ផ្ទុយពីតារាភាគច្រើន ដែលខំប្រឹងចែកចាយព័ត៍មានត្អូញត្អែរបស់ផលិតករភាពយន្ត ជុំវិញស្ថានភាពដាក់បញ្ចាំងរឿងតាមរោងហើយគ្មានអ្នកទស្សនា និងជុំវិញការរិះគន់ថាខ្មែរមិនគាំទ្រស្នាដៃភាពយន្តខ្មែរ តារាចម្រៀង និងជាតារាសម្ដែងប្រុស២រូប បានចេញមុខព្រមគ្នា វាយប្រហារទង្វើ របស់ផលិតករទៅវិញ។ ពួកលោកបញ្ចេញយោបល់ស្របគ្នាថា បើការផលិតរបស់ខ្លួន មិនអាចទទួលយកបានផង តើជារឿងអាចទៅរួចទេ ដែលចេះតែអង្វរអ្នកគាំទ្រអោយជួយទស្សនា ដែលមិនខុសពីបង្ខំអោយអ្នកទស្សនាទ្រាំមើលសាច់រឿងដែលបានផលិតឡើងមក ហើយមិនមានគុណភាពនោះ។
លោក យ៉ាន រតនា ហៅ គីម ថាណា តារាចម្រៀងប្រចាំផលិតកម្មBN ដែលត្រូវគេស្គាល់ថា ជាអ្នកបច្ចេកទេសដ៍មានឥទ្ធិពលប្រចាំទូរទស្សន៍ ប៉ុស្តិ៍លេខ៩ បានសរសេរបង្ហោះថា”មួយថ្ងៃៗ ឃើញតែគេប្រើស្តាយ អង្វរអោយទៅជួយមើលកុនខ្មែរ រឿងនេះ រឿងនោះ បើមិនទៅមើលរោងកុនគេទម្លាក់។ ធ្វើចឹងបើបរទេសឃើញខ្មាស់គេស្លាប់ហើយ ។ ប៉ុន្តែខ្ញុំក្រឡេកមើលរឿងខ្មែរយើងមួយចំនួនទៀត គេរកតែសំបុត្រលក់គ្មានផង មនុស្សគាំទ្រច្រើន ។ ចុះម៉េចបានក្រុមផលិតខ្លះថា រឿងខ្លួន គ្មានអ្នកទៅមើល ហើយបែរជាប្រើស្តាយតាមគ្នា អង្វរមនុស្សអោយជួយមើល? សម្រាប់ខ្ញុំ បើរឿងមិនល្អ ខ្ញុំមិនទៅអោយអសល់លុយទេ ។
ទុកលុយទៅគាំទ្ររឿងខ្មែរដែលគេព្យាយាមថត បានល្អវិញប្រសើជាង ។ ចំណាយថតតិច គុណភាពអត់ រួចតាំងអង្វរគេអោយទៅមើល”។ ការលើកឡើងរបស់លោក គឺស្របនឹងការផ្ទុះឡើងនូវការត្អូញត្អែរបស់ផលិតមួយក្រុម ដែលបានរិះគន់ជុំវិញរោងកុន មិនដាក់ម៉ោងល្អ អោយខ្លួនក្នុងពេលបញ្ចាំងរឿង និងស្របជាមួយនឹងការលើកឡើងថា រោងមិនដាក់ម៉ោងល្អអោយ គឺដោយសារតែខ្វះអ្នកទិញសំបុត្រចូលទស្សនា។ ផលិតករមួយចំនួន ដែលមិនទទួលជោគជ័យក្នុងការស្រូបទាញអ្នកគាំទ្រក្នុងពេលភាពយន្តរបស់ខ្លួនដាក់បញ្ចាំងតាមរោង រមែងប្រើយុទ្ធសាស្ត្រអង្វរករអោយអ្នកគាំទ្រ ទៅទិញសំបុត្រទស្សនា ដែលលោក គីម ថាណា បានហៅទង្វើនេះថា ជាលទ្ធផលបណ្ដាលមកពីការផលិតរឿង មិនគ្រប់ស្ដង់ដារអោយមនុស្សចង់ចំណាយលុយទស្សនា។
មិនខុសគ្នាដែរ លោក ដួង តារាផាឌីន ដែលត្រូវគេស្គាល់ថា ជាតារាចម្រៀងសំទ្បេង២ និង ជាតារាសម្ដែងផង ក៍បង្ហោះនូវការរិះគន់ស្រដៀងគ្នា នេះដែរ ដោយលោកបានហៅការត្អូញត្អែររបស់ផលិតករថា ជារឿងខ្វះការទទួលខុសត្រូវ ក្នុងការផលិតភាពយន្ត។ លោកថាភាពយន្តខ្មែរមួយចំនួន នៅតែគ្មានគុណភាពសម្រាប់អ្នកគាំទ្រនោះទេ ជាពិសេសភាពយន្ត នៅលើកញ្ចក់ទូរទស្សន៍ដែលបានដាក់បញ្ចាំង។ លោកអះអាងថា បើស្នាដៃមួយ មានគុណភាពពេញលេញ គ្មានអ្នកណាមិនមើល អ្នកណាមិនគាំទ្រនោះទេ ប៉ុន្តែមកពីផលិតអោយអ្នកទស្សនាមើលឃើញទាស់ភ្នែក ទើបចេះតែស្រែកថាខ្មែរមិនគាំទ្រខ្មែរក្នុងពេលផលិតចេញជាស្នាដៃមួយ។ ការលើកឡើងរបស់លោក គឺស្របនឹងខាងផលិតករច្រើននៅឡើយ នៅប្រើយុទ្ធសាស្ត្រយកតារាគ្នាឯង អោយមកសម្ដែងជាថ្នូរនឹងការផ្ដល់កម្រៃអោយទាប ដោយមិនខ្វល់ថា តារាម្នាក់មានសមត្ថភាពសម្ដែងបានល្អកម្រិតណា។ មកទល់ពេលនេះ ការរិះគន់ជុំវិញការផលិតភាពយន្តអោយរួចតែពីដៃ ហើយទើបត្អូញត្អែរថា ខ្វះអ្នកគាំទ្រនៅតែកើតមានឡើង។ ប៉ុន្តែផលិតករដែលបានផលិតស្នាដៃបានល្អ ក៍បានរិះគន់អ្នកទស្សនាថា ពិតជាខ្វះការលើកទឹកចិត្ត ដល់ស្នាដៃរបស់ខ្មែរពិតមែន បើធៀបនឹងសន្ទុះគាំទ្ររបស់ភាពយន្តបរទេស ទាំងក្នុងរោងកុន និងលើកញ្ចក់ទូរទស្សន៍នោះផងដែរ៕
















មតិយោបល់