ព័ត៌មានសិល្បៈ និងកម្សាន្ត

លូយយ៉ាងហ្នឹង តារាសម្ដែង ហេង នរៈកក្កដា រកបាន៣គ្រាប់ យប់មិញ

កាលពីល្ងាចថ្ងៃទី២៨ មីនា ក្រុមបាល់ទាត់មហាហង្ស បានបើកការប្រកួតជាមួយក្រុមខ្លាំងមួយ គឺក្រុម ABA យ៉ាងកក្រើកនៅទីលានវេស្ទើន ម្ដុំភ្នំពេញថ្មី ដោយមានតារាសិល្ប: និងអ្នកគាំទ្រក្រុមទាំង២ ចូលរួមអបអរយ៉ាងច្រើនកុះករ។ នៅក្នុងថ្ងៃនោះ គេកត់សម្គាល់ថា ក្រុមបាល់ទាត់ដែលចម្រុះ ដោយតារាសម្ដែងល្បីៗ បើកសម្ពោធឈុតថ្មីរបស់ក្រុមតែម្ដង ខណ:ដែលក្នុងថ្ងៃនោះ បើទោះជាប៉ះក្រុមខ្លាំង ក៏តារាសម្ដែងលោក ហេង នរ:កក្កដា ឈុតបាន៣គ្រាប់ម្នាក់ឯងយ៉ាងកាលីប ជួយឲ្យក្រុមទាំងមូលឈ្នះក្រុមគូប្រកួតក្នុងលទ្ធផល ៤ទល់នឹង៣។

ការប្រកួតដែលបានធ្វើឡើង ក្រោមក្រសែភ្នែកអ្នកទស្សនាយ៉ាងច្រើនកុះករនេះ ត្រូវគេកត់សម្គាល់ថា មានភាពស្វិតស្វាញជាងមុន ដោយសូម្បីតែកីឡាករ ដែលជាតារាសិល្ប: ក៏មានការបង្ហាញវត្តមានច្រើនជាងមុនផងដែរក្នុងក្រុម។ យ៉ាងហោចគេឃើញកីឡាករ ដែលជាតារាសម្ដែងល្បីៗរបស់ផលិតកម្មមហាហង្ស និងមិនមែនជាតារាមហាហង្ស ដែលជាសមាជិកប្រចាំក្រុម បានបង្ហាញវត្តមានស្របគ្នា ដែលកីឡាករទាំងនោះ ក៏បានធ្វើឲ្យគូប្រកួត គឺក្រុមABA ដែលជាក្រុមខ្លាំងមួយពិបាកស្វែងរកគ្រាប់បាល់ បើធៀបនឹងការប៉ះប្រកួត ជាមួយក្រុមផ្សេងទៀតកន្លងមក។

លោកអ៉ិន បានអះអាងថា ការប្រកួតនៅក្នុងថ្ងៃនោះ គឺដើម្បីបើកសម្ពោធឈុតថ្មី ពណ៌ផ្កាឈូករបស់ក្រុម ហើយក៏ដើម្បីបើកប្រកួតសាកល្បង ជាមួយក្រុមខ្លាំងមួយ ស្វាគមន៍ដំណាច់ខែកុម្ភ:ផងដែរ។ លោកបានបង្ហាញអារម្មណ៍ភ្ញាក់ផ្អើល ដែលកីឡាករដែលជាតារាសម្ដែង បានស្រុះដៃគ្នាបើកការប្រកួតបានល្អ ទាំងខ្សែប្រយុទ្ធ ខ្សែបម្រើ ខ្សែការពារ និងអ្នកចាំទី ហើយបានធ្វើឲ្យក្រុមទាំងមូល ដែលបើកការប្រកួតជាមួយឈុតថ្មី ទទួលបានជោគជ័យ។

ក្នុងការប្រកួតដ៏ស្វិតស្វាញនោះ កីឡាករហេង នរ:កក្កដា បានក្លាយជាសមាជិកដែលធ្វើឲ្យមានការភ្ញាក់ផ្អើលម្ដងទៀត បន្ទាប់ពីប្រើពេលក្នុងប្រកួតហើយយកបាន៣គ្រាប់ម្នាក់ឯង ធ្វើឲ្យក្រុមABA ដែលធ្លាប់តែបំបាក់ក្រុមផ្សេង បាក់មុខមិនស្ទើរ។ ក្នុងនោះតារាសម្ដែងមួយរូបទៀត គឺតារាសម្ដែង សេង នរ:មង្គល ឬលោក ហូ ប៉ូសេង ក៏ជួយឲ្យក្រុមយក បានមួយគា្រប់បន្ថែមទៀតផងដែរ ទើបធ្វើក្រុមមហាហង្ស ទទួលបាន៤គ្រាប់ ហើយនាំមុខក្រុមខ្លាំងABA ក្នុងលទ្ធផល៤ទល់នឹង៣ ក្រោយបញ្ចប់៩០នាទី។

តារាសម្ដែងលោក ហេង នរ:កក្កដា បានបង្ហោះនៅលើហ្វេសប៊ុកថា លោកសប្បាយចិត្តយ៉ាងខ្លាំង ដែលរកបាន៣គ្រាប់ ហើយបានទាំងធ្វើឲ្យក្រុមមហាហង្ស ក្នុងឈុតពណ៌ផ្កាឈូកថ្មី យកឈ្នះសម្រាប់ការប្រកួតបាន។ ប៉ុន្តែលោកថា នោះក៏ដោយសារតែក្រុមទាំងមូលប្រកួតស្រុះគ្នាបានល្អ សម្រាប់ការប្រកួតដ៏តានតឹងនោះផងដែរ។ លោកថា ខ្លួននឹងបន្តបង្ហាញមុខក្នុងក្រុមបាល់ទាត់មហាហង្ស ដោយគ្មានកំណត់នោះទេ បើទោះជាលោកមិនមែនជាតារាសម្ដែងរបស់ផលិតកម្មមួយនេះ។

មតិយោបល់