មណ្ឌលគិរីៈ តារាសម្តែង សាវិន ហ្វីលីព និង ជា ឯកអគ្គរាជទូតសុឆន្ទះ អង្គការសប្បុរសធម៌បារាំង CGF Children Foundation នៅព្រឹកថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០១៦ បាននាំយកអំណោយជាកង់ចំនួន១៥គ្រឿង និងសម្ភារៈសិក្សាមួយចំនួនចែកជូនដល់សិស្សក្រីក្រកូនចៅជនជាតិភាគតិចនៅសហគមន៍ភូមិ ពូតាំងស្រុកសែនមនោរម្យខេត្តមណ្ឌលគិរី។
កង់ចំនួន១៥គ្រឿងនេះ ជាអំណោយ ដែលបានមកពី ការបរិច្ចាគរបស់ តារាចម្រៀង ករុណា ពេជ្រ លោក សៅ ឧត្តម លោក សុខ ជំនោរ និងកញ្ញា វ៉ាននីឡា កញ្ញា រស់ ម៉ូនីកា អ្នកនាង មាស សុមាវត្តី និងសប្បុរសជនជាច្រើនទៀត។ ដោយឡែក សប្បុរស ជន ផ្សេង ទៀត ចូលរួម ជា សម្ភារៈសិក្សា មាន លោក គង់ វិសាល លោក គង់ កន្ថារ៉ា អនុរដ្ឋ លេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អ្នកស្រី ថោង សុខាលាភ ជាដើម។
លោក សាវិន ហ្វីលីព បានប្រាប់ Post News ឲ្យដឹងថា «នេះជាលើកទី ១ ដែល មូលនិធិកុមារ សាវិន កម្ពុជា ដែលមានរូបខ្ញុំជាស្ថាបនិក ដែលជាដៃគូសហការ របស់អង្គការសុបិន្តកុមារកម្ពុជា(ទីតាំងក្នុងខេត្ត សៀមរាប) បាននាំយកអំណោយជាកង់ និង សម្ភារៈសិក្សា ជាលើកដំបូង មកចែកជូនសិស្សានុសិស្ស ជាកូនចៅគ្រួសារក្រីក្រជនជាតិភាគតិច នៅលើទឹកដី ភូមិភាគ ឥសាន »។
លោក សាវិន ហ្វីលីព បានបន្តថា លោកនឹងបន្តកៀងគរ ស្វែងរកជំនួយ ផ្សេង ទៀត ដើម្បីសាងសង់អណ្តូងស្នប់ ធំមួយ និង បង្គន់អនាម័យដល់សាលាសហ គមន៍ភូមិពូតាំងផងដែរ។
លោក សាវិន ហ្វីលីពថា«ខ្ញុំសម្រេចចិត្ត ចែករំលែកសេចក្តីស្រឡាញ់ ជាមួយនឹង ការងារសប្បុរសធម៌ថ្ងៃនេះ ដើម្បីរំឭកដល់ ថ្ងៃដែលម្តាយខ្ញុំ ទទួលភាពឈឺចាប់ ផ្តល់កំណើត ឲ្យខ្ញុំជាលើកដំបូង ព្រោះថា គ្រប់ការងារ សប្បុរសធម៌របស់ខ្ញុំ មានចំណែករបស់គាត់ »។
ក្នុងពេលជាមួយគ្នានេះ លោក សាវិន ហ្វីលីព ក៏សូមថ្លែងអំណរគុណ ដល់តារាចម្រៀង សាន ផានិត លោក ឌីជេអាចារ្យធំ និង អាជ្ញាធរពាក់ព័ន្ធ ក្នុងខេត្តមណ្ឌលគិរី ដែលបានចូលរួមក្នុងសកម្មភាពមនុស្សធម៌ខាងលើនេះផងដែរ ដោយនឹងយកកង់ ចំនួន ១៥គ្រឿង និងសម្ភារៈផ្សេងទៀត ទៅចែកជូនដល់កុមារ សហគមន៍ខាងលើ នៅថ្ងៃទី ២៦ ខែមិថុនា ខាងមុខនេះផងដែរ ៕
មតិយោបល់