ក្រោយការបង្អួតទេពកោសល្យរបស់បេក្ខជនបេក្ខនារី នៅក្នុងពេលនេះ សមាសភាពក្នុងកម្មវិធី Mister & Miss Asian International 2019 ដែលបានប្រព្រឹត្តិឡើងនៅថៃ កំពុងសស្រាក់សស្រាំប្រជែងគ្នា បោះឆ្នោតនៅលើបណ្ដាញសង្គមហ្វេសប៊ុក ខណៈដែលបេក្ខភាពកម្ពុជា មិនសូវត្រូវបានគេចាប់អារម្មណ៍ ក្នុងការបោះឆ្នោតប៉ុន្មានទេ ទើបធ្វើអោយបេក្ខជនប្រទេសផ្សេងនាំមុខដាច់ឆ្ងាយ។ ក្រុមអ្នកលេងហ្វេសប៊ុកមួយចំនួន បានទទូចអោយជួយបោះឆ្នោតដល់បេក្ខជន ឡៅ បញ្ញា ដែលបានតំណាងកម្ពុជា ដោយសារតែការប្រកាសលទ្ធផល នឹងដល់កំណត់នៅថ្ងៃផ្ដាច់ព្រ័ត្រថ្ងៃទី ២៤ កុម្ភៈនេះ ហើយ។
ម្ចាស់គ្លីនិកធ្មេញវីលៀម អ្នករ៉ាប់រងការចំណាយអោយលោក ឡៅ បញ្ញា បានចេញប្រកួតនៅក្នុងព្រឹត្តិការណ៍នេះ បានទទូចអោយបងប្អូន អ្នកលេងហ្វេសប៊ុកបង្វែរពីការចាប់អារម្មណ៍លើបញ្ហាផ្សេងៗ ដែលបានកើតឡើង ហើយជួយបោះឆ្នោតដល់តំណាងកម្ពុជា ដើម្បីអោយបេក្ខជនរូបនេះ ទទួលបានប្រជាប្រិយភាពមួយនៅក្នុងការប្រកួត។ លោកថា ការកំណត់បូកសរុបបោះឆ្នោតកាន់តែកៀកថ្ងៃហើយ ដូច្នេះបើជនជាតិខ្មែរ មិនជួយបោះឆ្នោតអោយឆាប់រួសរាន់ទេ គឺពិតជាបេក្ខជនរបស់កម្ពុជា ដែលលោកខំចំណាយធនធាន អោយចេញតំណាងជាតិ អស់រាប់ពាន់ដុល្លារ នឹងក្លាយជាអសារបង់។ មិនខុសពីការលើកឡើងថា គេឃើញបេក្ខជនរបស់ប្រទេសមួយចំនួន ទទួលបានការបោះឆ្នោតអោយនាំមុខបេក្ខជន របស់កម្ពុជាលើកលប់ ដោយសារតែពលរដ្ឋរបស់ប្រទេសគេច្រើនជាងកម្ពុជា ហើយគេជួយបោះឆ្នោត ដែលខុសពីបេក្ខភាពរបស់កម្ពុជា ទើបតែមានអ្នកបោះឆ្នោតអោយតិចតួច បើទោះជាមានអ្នកលេងហ្វេសប៊ុកដល់រាប់ម៉ឺននាក់មិនអន់ជាងប្រទេសផ្សេង។
គួរបញ្ជាក់ផងដែរថា បេក្ខជនរបស់កម្ពុជា គឺលោក ឡៅ បញ្ញា កំពុងស្ថិត Top 3 Best Talent ឬបេក្ខជនដែលមានទេពកោសល្យខ្ពស់។ ប៉ុន្តែក៏ទាមទារអោយលោកទទួលបានសំឡេងបោះឆ្នោតច្រើនផងដែរ ទើបធ្វើអោយចំណាត់ថ្នាក់របស់លោករំពឹងថា នឹងក្ដោបក្ដាប់បាន។ លោក ឡៅ បញ្ញា ត្រូវគេស្គាលល់ថា ជាអ្នកសម្ដែងល្បុក្កតោ និងការសម្ដែងពីអាណាចក្រខ្មែរនៅសៀមរាបដ៏ទាក់ទាញ ខណៈដែលលោកក៏មានរូបរាងខ្ពស់សង្ហារ មិនចាញ់បេក្ខជនមកពីបរទេសផងដែរ ទើបជារឿងគួរអោយស្ដាយ បើអ្នកលេងហ្វេសប៊ុករវល់តែជ្រួលច្របក់រឿងផ្សេង ហើយភ្លេចចាប់អារម្មណ៍បោះឆ្នោត អោយតំណាងជាតិខ្លួនឯង៕
មតិយោបល់