នៅព្រឹកថ្ងៃទី១២ កុម្ភៈនេះ តារាសម្ដែងលោក ពេជ្រពៅ បានអះអាងថា លោកកំពុងទទួលរងនូវអយុត្តិធម៌ ដោយសារតែម៉ូតូម៉ាក PCX ពាក់ស្លាកលេខ 1GG-8423 ស្រវឹងបើកបុកលោកពេញទំហឹង បណ្ដាលអោយលោក និងមនុស្សម្នាក់ទៀតរបួសធ្ងន់ តែបែរជាអាងខ្នងស័ក្ដយស ហើយមិនព្រមទទួលខុសត្រូវ ចំពោះលោកនៅក្នុងពេលនេះ។ លោកថាស្ថានភាពរបស់ខ្លួន ក្រោយការបុកពេញទំហឹង គឺកំរើកជើងម្ខាងមិនរួច និងមានអាការៈចុកឆ្អល់ខ្លាំង ហើយម៉ូតូឌ្រីមសង់របស់លោក ក៏ខូចខាតខ្លាំង។
លោកពេជ្រពៅ និយាយថា នៅវេលាម៉ោងប្រមាណជាជាង៨យប់ លោកបានចេញពីធ្វើការ ហើយដោយសារតែប្អូនស្រីរបស់លោកមានជំងឺ ត្រូវសង្គ្រោះលោក និងបងប្អូនលោកម្នាក់ទៀត ក៏គ្រៀកដឹកម៉ូតូដើម្បីទៅពេទ្យឯកជន ប៉ុន្តែមកដល់ចំណុចម្ដុំទួលពង្រ ផ្លូវចេញមកស្ពានដែក ផ្លូវចំការដូង ក៏ត្រូវម៉ូតូPCX ខាងលើជិះកាត់ទទឹងផ្លូវ ហើយបុកពេញទំហឹងចំពាក់កណ្ដាលម៉ូតូ បណ្ដាលអោយម៉ូតូរបស់លោកខូចខាតខ្លាំង ហើយរូបលោក នឹងមនុស្ស២នាក់ខ្ទាតចេញពីម៉ូតូ។ យ៉ាងណាមិញ លោកថាក្នុងចំណោមមនុស្ស៣នាក់ ដែលជិះម៉ូតូរួមជាមួយលោកនោះ គឺមានរបួសធ្ងន់តែ២នាក់ប៉ុណ្ណោះ ដោយរូបលោកគឺកម្រើជើងម្ខាងអត់បាន និងមានសភាពរបួសដោយកន្លែងជាច្រើនអន្លើទៀត ហើយម្នាក់ទៀតក៏របួសធ្ងន់ដូចគ្នា លើកលែងតែម្នាក់ទៀតដែលគ្រាន់តែមានរបួសស្រាល។ លោកថាក្រោយការបុកភ្លាមៗ ម្ចាស់ម៉ូតូPCX បានរត់ទៅបាត់ទុកតែម៉ូតូចោលប៉ុណ្ណោះ លុះពេលចូលខ្លួនដោះស្រាយ ក៏លើកគ្នាជាប៉ូលីសជាទាហាន ហើយធ្វើការវាស់វែងយកត្រូវ ដែលនាំអោយម៉ូតូរបស់លោកក្លាយជាអ្នកខុស ដើម្បីរួចបន្ទុករឿងបង្កអោយលោកគ្រោះថ្នាក់នោះតែម្ដង។ លោកថា ជារឿងអយុត្តិធម៌ខ្លាំងណាស់ ដែលលោកជិះម៉ូតូ៣នាក់សុទ្ធតែពាក់មួកសុវត្ថភាពត្រឹមត្រូវ ហើយបើកស្របផ្លូវទៀត ប៉ុន្តែម្ចាស់ម៉ូតូដែលបង្កគ្រោះថ្នាក់បានបើកឆ្លងផ្លូវ ហើយបើកលឿនអាងតែស្ងាត់ ដោយមានអាការៈរេចុះរេឡើងមុនពេលបុកលោកផង ប៉ុន្តែបែរជាមានការវាស់វែងថាមិនខុស ហើយដាក់បន្ទុកថា លោកជាអ្នកខុសទៅវិញ។
មកទល់ពេលនេះ ម៉ូតូរបស់លោក និងម៉ូតូបង្កហេតុត្រូវបានប៉ូលីសអូសចូលសាលាខណ្ឌពោធិសែនជ័យ ប៉ុន្តែលោកមិនដឹងថា នឹងទទួលបានសំណង ឬយ៉ាងណានោះទេ ក្នុងពេលដែលលោក ស្ថិតក្នុងការសម្រាកនៅមន្ទីរពេទ្យឯកជនមួយនៅក្បែរនោះ ហើយមិនទាន់ដឹងថា ជើង និងក្នុងខ្លួនយ៉ាងណានៅឡើយ ដោយដឹងត្រឹមតែកំរើកជើងម្ខាងមិនបាន និងចាប់ផ្ដើមចុកចាប់ខ្លាំង ក្រោយបញ្ជូនមកដល់មន្ទីរពេទ្យ។
ដោយឡែកសម្រាប់ម្នាក់ទៀត ដែលមានរបួសធ្ងន់ដូចគ្នាក៏មិនទាន់ដឹងថា យ៉ាងមិចខ្លះដែរ ទើបលោកស្រែកថា បើករណីនេះ មិនមានការដោះស្រាយ ឬដោះស្រាយក្នុងស្ថានភាពមិនសមរម្យ ដូចការចុះមកអន្តរាគមន៍ ជួយដល់ម្ចាស់ម៉ូតូPCX ប្រាកដមែន គឺពិតជាអយុត្តិធម៌។ យ៉ាងណាមិញ ជុំវិញការលើកឡើងរបស់លោក នៅមិនទាន់មានការបំភ្លឺពីក្រុមសមត្ថកិច្ចខាងចរាចរណ៍ផ្លូវគោក និងមិនទាន់មានការបញ្ជាក់ពីក្រុមសមត្ថកិច្ច ដែលធ្វើការសំណុំរឿងនេះនៅឡើយទេ៕
មតិយោបល់