ខណៈដែលផលិតករល្បីឈ្មោះប្រចាំផលិតកម្មថោន លោក រិទ្ធ អូមេហ្គា (Rith Omega) កាន់តែសកម្មនឹងមុខរបរដាក់លក់បាយក្ដាំងជាសាធារណៈនៅលើសង្គមហ្វេសប៊ុក បានធ្វើអោយអ្នកសិស្បៈ និងអ្នកស្គាល់លោកជាច្រើន បានអះអាងថានោះគឺដោយសារតែមុខរបរធំៗរបស់លោក រួមមានភោជនីយដ្ឋានធំមួយនៅកោះពេជ្រ និងហាងតៃបៃតងប្រេនប្រេននៅកណ្ដាលក្រុងបាត់ដំបង ប្រឈមនឹងរឿងក្ស័យធន ដែលមិនអាចអោយលោករកចំណូលបានដូចមុន។ យ៉ាងណាមិញ ឆ្លើយតបនឹងការលើកឡើងនោះ លោកបានច្រានចោល និងថាបណ្ដាលមកពីការវាយតម្លៃថាលោកចេញមុខរកលុយពីមុខរបរកំប៉ិកកំប៉ុកគឺលក់បាយក្ដាំង ទើបមានការលើកឡើងបែបនោះ។
ការយល់ឃើញនោះ គឺដោយសារតែលោកត្រូវគេដឹងថាបានបើកហាងធំ២រួចទៅហើយ គឺភោជនីយដ្ឋាននៅកោះពេជ្រភ្នំពេញ និងហាងតៃបៃតងឆប់ឆាហ៍ ក្នុងទំហំដើមទុនរាប់ម៉ឺនដុល្លារ ប៉ុន្តែអ្នកលេងហ្វេសប៊ុកស្ទើរមិនដឹងថាលោកមានមុខរបរធំៗទាំងនោះទាល់តែសោះក្រៅពីតែពីអ្នកសិល្បៈ ប៉ុន្តែលោកបែរជាចេញលក់បាយក្ដាំង ដោយផ្សាយផ្ទាល់លើគណនីផ្ទាល់ខ្លួនផង ផុសបង្ហោះផង និងយកទៅអោយគេដោយផ្ទាល់ផង ដែលធ្វើអោយម្នាក់ៗភ្ញាក់ផ្អើល និងឈានដល់ការប៉ាន់ស្មានថាប្រហែលជាលោកខាតមុខរបរធំទើបរត់មករកមុខកំប៉ុកកំប៉ុក ដែលទទួលចំណូលស្រួលនោះវិញ។ លោក រិទ្ធ អូមេហ្គា និយាយថា មកទល់ពេលនេះលោកមានមុខរបរធំ៣ជារបស់ខ្លួនទៅហើយ គឺមុខរបរលក់អាហារ និងស៊ុបខ្យងនៅកោះពេជ្រ មុខរបរបើកហាងកាហ្វេឆប់ឆាហ៍នៅបាត់ដំបង និងមុខរបរលក់បាយក្ដាំងជាស្នាដៃផ្ទាល់ខ្លួននេះទៀត តែលោកទទួលស្គាល់ថាមុខរបរបាយក្ដាំង ពិតជាបានចេញមុខជាងគេ។ លោកអះអាងថាក្នុងចំណោមមុខរបរទាំង៣ មុខរបរបើកហាងរបស់លោកកាន់តែមានការរីកចំរើន ដោយគ្មានរឿងចុះខ្សោយ ឬក្ស័យធននោះទេ ប៉ុន្តែបណ្ដាលមកពីលោកឆាកល្បងដាំបាយក្ដាំង ហើយលាយគ្រឿងដាក់លក់ប្រចាំហាងនៅខេត្តបាត់ដំបងថែមមួយមុខទៀត ស្រាប់តែលុយបានស្រួលទើបលោកចេញមុខផ្សព្វផ្សាយ ដោយមិនខ្មាស់អ្នកណា។ លោកថាទាន់មានឱកាសរកលុយ អត់ខ្វល់ថាមុខរបរនោះ ប្រកាសទៅគេសើច ឬគេមិនសើចនោះទេ សំខាន់អោយតែកើបលុយបាន គឺលោកនឹងធ្វើ។ ម្យ៉ាងមកពីការប្រកាសដាក់លក់លើហ្វេសប៊ុក គឺដាច់អស់ៗ ហើយបានលុយដោយអត់ខ្វល់បោះទុនធំនោះផង ទើបលោកសប្បាយចិត្តនឹងប្រកាស់លក់។
លោក រិទ្ធ អូមេហ្គា ប្រកាសថាគ្មានរឿងក្ស័យធនលើមុខរបរធំៗនោះទេ ដោយសារតែភោជនីយដ្ឋានដែលលោកបានបើកនៅកោះពេជ្រនិងហាងកាហ្វេប្រេនប្រេននៅខេត្តបាត់ដំបង សុទ្ធតែបើកចំកន្លែងប្រជុំជន។ ប៉ុន្តែលោកសារភាពថាបើគិតពីផលចំណេញគឺចាញ់បាយក្ដាំងដែលលោកទើបលក់ឆ្ងាយណាស់ ទើបលោកងាកមកយកលុយពីមុខរបរនេះវិញ ព្រោះតែពេលប្រកាសម្ដងៗគឺមិនដែលសល់។ លោកថាបាយក្ដាំងដែលលោកបាន គឺក្រុមកាងារប្រចាំហាងនៅខេត្តបាត់ដំបងដាក់ដាំផ្ទាល់ដៃ ហើយការលាយគ្រឿងក៏អត់មានប្រើគីមីនោះដែរ ទើបមានអតិថិជនសម្រុកកុម្ម៉ង់មិនថាអ្នកស្រុកខ្មែរ និងកូរ៉េជាដើម។ ក្នុងនោះតម្លៃមួយគីឡូ៤ម៉ឺន គឺដាំ និងផលិតមិនទាន់សម្រាប់តម្រូវការនោះផង ខណៈដែលលោកបានសារភាពហេតុផលដែលលោកលក់ដាច់ ក៏ដោយសារតែមានតារាៗជួយប្រូម៉ូដ។ លោកថាក្នុងមួយថ្ងៃលោកលក់អស់រង្វង់៣០គីឡូ ដែលទទួលបានប្រាក់ចំណូល៣០០ដុល្លារស្រួលៗ ក្នុងពេលដែលមុខរបរនេះ គឺចំណាយតែកម្លាំង និងដើមទុនតិចបំផុត តែចំណេញក្នុងមួយថ្ងៃក្រាស់ក្រែល ទើបលោកខំប្រឹងដល់ម្លឹង។ លោកត្រូវគេឃើញយកបាយក្ដាំងទៅប្រួម៉ូដដល់កន្លែងថតMV ចូលឆ្នាំរបស់ផលិតកម្មថោននោះផង ដែលផ្ទុយពីចរឹករបស់អ្នកមានជំនួញធំដុំក្នុងដៃ ដែលខ្មាស់មិនហ៊ានសកម្មនឹងមុខរបរតូចតាចបែបនេះ៕
មតិយោបល់