ព័ត៌មានសិល្បៈ និងកម្សាន្ត

គ្រាន់តែវីដេអូរាំលេងៗនៅតាមផ្លូវសោះ មានអ្នកបើកមើល២៤,៨០០ដងត្រឹម១ថ្ងៃ

ប៉ាលេស្ទីនៈ នៅក្នុងវីដេអូគួរឲ្យស្ញប់ស្ញែងមួយ សម្រាប់ឪពុកម្នាក់ ដែលបានជម្រុញទឹកចិត្តកូនស្រីក្រមុំពូកែអៀនរបស់ខ្លួន ឲ្យរាំជាមួយនឹងបទភ្លេង របស់អ្នកលេងវីយ៉ូឡុងតាមផ្លូវម្នាក់ ដើម្បីកំដរអ្នកធ្វើដំណើរនោះ ត្រូវបានគេយកទៅបង្ហោះ នៅលើគេហទំព័រ យូធូប ត្រឹមតែមួយថ្ងៃសោះ មានអ្នកចូលមើលចំនួន ២៤,៨០០ដង។

នៅក្នុងវីដេអូមួយនោះ បានបង្ហាញពីទិដ្ឋភាព នៅលើដងផ្លូវដ៏មមាញឹកមួយ នៅក្នុងទីក្រុងរបស់ប្រទេសប៉ាលេស្ទីន ដែលកំពុងតែមានអ្នកដំណើរថ្មើជើង ដើរទៅមកយ៉ាងច្រើន ស្របពេលបុរសម្នាក់ កំពុងតែកូដវីយ៉ូឡុងយ៉ាងគ្រលួចនៅឯចិញ្ចើមផ្លូវ គាត់ហាក់ដូចជាកំពុងតែ បបោសអង្អែល អារម្មណ៍អ្នកដំណើរ ឲ្យធូរស្បើយពីការនឿយហត់ទាំងឡាយ ខណៈនោះដែរឪពុកម្នាក់ បានជម្រុញទឹកចិត្តកូនក្រមុំរបស់ខ្លួន ឲ្យចូលរាំជាមួយនឹងបទភ្លេងវីយ៉ូឡុងរបស់បុរសនោះ ។

ក្រោយពេលឪពុកបានជម្រុញបន្តិចមក កូនស្រីក្រមុំពាក់អាវជាប់សំពត់ពណ៌ប្រផេះ បានចូលរាំបង្ហាញកាយវិការ ទន់ភ្នន់ និងរស់រវើក ហាក់បីដូចជាកំពុងតែបណ្តែតអារម្មណ៍ឲ្យ រេរាំ អណ្តែតត្រសែត ទៅតាមសំឡេងវីយ៉ូឡុងរបស់បុរសនោះ។ អ្នកធ្វើដំណើរជាច្រើនបាន ភ្លេចភ្លឹក និងឈប់មើលនាងក្រមុំនោះរាំ ហើយក៏បានផ្តល់ស្នូរទះដៃយ៉ាងខ្លាំង ពេលនាងរាំចប់៕

មតិយោបល់