ព័ត៌មានសិល្បៈ និងកម្សាន្ត

MV មួយបទរបស់គូម៉ា ចេញភ្លាមផ្ទុះភ្លែត អ្នកទស្សនាហូរទឹកភ្នែក

បើទោះជាបានជ្រកក្នុងផលិតកម្មថោនដែលជាផលិតកម្មធំ ក៏កេរ្តិ៍ឈ្មោះ និងទីផ្សាររបស់តារាចម្រៀងលោកគូម៉ា ហាក់នៅមានកម្រិតនៅឡើយបើធៀបនឹងតារាខ្លាំងៗដែលជាតារាចម្រៀងប្រចាំនៅក្នុងផលិតកម្មដូចគ្នា។ យ៉ាងណាមិញ MV ថ្មីសន្លាងរបស់លោកក្រោមចំណងជើងថា «មនុស្សស្រីធម្មតាម្នាក់ឲ្យខ្ញុំខូចចិត្ត» គឺគ្រាន់តែដាក់បង្ហោះភ្លាមបានក្លាយជាបទដែលមានការចាប់អារម្មណ៍ខ្ពស់តែម្ដង ដោយសារតែសាច់រឿងនៅក្នុងបទនោះត្រូវបានគេចាត់ទុកថាជាវីដេអូអប់រំ ចំពោះអ្នកមានស្នេហាហើយមិនចេះថែរក្សា។

បទចម្រៀងដែលមានចំណងជើងថា «មនុស្សស្រីធម្មតាម្នាក់ឲ្យខ្ញុំខូចចិត្ត!»របស់លោកគូម៉ា ក្រោយពេលចេញបង្ហោះជា Audio ទទួលបានការចាប់អារម្មណ៍មិនជាច្រើននោះទេ ប៉ុន្តែនៅពេលផលិតជាវីដេអូសាច់រឿងគឺទាក់ទាញឡើងកប់តែម្ដង ដោយសារតែឈុតឆាកនៅក្នុងមួយបទនេះ គឺជាសាច់រឿងស្នេហាដែលមានរស់ជាតិរ៉ូម៉ែនតិចផង កម្សត់ផង និងពោរពេញដោយភាពសោកសៅផង។

ឈុតឆាកដែលមានរស់ជាតិមិនខុសពីភាពយន្តខ្លីមួយនៅក្នុងបទចម្រៀងនេះ ត្រូវបានគេដឹងថាដឹកនាំសម្ដែងដោយលោក Rith Omega ដែលជាផលិតករល្បីឈ្មោះនៅក្នុងផលិតកម្មថោន ទើបអ្នកគាំទ្រភាគច្រើនសុទ្ធតែយល់ឃើញថាលោក Rith Omega បានជួយឲ្យបទចម្រៀងរបស់លោកគូម៉ា ទទួលបានការចាប់អារម្មណ៍ច្រើនលើសលប់ដោយសារតែមានសាច់រឿងទាក់ចិត្ត។

ឈុតឆាកក្នុងបទចម្រៀងនេះ បង្ហាញពីស្នេហាមួយគូដែលពេលរស់នៅជាមួយគ្នាមិនយល់ និងមិនស្គាល់តម្លៃរបស់គ្នាដោយគិតតែពីធ្វើឲ្យភាគីខាងស្រីអស់សង្ឃឹមរហូតឈានដល់ការគិតខ្លី ដែលនាំឲ្យបុរសជាប្ដីទទួលរងនូវវិប្បដិសារីស្ទើរតែក្លាយជាមនុស្សឆ្កួតម្នាក់។ នេះជាវីដេអូបទចម្រៀង ប៉ុន្តែត្រូវបានគេចាត់ទុកថាជាមានតម្លៃជាងស្ពតអប់រំទៅទៀត ទើបមួយបទ«មនុស្សស្រីធម្មតាម្នាក់ឲ្យខ្ញុំខូចចិត្ត»របស់លោកគូម៉ា កន្ត្រាក់បានការចាប់អារម្មណ៍ភ្លាមៗ បន្ទាប់ពីបានចេញបង្ហោះ។

មកទល់ពេលនេះសាច់រឿងមួយបទទទួលបានការសរសើរគួរឲ្យកត់សម្គាល់ដោយត្រូវបានអ្នកគាំទ្រចែកចាយអមដោយពាក្យពេចន៍សោកសៅ ដើម្បីជាការក្រើនរំលឹកដល់អ្នកមានគូស្នេហ៍ហើយមើលមិនឃើញពីតម្លៃរបស់គ្នាទៅវិញទៅមក មុនពេលបាត់បង់។

មួយសាច់រឿងនេះក៏ត្រូវបានគេប៉ាន់ស្មានថាចំណាយពេលថតយូរ និងប្រើការចំណាយខ្ពស់ផងដែរ បើទោះជាលោក គូម៉ា និងលោក Rith Omega ដែលជាអ្នកដឹកនាំសម្ដែងដោយផ្ទាល់ នៅមិនទាន់អាចសុំការបញ្ជាក់ពីខ្ទង់ចំណាយ និងផលវិបាកទម្រាំតែផលិតបានមួយបទនេះនៅឡើយ៕

មតិយោបល់