ក្នុងចំណោមតារាសម្ដែងល្បីឈ្មោះជំនាន់អ្នកនាង អម្ពរ ទេវី គេចាត់ទុកថាមានតែលោក សម តារា ដែលជាតួឯកក្នុងរឿង «បិសាចក្រមុំ» ប៉ុណ្ណោះ ដែលមានវាសនារស់ក្នុងវណ្ណៈអភិជន និងស្ដុកស្ដម្ភជាងគេ។ ក្រៅពីមានជីវភាពលោតហោះខុសពីតារាសម្ដែងរួមជំនាន់ និងក្រោយជំនាន់ លោកក៏មានឋានៈដាច់ឆ្ងាយពីអ្នកសិល្បៈទូទៅ ដោយសារតែមានតំណែងផ្កាយ៣នៅលើស្មារផងដែរ។
មានអ្នកសិល្បៈជំនាន់ក្រោយ និងមហាជនមិនច្រើនទេ ចាប់អារម្មណ៍អតីតតារាសម្ដែងជើងចាស់លោក សម តារា បានក្លាយជាមន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាល។ គាប់ជួនជាមុខមាត់របស់លោកក្នុងពេលឡើងធំ មិនដូចគ្នានឹងកាលនៅល្បីផងនោះ គឺរឹតតែធ្វើមិនឲ្យគេចាប់អារម្មណ៍ពីតួនាទីថ្មីរបស់លោក។ លោកគឺជា អគ្គនាយក នាយកដ្ឋានភស្ដុភារ និងហិរញ្ញវត្ថុ របស់ក្រសួងមហាផ្ទៃ ដែលមានឋានៈជាមន្ត្រីផ្កាយ៣ និងមានឥទ្ធិពលម្នាក់ក្នុងជួររដ្ឋាភិបាល។ ងាកទៅមើលស្ថានភាពរស់នៅរបស់លោកក៏ហ៊ឺហារ និងឡូយឆាយមិនធម្មតានោះដែរ ដោយសារតែលោកមានវីឡាស្កឹមស្កៃ និងដីធ្លីច្រើនកន្លែង អមដោយមុខជំនួញរបស់គ្រួសារផង។
យ៉ាងណាមិញមានការលើកឡើងថា ហេតុផលដែលលោកទទួលបានឱកាសយ៉ាងកម្រធៀបនឹងតារាសិល្បៈដទៃទៀតនេះ គឺដោយសារតែលោកមានសំណាងបានក្លាយជាក្មួយប្រសាររបស់លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីតែប៉ុណ្ណោះ៕
ព័ត៌មានសិល្បៈ និងកម្សាន្ត
មតិយោបល់