ព័ត៌មានបច្ចេកវិទ្យា

Vodafone, Audi, និង Nokia ចាប់ដៃគ្នាដំឡើងបណ្តាញទូរសព្ទចល័ត 4G នៅឋានព្រះច័ន្ទ

ខណៈក្រុមវិស្វករនៅលើផែនដីកំពុងមមាញឹកអភិវឌ្ឍបណ្តាញ 5G ក្រុមដទៃផ្សេងទៀតកំពុងសំឡឹងមើលទីកន្លែងថ្មីសម្រាប់តភ្ជាប់ប្រព័ន្ធបច្ចេកវិទ្យា 4G ដែលមានស្រាប់។​

តាមរយៈភាពជាដៃគូសហការគ្នា ក្រុមហ៊ុន Vodafone, Nokia, និង Audi បានប្រកាសពីគម្រោងដំឡើងបណ្តាញទូរសព្ទចល័តលើកដំបូងបង្អស់នៅភពព្រះច័ន្ទនៅឆ្នាំក្រោយ។

Vodafone នឹងទទួលខុសត្រូវលើការរចនាបណ្តាញតភ្ជាប់ទៅកាន់ឋានព្រះច័ន្ទ និងប្រើប្រាស់ឧបករណ៍ដែលរចនាឡើងដោយក្រុមហ៊ុន Nokia Bell Labs។​

ការតភ្ជាប់នឹងអនុញ្ញាតឱ្យអ្នកធ្វើដំណើរតាមយាន Audi Lunar Quattro ពីរនាក់អាចភ្ជាប់ទំនាក់ទំនងគ្នាតាមប្រព័ន្ធឥតខ្សែដែលមានស្ថានីយ៍គោលនៅឯមជ្ឈមណ្ឌល Autonomous Landing និង Navigation Module។

ដោយមានជំនួយពីផ្កាយរណបដែលមានស្រាប់ អ្នករៀបចំបេសកកម្ម Part Time Scientists ក៏នឹងអាចផ្សាយបន្តផ្ទាល់នូវទិន្នន័យបែបវិទ្យាសាស្រ្ត និងមាតិកាវីដេអូ​ HD ពីឋានព្រះច័ន្ទទៅកាន់ទស្សនិកជនលើផែនដីបានផងដែរ។

នៅក្នុងគម្រោងនោះដែរ បរិក្ខារបណ្តាញនឹងត្រូវបញ្ជូនទៅកាន់លំហរអវកាសតាមរយៈកាំជ្រួច SpaceX Falcon 9 ហើយវានឹងត្រូវរចនាឡើងជាមួយទំហំដ៏តូចអស្ចារ្យ។ បើតាម Nokia បរិក្ខារបណ្តាញរបស់ពួកគេនឹងមានទម្ងន់ក្រោមមួយគីឡូក្រាម៕

ប្រភពព័ត៌មានៈ techspot

មតិយោបល់