវិតឯកជនរបស់លោកជំទាវក៏មានការតាមដាន និងប្រមាញ់ពីគ្រប់ស្រទាប់មហាជន ជាពិសេសគឺបណ្ដាអ្នកកាសែតនោះផង។ អ្នកនាងគឺជាអតីតតារាបង្ហាញម៉ូដ ដោយក្នុងពេលប្រឡូកក្នុងសិល្បៈមិនត្រូវបានគេស្គាល់នោះទេ ប៉ុន្តែក្រោយពីក្លាយជាជំទាវរបស់ឧកញ៉ាម្ចាស់បុរីពិភពថ្មី គឺល្បីតែម្ដង។
អ្នកនាង ពេជ្រ ច័ន្ទបូរី៖ បន្ទាប់ពីអតីតតារាសិល្បៈ២រូបខាងលើ ជំទាវរបស់មន្ត្រីអន្តោប្រវេសន៍ផ្កាយ៣រូបនេះ ក៏មានជីវិតល្បីល្បាញមិនចាញ់កាលពីនៅសម្ដែងកុនណាស់ដែរ។ គ្រប់ពេលអ្នកនាងបង្ហាញខ្លួនក្នុងមង្គលការ ឬ ក្នុងកម្មវិធីសិល្បៈម្ដងៗ រមែងមានព័ត៍មានព្រោងព្រាតនៅលើបណ្ដាញសារព័ត៌មាន ដោយដំណឹងទាំងនោះ រួមមានទាំងល្អ និងអាក្រក់ទន្ទឹមគ្នា ទើបគេឃើញអ្នកនាងមិនលេងហ្វេសប៑ុក ឬបង្ហោះ Intragram ដូចគ្នានឹងជំទាវស្រីតូច ចំណាន និងជំទាវលី យ៉ាណា ដែរ ដើម្បីទុកជីវិតស្ងប់ស្ងាត់ ហើយគ្មានព័ត៌មានពីជីវិតឯកជន។
អ្នកនាង ឱក បុរី៖ អតីតតារាចម្រៀង ដែលបានក្លាយជាជំទាវព្រោះតែមានស្វាមីជាឯកឧត្តមរូបនេះ ក៏នៅតែល្បី និងនៅតែមានជីវិតឯកជន ក្រោមការចាប់អារម្មណ៍របស់បណ្ដាញសារព័ត៌មានផងដែរ តែអ្នកនាងហាក់ល្បីនឹងរឿងអតីតភរិយាដើមរបស់ស្វាមីទម្លាយរឿងអាស្រូវមិនទាន់បាត់ច្រើនជាង។ អុីចឹងហើយ ទើបអ្នកនាងមិនដែលបង្ហោះពីជីវិិតគ្រួសារនៅលើហ្វេសប៑ុក ប៉ុន្តែព័ត៌មាននៅតែមានជាហូរហែរគ្រប់ពេលអ្នកនាងបង្ហាញខ្លួនក្នុងពិធីរបស់អ្នកសិល្បៈម្ដងៗ។
ក្រៅពីអតីតអ្នកសិល្បៈទាំង៤ អតីតតារាសម្ដែង និងតារាចម្រៀងមួយចំនួនក៏បានក្លាយជាជំទាវផងដែរ ក្រោយពេលពួកគេបោះបង់សិល្បៈ ដោយគ្រាន់តែជំទាវខ្លះ មិនហ៑ានចេញមុខ និងខ្លះខ្វះការចាប់អារម្មណ៍ក្រោយពេលមានប្ដីជាដើម។ ជាក់ស្ដែងអតីតតារាចម្រៀង អ្នកនាង ម៉េង វិមានរតនា អ្នកនាង ផ្កាយ វលក្ខណ៍ អ្នកនាង កែវ ពិសី និង អ្នកនាង នឿន ចាន់ធឿន ជាដើម ក៏សុទ្ធតែមានងារជាជំទាវផងដែរ តែគេដំណឹងពីជីវិតឯកជនរបស់ពួកគេ មិនសូវឃើញមានការចាប់អារម្មណ៍ ឬប្រមាញ់តាមដានពីក្រុមអ្នកកាសែត៕
មតិយោបល់