ព័ត៌មានសិល្បៈ និងកម្សាន្ត

រឿង«ធ្មប់» ក្លាយជាភាពយន្តខ្មែរទី២ វាយលុកទីផ្សារនៅប្រ៊ុយណេ!

យោងតាមការអះអាងថារបស់ លោក ហ៊ុយ យ៉ាឡេង ផលិតកររឿង «ធ្មប់» បានអះអាងថា ភាពយន្តមួយនេះកំពុងដាក់បញ្ចាំងលក់សំបុត្រនៅក្នុងប្រទេសប្រ៊ុយណេ ដោយទទួលបាននការគាំទ្រខ្លាំងក្លាតាំងពីដាក់លក់សំបុត្រ។

សូម្បីតែឯកអគ្គរាជទូតខ្មែរប្រចាំនៅក្នុងប្រទេសនោះ និងរដ្ឋមន្ត្រីក្រសួងវប្បធម៌របស់ប្រ៊ុយណេ ក៏បានស្វាគមន៍ខ្លាំងក្លាជាមួយនឹងការបង្ហាញខ្លួនរបស់រឿង«ធ្មប់» ក្នុងការដាក់បញ្ចាំងលក់សំបុត្រនោះផងដែរ។

លោក ហ៊ុយ យ៉ាឡេង និយាយថា គ្មានអ្វីសប្បាយចិត្តជាងភាពយន្តរបស់ខ្មែរទៅដាក់បញ្ចាំងនៅទីនោះ ហើយមានមន្ត្រីខ្មែរ និងពលរដ្ឋប្រ៊ុយណេ ផ្ដោតការគាំទ្រចំពោះស្នាដៃរបស់លោកនោះទេ ក្នុងពេលដែលលោកប្រកាសថាបើការដាក់បញ្ចាំងភាពយន្តរបស់លោកទទួលបានជោគជ័យ គឺមិនខុសពីបើកច្រកឲ្យភាពយន្តដទៃទៀតទទួលបានទីផ្សារនៅក្នុងប្រទេសប្រ៊ុយណេនោះទេ ក្នុងពេលដែលកន្លងមក ស្នាដៃរបស់ខ្មែរមិនធ្លាប់បានវាយលុកទីផ្សាររោងកុននៅក្នុងប្រទេសនេះទាល់តែសោះ។ លោកថ្លែងប្រាប់«គាត់ថារឿងយើងល្អ ហើយល្បីខ្លាំងនៅកម្ពុជា ហើយខាងប្រ៊ុយណេបានអះអាងថាគេនឹងស្វាគមន៍ភាពយន្តរបស់យើងទៀតសម្រាប់ការដាក់បញ្ចាំងនៅរោងភាពយន្តរបស់គេ!»។

លោកអះអាងថាគឺជាកិត្តិយសណាស់ ដែលភាពយន្តរបស់កម្ពុជាអាចចូលទីផ្សារប្រទេសប្រ៊ុយណេ ហើយទទួលបានការកោតសរសើរពីសំណាក់ជនជាតិប្រ៊ុយណេដោយផ្ទាល់។

លោកក៏មានគម្រោងចាប់ដៃជាមួយផលិតករប្រ៊ុយណេដើម្បីផលិតរឿងរួមគ្នា ក្នុងបំណងរំលេចភាពយន្តដែលមានគុណភាពឲ្យល្អសម្រាប់វាយលុកទីផ្សារក្នុងតំបន់អាស៊ានផងដែរនាពេលខាងមុខ។

លោកថាភាពយន្តរឿង«ធ្មប់» គឺជាភាពយន្តទី២ ដែលត្រូវបានយកមកដាក់បញ្ចាំងនៅក្នុងប្រទេសប្រ៊ុយណេ បន្ទាប់ពីរឿង Jailbreak កាលពីឆ្នាំ២០១៧ ក៏បានទទួលជោគជ័យនៅក្នុងប្រទេសនេះកន្លងទៅ។

អ៉ីចឹងហើយទើបលោកយល់ថាគឺជាមោទនភាពធំមួយដែលរឿងរបស់លោកផលិតក្នុងដើមទុនមួយតូច ហើយក៏មិនមែនជាស្នាដៃរបស់ជនបរទេសរួមដៃផលិត តែអាចកញ្ជ្រោលទីផ្សារប្រ៊ុយណេតាំងពីថ្ងៃដាក់បញ្ចាំងបើកឆាកបាន៕

មតិយោបល់