ការប្រឡូកចូលសិល្បៈហើយតម្រូវអោយតារាសិល្បៈសម្រេចចិត្តបំបិទចោលឈ្មោះកំណើតរបស់ខ្លួនបានក្លាយជារឿងយ៉ាងសាមញ្ញទៅហើយ ដោយសារតែតារាភាគច្រើនយល់ថាលុះត្រាតែឈ្មោះដាក់ថ្មី ហើយមានន័យ និងពីរោះផង ងាយស្រួលល្បីជាង។ យ៉ាងណាមិញ សម្រាប់តារាសម្ដែង លោក ភីជេន ដែលត្រូវគេស្គាល់ថាជាតារាចម្រៀងរបស់ផលិតកម្ម E Nation ផង ស្រាប់តែប្រកាសប្ដូរឈ្មោះដែលបានប្រើនៅក្នុងផលិតកម្មនោះចោលទៀតហើយ បន្ទាប់ពីឈ្មោះភីជេនដែលប្រើអស់រយៈពេលជាង១ឆ្នាំ ដូចមិនសូវមានហាងឆេង។
លោក កែវ ពេជ្រសុខជា ដែលបានប្រើឈ្មោះ ភី ជេន ក្រោយបានកុងត្រាជាមួយផលិតកម្ម E Nation របស់អង្គការខ្ញុំខ្មែរ បានអះអាងថា លោកសម្រេចមិនប្រើឈ្មោះចាស់គឺ ភីជេន ដែលខាងផលិតកម្មបានឯកភាពដាក់អោយទៀតទេ បើទោះជាឈ្មោះមួយនោះត្រូវបានផលិតកម្មដាក់សម្គាល់នៅលើបទចម្រៀងដែលបានចេញបង្ហោះជាច្រើនរួចមកហើយ។
ហេតុផលដែលលោកសម្រេចចិត្តប្ដូរចោល គឺដោយសារតែលោកយល់មិនសូវជួយអោយលោករីកចម្រើនក្នុងវិស័យចម្រៀង ដោយសូម្បីតែការសម្ដែងក៏មិនសូវស្ទុះខ្លាំងតាំងពីប្រើឈ្មោះនេះ។ លោកថាផលិតកម្មE Nation បានព្យាយាមផលិតបទចម្រៀងអោយលោកចេញច្រើនមិនតិចនោះទេ ដោយបទទាំងនោះក៏ត្រូវបានលោកកត់សម្គាល់ថាជាប្រភេទ Original Song ដែលមានអត្ថន័យ និងសាច់ភ្លេងល្អនោះដែរ ប៉ុន្តែអ្វីដែលលោកសម្គាល់ឃើញមកវិញ គឺផ្លែផ្កាមិនច្រើនទាល់តែសោះ។ លោកភីជេន និយាយថាចាប់ពីដើមខែកុម្ភៈ ក្នុងឆ្នាំ២០១៨តទៅ លោកនឹងសម្រេចប្រើឈ្មោះថា«កែវ ពេជ្រករុណា» ដើម្បីអោយជួននឹងឈ្មោះកំណើតផង និងដើម្បីអោយស៊ីនឹងឈ្មោះដែលលោកយល់ថារាងមានយីអ៊ុនជាងនោះផង។ លោកថា កែវ ពេជ្រករុណា គឺជាឈ្មោះដែលលោកប្រាកដក្នុងចិត្តជាងឈ្មោះភីជេន ដោយសារតែដាក់មិនទាន់ទាំងបានប៉ុន្មានផង ក៏មានការចាប់អារម្មណ៍តែម្ដងពីសំណាក់អ្នកនៅជុំវិញខ្លួន។ យ៉ាងណាមិញ លោកថាការសម្រេចចិត្តប្រើឈ្មោះថ្មីថា កែវ ពេជ្រករុណា នោះនៅមិនទាន់ទទួលបានឯកភាពពីម្ចាស់ក្រុមហ៊ុនចម្រៀងនៅឡើយទេ ក្នុងពេលដែលលើប៉ាណូបទចម្រៀងរបស់លោកគ្រប់បទ សុទ្ធតែដាក់ឈ្មោះថា ភីជេន។ លោកកែវ ពេជ្រករុណា បញ្ជាក់ថាផលិតកម្មមិនមានការជំទាស់ពីចំពោះការប្ដូរឈ្មោះនោះឡើយ ដោយសារតែខាងផលិតកម្មក៏ចង់អោយលោកមានយីអ៊ុន មានរាសី ហើយទទួលបានជោគជ័យនៅក្នុងពិភពចម្រៀង និងសម្ដែងផងដែរ។
លោក កែវ ពេជ្រករុណា ប្រកាសថាលោកនឹងចេញបទញាក់ក្នុងពេលដ៏ខ្លី ហើយលោកនឹងទទួលសម្ដែងអោយបានខ្លាំងក្លាដូចគ្នា ដើម្បីអោយអាជីពចម្រៀងនៅក្នុងផលិតកម្ម E Nation និងការសម្ដែងភាពយន្តជោគជ័យព្រមគ្នា។ សម្អាងលើបទពិសោធន៍ខាងផ្នែកដើរម៉ូដ លោកក៏ចង់បន្តអាជីពមួយនេះដូចដើមវិញដែរ ប៉ុន្តែមកពីលោកក៏ជាប់ធ្វើការផង ទើបប្រកាសថានឹងស៊ប់តែអាជីពចម្រៀង និងសម្ដែងកុនគឺគ្រប់គ្រាន់ បន្ទាប់ពីប្ដូរឈ្មោះក្នុងសិល្បៈថា«កែវ ពេជ្រករុណា»៕
មតិយោបល់