ភ្នំពេញៈ នៅទីបំផុតពិធីការិនីល្បីឈ្មោះ អ្នកនាងខៀវ សានសាណា បានប្រកាសថ្ងៃរៀបការរបស់ខ្លួនជាផ្លូវការហើយ បើទោះជាអ្នកនាងប្រឹងលាក់យ៉ាងជិតឈឹងចាប់តាំងពីអ្នកនាងរៀបគម្រោងអាពាហ៍ពិពាហ៍។ មង្គលការរបស់អ្នកនាងក៏នឹងធ្វើឲ្យមានការភ្ញាក់ផ្អើលផងដែរនៅថ្ងៃទី៨ តុលា ខាងមុខ គឺបន្ទាប់ពីភ្ជុំមួយសប្ដាហ៍។
អ្នកនាងខៀវ សានសាណា បានថ្លែងប្រាប់Post News ថា អ្នកនាង និងបុរសជនជាតិអូស្រ្តាលីគឺលោក Seraj Satton នឹងរៀបមង្គលការនៅថ្ងៃទី៨ ខែតុលាខាងមុខនោះហើយ ដោយអ្នកសិល្បៈនឹងមានចំនួនតិចតួចប៉ុណ្ណោះ ដែលត្រូវបានអ្នកនាងអញ្ជើញជាភ្ញៀវ។ អ្នកនាងថាខ្លួនរៀបអាពាហ៍ពិពាហ៍ត្រឹមតែ២៥តុប៉ុណ្ណោះ តែនឹងធ្វើនៅក្នុងសណ្ឋាគារកម្រិតផ្កាយ៥ គឺ Le Royal ទើបការចំណាយជាក់ស្ដែងក៏មានកម្រិតខ្ពស់។
អ្នកនាងបញ្ជាក់ថា មង្គលការរបស់ខ្លួនមិនមានពិធីចូលរោង ឬសូត្រមន្តនៅផ្ទះដូចមង្គលការទូទៅនោះទេ ដោយសារតែអ្នកនាង និងអនាគតស្វាមី សុទ្ធតែធ្លាប់រៀបការរួចហើយ និងមិនចង់ធ្វើឡើងច្រើនថ្ងៃនាំឲ្យរំខានភ្ញៀវ។ អ្នកនាងនឹងរៀបការត្រឹមតែ១ថ្ងៃប៉ុណ្ណោះ គឺថ្ងៃទី៨ តុលា ដោយក្នុងថ្ងៃនោះគឺពេលព្រឹកមានពិធីហែរជំនូន កាត់សក់ និងពិធីចងដៃនៅក្នុងសណ្ឋាគារ Le Royal តែម្ដង។ អ្នកនាងបានទទូចសុំទោសចំពោះតារាសិល្បៈ ដោយសារតែអ្នកនាងរៀបចំតិចតួច ហើយភាគច្រើនគឺអញ្ជើញអ្នកជំនួញដែលជាមិត្តជិតស្និទ្ធិរបស់អនាគតស្វាមី។ អ្នកនាងខៀវ សានសាណា ប្រាប់ថា លោក Seraj Satton ជានាយកគ្រប់គ្រងក្រុមហ៊ុនអចនទ្រព្យធំមួយនៅក្នុងប្រទេសកម្ពុជា និងជាបុរសពោះម៉ាយកូនមួយ៕
មតិយោបល់