នៅថ្ងៃទី១៦ កុម្ភៈ នេះ តារាខ្មែរ និងថៃជាច្រើនរូប នឹងបើកការប្រគំតន្ត្រីដោយមិនមានការលក់សំបុត្រនោះទេ នៅក្នុងប្រទេសកូរ៉េខាងត្បូង ដោយការប្រគំតន្ត្រីនេះមានការចូលរួមដោយតារាចម្រៀងមកពីផលិតកម្មថោន អ្នកនាង ជេន សាយចៃ និងតារាៗជាច្រើនរូបទៀត ដែលសុទ្ធតែមានប្រជាប្រិយភាពក្នុងចំណោមពលករកូរ៉េ។ នេះជាការសម្ដែងលើកទី២របស់តារាចម្រៀងប្រចាំផលិតកម្មថោនរូបនេះ តែជាការសម្ដែងលើកទី១របស់តារាមួយចំនួន ហើយក៏ជាសម្ដែងច្រើនលើករួចមកហើយរបស់តារាផ្សេងទៀត ប្រចាំនៅក្នុងប្រទេសកូរ៉េ ដោយការប្រគំតន្ត្រីនេះគ្រាន់តែមានការប្រកាសភ្លាមក៏មានការចាប់អារម្មណ៍ពីពលករភាគច្រើនរស់នៅទីនោះតែម្ដង។
ពលករប្រចាំប្រទេសកូរ៉េជាច្រើនបានបង្ហាញអារម្មណ៍ស្វាគមន៍ និងសាទរចំពោះវត្តមានតារាៗមកពីប្រទេសកម្ពុជាតាំងពីថ្ងៃទៅដល់ប្រទេសកូរ៉េថ្ងៃដំបូងមកម្ល៉េះ ដោយក្រុមពលករខ្មែរក្រៅពីរ៉ាប់រងក្នុងការទទួលបានទឹកដល់ក្រុមតារាៗដែលត្រៀមប្រគំតន្ត្រីនៅថ្ងៃទី១៦ កុម្ភៈនោះ ក៍បានចំណាយពេលជូនដើរកម្សាន្ត និងបានបង្ហាញអារម្មណ៍រីករាយចង់អោយការប្រគំនោះចាប់ផ្ដើមឆាប់ៗ។
អ្នកនាងជេន សាយចៃ បានអះអាងថាអ្នកនាងសប្បាយចិត្តយ៉ាងខ្លាំង ដែលបានមកដល់ប្រទេសកូរ៉េជាលើកទី២តាមរយៈអង្គការខ្ញុំខ្មែរ ហើយក្រោយពេលដែលបានមកដល់ទឹកដីកូរ៉េក៏មានពលករកូរ៉េច្រើននាក់គាំទ្រអ្នកនាង និងបានប្រកាសថាចង់អោយការប្រគំតន្ត្រីរបស់អ្នកនាង និងក្រុមតារាសិល្បៈច្រើនផ្សេងទៀត ចាប់ផ្ដើមឆាប់។ អ្នកនាងថាខ្លួនត្រៀមរហូត៣០បទឯណោះ សម្រាប់ច្រៀងជូនបងប្អូនពលករនៅក្នុងប្រទេសកូរ៉េ ហើយអ្នកនាងក៏មានជំនឿថាការប្រគំតន្ត្រីលើកនេះ នឹងទទួលជោគជ័យផងដែរ បើទោះការប្រគំតន្ត្រីឆ្នាំកាលឆ្នាំមុន គឺអ្នកនាងមិនបានធ្វើនៅតំបន់មួយនេះពីមុនទេ។ អ្នកនាងការប្រគំតន្ត្រីនៅល្ងាចទី១៦ កុម្ភៈនេះ ធ្វើឡើងនៅកណ្ដាលប្រជុំជនទីក្រុងស៊ូវុន ដែលជាទីក្រុងសម្បូរពលករខ្មែរមកធ្វើការ និងរស់នៅច្រើនជាងគេ ដោយមិនសូវមានការផ្សព្វផ្សាយគគ្រឹកគគ្រេងនៅក្នុងប្រទេសកូរ៉េផង ក៏មានពលករដល់រាប់ពាន់នាក់បានដឹង និងបានស្គាល់ពីកម្មវិធីប្រគំតន្ត្រីនេះទៅហើយ។
លោកអេថិនជានិច្ច ម្ចាស់អង្គការខ្ញុំខ្មែរ បានអះអាងថា ការប្រគំតន្ត្រីមួយនេះ លោកធ្វើឡើងដើម្បីអោយពលករខ្មែរមានភាពរីករាយក្នុងឱកាសបុណ្យចូលឆ្នាំកូរ៉េ ដែលស្របនឹងបុណ្យចូលឆ្នាំចិន ទើបលោកសម្រេចមិនធ្វើការលក់សំបុត្រក្នុងការទស្សនានោះទេ ដោយមានតែបន្ថែមរង្វាន់ និងការលើកទឹកចិត្តផ្សេងៗ ដើម្បីអោយពលករដែលចូលរួមបានសប្បាយដោយគ្មានសម្ពាធ។ លោកថាតារាចម្រៀងដែលមកច្រៀងក្នុងកម្មវិធីសប្បុរសធម៌នៅក្នុងប្រទេសកូរ៉េនេះ រួមមានអ្នកនាងជេន សាយចៃ តារាចម្រៀងថោន លោកហាក់ ធៀមុនី តារាសម្ដែង លោកបូឡាំ កាក្រៃ តារាចម្រៀងកូនកាត់ប្រចាំផលិតកម្ម C2Go ក្រុមចម្រៀង GOG ប្រចាំនៅកូរ៉េ អតីតតារាចម្រៀងCambodian Idol រដូវកាលទី១ ម្ចាស់បទOriginal Song ល្បីៗក្នុងចំណោមក្រុមពលករកូរ៉េ ក្រុមចម្រៀងពន្លឺមេឌា នៅក្នុងប្រទេសកូរ៉េ និងតារាចម្រៀងជាច្រើនរូបទៀត ដោយតារាទាំងអស់នឹងត្រៀមខ្លួនរំលេចការសម្ដែងជាច្រើន ដើម្បីបើកឱកាសអោយពលករដែលចូលទស្សនាបានរាំសប្បាយ។
ការប្រគំតន្ត្រីនេះនឹងត្រូវធ្វើឡើងនៅក្នុងទីក្រុងស៊ូវ៉ុន ក្នុងក្លិប Cola Take (ខូឡាខេក) ចូលតាមច្រកហាងខ្មែរក្រោមដី នៅជាន់ទី៣ ដោយការប្រគំតន្ត្រីនេះចាប់ពីម៉ោង៦ល្ងាច រហូតដល់ម៉ោង១២ យប់ ដោយទស្សនាយ៉ាងសេរី និងមិនមានការលក់សំបុត្រនោះទេ៕
មតិយោបល់