ក្នុងពិធីខួបកំណើតរបស់តារាហ្វេសប៊ុក Tavan So Cool ដែលមានឈ្មោះថា ភារ៉ាវ៉ាត់ តាវ៉ាន់ បានរៀបចំពិធីខួបកំណើតយ៉ាងធំដុំនៅក្នុងហាងមួយនៅកណ្ដាលក្រុងសៀមរាប ដោយបណ្ដាភ្ញៀវកិត្តិយសប្រមាណជា៨០ភាគរយ ត្រូវគេឃើញតែងខ្លួនក្នុងសម័យបារាំង ពិសេសគឺក្នុងរជ្ជកាលព្រះបាទស៊ីសុវត្ថិ។ នេះជាពិធីរបស់អ្នកជំនាញផាត់មុខអោយកូនក្រមុំប្រចាំខេត្តសៀមរាប និងជាតារាថតម៉ូដ ដែលបានធ្វើឡើង ហើយមានអ្នកភ្ញាក់ផ្អើលដោយសារតែទម្រង់នៃការរៀបចំរបស់លោក មិនខុសពីការរំលេចអោយឃើញនូវទិដ្ឋភាពក្នុងសម័យកាលនោះ។
នៅក្នុងពិធីនោះ តារាសិល្បៈ និងភ្ញៀវកិត្តិយសមិនជាតែស្លៀកក្បិន គ្រងឈុង និងលម្អដោយគ្រឿងអលង្ការ ក្នុងជំនាន់សម័យបារាំង ប៉ុណ្ណោះ ក៏មានតាំងស៊ីក្លូ តាំងម៉ូតូ តាំងកង់ និងឧបករណ៍ថតកុន ដែលត្រូវគេឃើញប្រើប្រាស់នៅក្នុងសម័យរជ្ជកាលអតីតកាលនោះផងដែរ។ លោក ភារ៉ាវ៉ាត់ តាវ៉ាន់ ហៅ Tavan So Cool គឺអ្នកផ្ដើមអោយស្លៀកឈុតក្នុងសម័យព្រះបាទស៊ីសុវត្ថិ ដោយបណ្ដាភ្ញៀវប្រមាណជា៨០ភាគរយ ក្នុងចំណោមទាំងជាង២០០នាក់ សុទ្ធតែតែងខ្លួនតាមលំនាំបែបនេះ ដែលធ្វើអោយក្នុងពិធីខួបកំណើតរបស់លោកក្លាយជាពិធីដ៏គួរអោយចាប់អារម្មណ៍ខ្លាំង មិនខុសពីពិធីខួបរបស់តារាសម្ដែង លោក ថៃ ប៊ុននាង ដែលតម្រូវអោយភ្ញៀវស្លៀកឈុតក្នុងសម័យឧដុង្គ ដោយសារតែលោករំលេចនូវទិដ្ឋភាពក្នុងសម័យកាលព្រះបាទស៊ីសុវត្ថិ អោយរស់ឡើងវិញ។
អ្នកដែលបានចូលទៅដល់ពិធីរបស់លោក សុទ្ធតែមានអារម្មណ៍ថាស្ថិតនៅក្នុងសម័យកាលបារាំងក្នុងជំនាន់ព្រះបាទស៊ីសុវត្ថិ បើទោះជាក្នុងចំណោមនោះ មានភ្ញៀវមួយចំនួនស្លៀកឈុតបែបសម័យ ឬមិនត្រូវទម្រង់ដែលម្ចាស់កម្មវិធីចង់បានចូលរួម។
លោក ភារ៉ាវ៉ាត់ តាវ៉ាន់ បញ្ជាក់ថា ហេតុផលដែលលោកផ្ដើមគំនិតអោយភ្ញៀវ តែងខ្លួនបែបនេះ គឺមានបំណងតែមួយគត់ ចង់ឆ្លុះបញ្ចាំងសម័យកាលកាលពីជំនាន់ព្រះបាទស៊ីសុវត្ថិឡើងវិញ ដើម្បីកុំអោយសំលៀកបំពាក់បែបនោះត្រូវបានយុវវ័យមើលរំលង។
លោកថាមិនខុសពីការរួមចំណែកអភិរក្សនោះទេ ដោយសារតែពេលអញ្ជើញភ្ញៀវ ហើយតម្រូវអោយអ្នកត្រូវបានអញ្ជើញទាំងនោះតែងខ្លួនក្នុងជំនាន់បារាំង ក៏មិនខុសពីជួយពូកគាត់ងាកទៅស្វែងយល់សំលៀកបំពាក់ក្នុងជំនាន់ព្រះបាទស៊ីសុវត្ថិត្រប់មកវិញ ហើយនៅពេលកម្មវិធីរបស់លោកមកដល់ ក៏មានសុទ្ធតែភ្ញៀវតែងខ្លួននៅក្នុងសម័យកាលនោះ ដែលសូម្បីតែលោកក៏ចង់ច្រលំថាខ្លួនស្ថិតក្នុងសម័យបារាំង។
លោកកាន់តែមានអារម្មណ៍សប្បាយចិត្ត នៅពេលដែលភ្ញៀវកិត្តិយសសុទ្ធតែបានសរសើរថា កម្មវិធីរបស់លោកទាក់ទាញ ដោយអ្នកមិនបានតែងខ្លួននៅក្នុងជំនាន់បារាំង ក៏មានអារម្មណ៍សោកស្ដាយនៅពេលឃើញភ្ញៀវភាគច្រើនសុទ្ធតែរំលេចដោយសំលៀកបំពាក់ត្រូវទម្រង់ក្នុងរជ្ជកាលព្រះបាទស៊ីសុវត្ថិ៕
មតិយោបល់