ព័ត៌មានសិល្បៈ និងកម្សាន្ត

គួរឲ្យសរសើរទោះឈឺប្រចាំកាយ ឃីម រតនៈ នៅតែបរិច្ចាគជួយសង្គម

គ្មានអ្នកណាមិនដឹងនោះទេ ថាតារាសម្ដែងដែលគេស្គាល់ភាគច្រើនថា ពូកែលេងតួបងធំ លោក ឃីម រតនៈ មានជំងឺមហារីកពោះវៀនធំប្រចាំកាយ ដោយលោកនៅតែបន្តលេបថ្មាំមិនកំណត់ក្រោយវះកាត់។ យ៉ាងណាមិញ លោកនៅតែជាតារាដែលមានទឹកចិត្តសប្បុរស ដោយបានបរិច្ចាគជែលរហូតដល់១,០០០ដប ជូនដល់គ្រួសារតារាកម្ពុជា ហើយត្រូវបានគ្រួសារតារាកម្ពុជា ដឹកនាំបងប្អូនសិល្បករយកទៅចែកជូនដោយផ្ទាល់ដៃ កាលពីថ្ងៃទី២០ មេសា ឆ្នាំ២០២០ នៅម្ដុំមុខវាំង ត្រើយម្ខាង និង វត្តឧណ្ណាឡោម។

លោក ឃីម រតនៈ និយាយថា ដោយសារតែលោកមើលឃើញពីកង្វះខាតរបស់បងប្អូនអ្នកធាក់ស៊ីក្លូ និង បងប្អូនអ្នកប្រកបរបរតាមចិញ្ចើមផ្លូវនៅតែមានតម្រូវការជែលលាងដៃ ទើបលោកក្រោមការជ្រោមជ្រែងពីសប្បុរសជន សម្រេចប្រគល់ជែលលាងដៃចំនួន ១ពាន់ដប ជូនដល់ស្ថាបនិកគ្រួសារតារាកម្ពុជា ដើម្បីឲ្យគ្រួសារតារាកម្ពុជា បានដឹកនាំសមាជិកយកទៅចែកដល់ផ្ទាល់នៅទីតាំងជាក់ស្ដែង។ លោកថាជែលទាំងនេះ បើគិតពីចំណាយអស់ច្រើនគួរសម ប៉ុន្តែលោករីករាយក្នុងការបរិច្ចាគ ដោយយល់ថាជែលលាងដៃទាំងនោះ មានតម្លៃសម្រាប់អ្នកខ្វះខាត ជាពិសេសអ្នកប្រកបជំនួញតាមចិញ្ចើមថ្នល់ និង ក្រុមអ្នកធាក់ស៊ីក្លូ ឬ ក្រុមអ្នករត់រ៉ឺម៉កកង់៣ជាដើម។ នៅមិនមែនជាការបរិច្ចាគរបស់លោកជាលើកដំបូងនោះទេ ដោយសារតែពេលកន្លងមកលោកក៏បានបរិច្ចាគជាហូរហែរ ទាំងជាមួយគ្រួសារតារាកម្ពុជា និង ជាមួយក្រុមទុរគតជនផ្សេងទៀតផងដែរ។ លោកនឹងមានគម្រោងបរិច្ចាគជែលជាច្រើនដបទៀត ទៅក្នុងសកម្មភាពសង្គមផ្សេងទៀតផងដែរ ដើម្បីចែករំលែកក្ដីស្រលាញ់នៅក្នុងសង្គម។
លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា សម្ដែងអារម្មណ៍ថ្លែងអំណរគុណ ចំពោះលោក ឃីម រតនៈ ដែលក្រៅពីសកម្មក្នុងសកម្មភាពគ្រួសារតារាកម្ពុជា ក៏មានទឹកចិត្តបរិច្ចាគជែលលាងដៃរហូតដល់១ពាន់ដប ដើម្បីឲ្យគ្រួសារតារាកម្ពុជា បានធ្វើសកម្មភាពដឹកនាំសិល្បករមួយចំនួនឲ្យចុះចែកដោយផ្ទាល់ នៅក្នុងកាលៈទេសៈដែលជែលលាងដៃកំពុងមានតម្រូវការនោះ។ លោកក៏ថ្លែងអំណរគុណផងដែរ ដល់ក្រុមសិល្បករដែលបានចូលរួមនៅក្នុងថ្ងៃនោះ។ យ៉ាងណាមិញ នៅក្នុងថ្ងៃនោះ លោកថា គ្រួសារតារាកម្ពុជា មិនបានដឹកនាំសមាជិកចុះចែកច្រើនរូបនោះទេ ដើម្បីកាត់បន្ថយការប្រមូលផ្ដុំ និងបញ្ចៀសការឆ្លងជំងឺកូវីត១៩។ តារាៗដែលបានចូលរួមរួមមាន លោក ឃីម រតនៈ តារាសម្ដែង ម្ចាស់អំណោយ, លោក រុន ណាកូ ពិធីករ និង ជាតារាចម្រៀងក្លាស៊ិក, កញ្ញា ព្រះអាទិត្យតូច តារាសម្ដែង, លោក ឯក រ៉ាវ័ន្ត តារាសម្ដែង-តារាម៉ូដែល, អ្នកនាង យិន ស្រីពៅ តារាចម្រៀង, និង លោក មាស សំណាង តារាកំប្លែង និង ចម្រៀងជាដើម៕

មតិយោបល់