កាលពីរសៀលថ្ងៃទី៤ កុម្ភៈ លោកម៉ៅ ប៊ុនរតនា ដែលត្រូវគេស្គាល់ថាជាថៅកែរបស់ហាងលក់សម្លៀកបំពាក់ Mr. Man ដ៏ល្បីឈ្មោះ បានចំណាយថវិការរហូតដល់ជាង២០ម៉ឺនដុល្លារ បើកភោជនីយដ្ឋាន និងហាងកាហ្វេធំមួយ ស្ថិតនៅកែងស្ដុបវត្តកោះ ឬស្ដុបកែងផ្លូវព្រះមុន្នីវង្សចុះទៅផ្សារអូរឫស្សី ដោយលោកប្រកាសថាជាអាជីវកម្មដើម្បីតម្រូវចិត្តអ្នកសិល្បៈ បន្ទាប់ពីលោកបានបើកហាងខោអាវដែលបានក្លាយជាប្រយោជន៍ដល់តារាសិល្បៈរួចមកហើយ។ អ៊ីចឹងហើយការសម្ពោធអាជីវកម្មមួយនេះរបស់លោក មានការចូលរួមដោយតារាសិល្បៈកុះករ ដែលតារាទាំងនោះសុទ្ធតែជាតារាសិល្បៈដែលទទួលបានការស្ពុនស័រសម្លៀកបំពាក់ពីហាងខោអាវរបស់លោក។
លោក ម៉ៅ ប៊ុនរតនា ម្ចាស់ហាងMr.Man បានអះអាងថាហេតុផលដែលលោកសម្រេចបោះទុនបើកជាហាងកាហ្វេ និងលក់អាហារប៊ុហ្វេក្នុងតម្លៃដើមទុនដល់ទៅជាង២០ម៉ឺនក្រៅពីអាជីវកម្មហាងខោអាវមួយនេះ គឺដោយសារតែយល់ថាតារាសិល្បៈភាគច្រើនពិបាកក្នុងការរកកន្លែងធ្វើពិធីខួបកំណើត ដែលមានតម្លៃយោគយល់។ លោកថាតារាភាគច្រើនទទួលបានតែឱកាសយកសម្លៀកបំពាក់ឡើងឆាកដោយឥតគិតថ្លៃពីហាងរបស់លោក ឬពីហាងសម្លៀកបំពាក់មួយចំនួនដែលបានសហការជាមួយតារាសិល្បៈតែប៉ុណ្ណោះ ប៉ុន្តែសម្រាប់ការទទួលបានឱកាសមានកន្លែងធ្វើពិធីខួបកំណើតដោយម្ចាស់ហាងមិនគិតពីផលចំណេញ ដើម្បីសម្រួលការខ្វះខាតរបស់អ្នកសិល្បៈ។
លោកថាតារាសិល្បៈមួយចំនួនមិនមែនជាអ្នកមានធូរធារនោះទេ ប៉ុន្តែតារាទាំងនោះសុទ្ធតែចង់ធ្វើកម្មវិធីខួបកំណើតដើម្បីមានការជួបជុំ និងដើម្បីពង្រីកកេរ្តិ៍ឈ្មោះអ្នកសិល្បៈ ទើបលោកយល់ថាបើជ្រុលជាមានហាងសម្លៀកបំពាក់ជួយអោយតារាភាគច្រើនមានសម្លៀកបំពាក់ស្អាតៗថ្លៃដើម្បីបានស្លៀកឡើងឆាកទៅហើយ គួរតែមានភោជនីយដ្ឋានមួយបន្ថែមទៀត ដើម្បីផ្ដល់អោយតារាសិល្បៈមានលទ្ធភាពបានធ្វើពិធីសប្បាយៗ ដូចជាខួបកំណើត ឬជប់លៀងលើកមុខលើកមាត់។ លោកថាហាងកាហ្វេ និងភោជនីយដ្ឋានយីហោ «Anado» នេះនឹងផ្ដល់អោយតារាសិល្បៈដែលមានទំនាក់ទំនងល្អជាមួយហាងមីស្ទ័រមេន របស់លោក អោយធ្វើពិធីខួបកំណើតនៅក្នុងលក្ខណ្ឌដែលអាចនិយាយបានថាមិនត្រូវចំណេញ។ លោកថាបង្កើតហាងនេះ មិនមែនដើម្បីកេងចំណេញពីតារាសិល្បៈនោះទេ ប៉ុន្តែគឺដើម្បីជួយដល់តារាសិល្បៈអោយមានលទ្ធភាពបានធ្វើពិធីជប់លៀង និងខួបកំណើតដោយចំណាយតែដើម បន្ថែមពីលើការចំណាយបើកហាងសម្លៀកបំពាក់ដើម្បីជួយអោយតារាមានឱកាសបានស្លៀកខោអាវស្អាតលើកមុខលើកមុខមាត់នោះ។
នៅក្នុងពិធីសម្ពោធហាងរបស់លោក គេឃើញវត្តមានតារាល្បីៗចូលរួមកុះករ ជាពិសេសគឺតារាបង្ហាញម៉ូដក្នុងក្រុមBN តារាចម្រៀងOriginal Song និងអតីតបេក្ខភាពរបស់កម្មវិធី Cambodian Idol រដូវកាលទី៣។ ក្នុងនោះវត្តមានពិធីករពិធីការិនី និងតារាសម្ដែងល្បីៗមួយចំនួនក៏បង្ហាញវត្តមានច្រើនដែរ ដោយគ្រាន់តែតារាទាំងនោះលេចមុខតែមួយភ្លែតហើយក៏ប្រញាប់ត្រឡប់ទៅវិញ៖
មតិយោបល់