ព័ត៌មានសិល្បៈ និងកម្សាន្ត

ឆ័យលី ដាឡែន ថាគ្មានរឿងត្រូវបន្ធូរដៃ

ក្នុងMV បទថ្មីរបស់តារាចម្រៀង លោក ឃុង ឃុយ តារាចម្រៀងថោន គេឃើញតារាសម្ដែង និងជាតារាចម្រៀង អ្នកនាង ឆ័យលី ដាឡែន លេងស្ទីលក្រមុំស្រុកស្រែយ៉ាងស្រស់ស្អាតតែម្ដង។ រូបភាពប៉ុន្មានសន្លឹករបស់នាង មិនត្រឹមតែធ្វើអោយគេចាប់អារម្មណ៍ពីរូបសម្រស់មួយបែប ក្រោយពីខានតែងខ្លួនបែបស្រុកស្រែយូរប៉ុណ្ណោះទេ តែក៍បង្ហាញពីភាពក្រមុិចក្រមើុមស្ទើរតែគ្រប់សន្លឹកផងដែរ។

នេះជាការចេញថតហាលក្ដៅហាលភ្លៀងរបស់នាងជាថ្មី ក្រោយពីនាងបាត់មុខសម្ងំសម្រាលកូនប្រុសនៅខេត្តកំពង់ឆ្នាំង ហើយទទួលតែច្រៀងពេលយប់នៅក្នុងពិធីមង្គលការ។ នាងអះអាងថា បើតាមកូននៅតូច ហើយសុខភាពក្រោយការសម្រាលកូន និង ក្រោយប្រឹងសម្រកទំងន់មិនទាន់ស្រួល នាងមិនគួរទទួលការងារហាលខ្យល់ហាលថ្ងៃភ្លាមៗនោះទេ ប៉ុន្តែមកពីខ្លាចបាត់បង់ទីផ្សារ ទើបអោយតែមានការទាក់ទង គឺទទួលមិនស្គាល់យប់ថ្ងៃ មិនថាការងារនោះ នៅជិតឬឆ្ងាយទេ។ ក្នុងនោះតម្លៃ ក៏មុឺងម៉ាត់ពេកដែរ ដើម្បីប្រមូលទីផ្សារការងារ។ នាងនៅតែប្រកាសថា ការងាររកលុយគឺជារឿងដែលនាងមិនអាចបន្ធូរដៃ ទើបនាងសម្រេចចិត្តទុកកូនដំបូងរបស់ខ្លួន អោយឳពុកម្ដាយក្មេកជួយមើល ហើយនាងត្រូវធ្វើក្រមុំ ប្រឹងរកលុយនៅភ្នំពេញជាមួយប្ដី ដោយគ្មានលក្ខខណ្ឌ។

នាងធ្លាប់ទាំងអះអាងថាការបិទបាំងដំណឹងពរពោះកន្លងមក គឺព្រោះតែខ្លាចបាត់បង់ការងារ ស្របគ្នាដែលនាងក៏មានបន្ទុករាប់មិនអស់ ដែលត្រូវរ៉ាប់រងនោះផង។ នាងត្រូវគេឃើញលេចមុខច្រៀងការមិនដែលខកខាននូវការអញ្ជើញនោះទេ ដោយនាងប្រកាសថា នោះជាប្រាក់ចំណូលដ៍ធំរបស់ខ្លួនក្នុងពេលការងារ មិនងាយស្រូបទាញការងារសិល្បៈដែលទទួលបានប្រាក់ចំណូលខ្ពស់ៗដូចគ្រាមុននោះផង។

មកទល់សព្វថ្ងៃនាងថា អត់ហ៊ានសម្រាកមួយពេលនោះទេ ដោយនាងបង្ខំចិត្តទទួលមិនថាការងារសិល្បៈតូចៗ ឬ ទាល់តែធំនោះទេ។ ក្នុងនោះអោយតែនាងទំនេរភ្លាម ក៍ប្រឹងលក់កាបូបលើអនឡាញស្ទើររកពេលផ្ទាល់ខ្លួនបោះដែរ ទម្រាំអាចឈរជើងបានប៉ុណ្ណឹង នៅក្នុងសិល្បៈ។

នាងថាខ្លួននៅតែបន្តធ្វើឆ្កួតធ្វើជាដើម្បីលុយ ហើយក៏បារម្ភពីទីផ្សារមួយនេះ មិនដឹងថាពេលណាដែលជ្រុះបាត់ការគាំទ្រ តើនាងនឹងមានមុខរបរអ្វីអោយរឹងមាំជាជំនួសនោះផង។

មតិយោបល់