កូរ៉េៈ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា កូរ៉េខាងជើង បានធ្វើការច្រានចោលរបាយការណ៍ ដែលចោទថា ខ្លួនមានទំនាក់ទំនងអាវុធគីមី ជាមួយប្រទេសស៊ីរី ខណៈអះអាងថា វាគ្រាន់តែជាការប្រឌិតពីសំណាក់អាមេរិក ដើម្បីដាក់សម្ពាធលើប្រទេសពួកគេប៉ុណ្ណោះ។ នេះបើយោតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០១៨។
ទីភ្នាក់ងារព័ត៌មានរដ្ឋ KCNA បានដកស្រង់សម្តីអ្នកនាំពាក្យម្នាក់ នៅឯវិទ្យាស្ថានស្រាវជ្រាវក្រសួងការបរទេសអាមេរិក បានលើកឡើងថា អាមេរិក បានប្រឆាំងនឹងទីក្រុងព្យុងយ៉ាង ដោយមិនសមហេតុផលទល់តែសោះ ជុំវិញការនិយាយថា កូរ៉េខាងជើង បានផ្ដល់ឧបករណ៍ទៅឲ្យស៊ីរី ដែលអាចប្រើប្រាស់ក្នុងការផលិតអាវុធគីមី។
ឆ្លើយតបនឹងបញ្ហានេះ អ្នកនាំពាក្យកូរ៉េខាងជើងម្នាក់ បាននិយាយថា «ដូចដែលពួកគេ ធ្លាប់បានបញ្ជាក់យ៉ាងច្បាស់ជាច្រើនដងមកហើយថា សាធារណរដ្ឋខ្លួន មិនបានអភិវឌ្ឍន៍ ឬផលិត និងស្តុកទុកអាវុធគីមីនោះទេ។
យ៉ាងណាមិញលោក រ៉ូប៊ឺត វ៉ូត ឯកអគ្គរដ្ឋទូតយោធាអាមេរិក នៅឯសន្និសីទស្តីពីការលុបបំបាត់អាវុធ កាលពីថ្ងៃពុធបាននិយាយថា វាពិតជាមានប្រវត្តិទំនាក់ទំនង រវាងប្រទេសទាំងពីរ (កូរ៉េខាងជើង និងស៊ីរី) ទាក់ទិននឹងសកម្មភាពមីស៊ីល រួមទាំងសមាសធាតុអាវុធគីមី របស់ពួកគេប្រាកដណាស់៕
មតិយោបល់