ព័ត៌មានសិល្បៈ និងកម្សាន្ត

យ៉ែម សំអូន បានតំណែង Brand Ambassador មួយថ្ងៃមុនចូលឆ្នាំចិន

មានការកត់សម្គាល់យ៉ាងខ្លាំង បន្ទាប់ពីលោកយ៉ែម សំអូន ត្រូវបានប្រកាសថាជា Brand Ambassador របស់ភេសជ្ជៈប៉ូវកម្លាំង Gronsan (គ្រូនសាន្ត) ដែលត្រូវគេស្គាល់ថាជាល្បីឈ្មោះប្រចាំប្រទេសកូរ៉េខាងត្បូង ខណៈដែលតម្លៃខ្លួនរបស់លោកក៏ត្រូវបានបង្ហើបថាមិនធម្មតា។

លោកកុងត្រាជាមួយភេសជ្ជៈដែលមានទីផ្សារអន្តរជាតិមួយនេះចំនួន២ឆ្នាំ តែមិនទាន់ដឹងថាក្រោយទទួលបានតំណែងនេះរយៈពេលកំណត់ តើលោកនឹងអាចទទួលបានការចាប់អារម្មណ៍ពីម្ចាស់ក្រុមហ៊ុន អោយកាន់តំណែងជាតំណាងផ្ដាច់មុខរបស់ផលិតផលនេះទៀតនោះទេ។

លោក គីម ជុងហ៊ី នាយកគ្រប់គ្រងក្រុមហ៊ុនបានអះអាងថា ភេសជ្ជៈប៉ូវកម្លាំងគ្រូនសាន្ត មិនមែនគ្រាន់តែជាភេសជ្ជៈដែលពេញនិយមបប្រចាំប្រទេសកូរ៉េប៉ុណ្ណោះទេ ប៉ុន្តែក៏ជាភេសជ្ជៈដែលបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិក្នុងប្រទេសមួយចំនួនផងដែរ មុនពេលបោះជំហាននាំចូលផ្ដាច់មុខនៅក្នុងប្រទេសកម្ពុជា។ ដើម្បីអោយមានការចាប់អារម្មណ៍ មិនខុសគ្នានឹងការវាយលុកទីផ្សារនៅក្នុងប្រទេសកូរ៉េ និងនៅប្រទេសដែលគ្រូនសាន្តនាំចូល ក្រុមហ៊ុនក៏បានចំណាយទុនមួយខ្ពស់ជ្រើសយកតារាល្បីនៅកម្ពុជា គឺ លោក យ៉ែម សំអូន អោយធ្វើជាអ្នកតំណាងផ្ដាច់មុខពេញរយៈពេល២ឆ្នាំ ដោយបានទាំងបោះទុនអោយលោកចេញថតស្ពតដល់ប្រទេសកូរ៉េ និងហ៊ានផ្ដល់តម្លៃខ្លួនអោយលោកយ៉ាងខ្ពស់នោះផង ដើម្បីកុំអោយលោកទទួលថតស្ពត ឬឡើងកម្មវិធីរបស់ផលិតផលភេសជ្ជៈប៉ូវកម្លាំងដូចគ្នា។ ជាក់ស្ដែងគ្រាន់តែធ្វើពិធីប្រកាសអោយដឹងថាលោក យ៉ែម សំអូន ជាតំណាងផលិតផលផ្ដាច់មុខ ក្រុមហ៊ុនក៏ចំណាយអស់មិនតិចនោះដែរ ជាថ្នូរនឹងការរៀបចំវេទិកាសន្និសីទទ្រង់ទ្រាយធំនៅសណ្ឋាគារលំដាប់ផ្កាយ៥ សូហ្វីតែល ដោយក្នុងពិធីនោះក៏បានចំណាយទុនស្វែងរកតារាម៉ូដែលមួយក្រុមធំ អោយមកបំផុសកម្មវិធីអោយគគ្រឹកគគ្រេង។ អគ្គនាយកក្រុមហ៊ុនគ្រូនសាន្ដ បានពន្យល់ពីមូលហេតុជាច្រើនដែលនាំអោយលោក យ៉ែម សំអូន ត្រូវបានជ្រើសអោយក្លាយជាតំណាងផ្ដាច់មុខរបស់ភេសជ្ជៈមួយនេះ តែលោកបង្ហើបថាមិនទាន់ច្បាស់ថាលោកយ៉ែម សំអូន នឹងអាចបន្តតំណែងជាតំណាងក្រោយចប់២ឆ្នាំ ឬយ៉ាងណានោះទេ ដោយលោកប្រកាសថាអ្វីៗត្រូវផ្អែកនៅលើទីផ្សាររបស់ Brand Ambassador ក្នុងពេលកុងត្រា។

លោក យ៉ែម សំអូន បានអះអាងថានេះជាការបើកឆាករាសីរបស់ខ្លួនក្នុងឱកាសបុណ្យចូលឆ្នាំចិន ដែលោកទទួលបានតំណែងជាតំណាងផលិតផលរបស់ភេសជ្ជៈធំមួយប្រចាំប្រទេសកូរ៉។ លោកថាក្នុងកិច្ចកុងត្រា លោកត្រូវទទួលបានថវិកាតម្លៃខ្លួនមួយខ្ពស់ ហើយរាល់ពេលដែលលោកចេញថតស្ពត និងចុះផ្សព្វផ្សាយលោកក៏ទទួលបានតម្លៃមួយផ្សេង។

លោកថាភេសជ្ជៈប៉ូវកម្លាំងគ្រូនសាន្ដ គឺផលិតផលល្បីមួយ និងមិនមែនជាផលិតផលគ្រឿងស្រវឹង ទើបលោកកាន់តែសប្បាយចិត្តដែលបានធ្វើតំណាងរបស់ផលិតផលនេះ៕

មតិយោបល់