ក្រោយការពន្យារពេលបើកហាង ដែលគ្រោងតាំងពីចុងខែមីនានោះ ពេលនេះ តារាសម្ដែងលោក ឈួន ពន្លឺ បានសម្រេចចិត្តប្រកាសជាផ្លូវការហើយ ដោយការបើកភោជនីយដ្ឋាន «សាន់ឡាយ» របស់លោកនឹងត្រូវធ្វើនៅថ្ងៃទី៩ មីនានេះ ហើយផ្គួប ជាមួយពិធីខួបកំណើតតែម្ដង។ យ៉ាងណាមិញ នៅមិនទាន់ដឹងថា បរិមាណអ្នកចូលរួមនឹងមានចំនួនច្រើនណាស់ណានោះទេ ដោយសារតែលោក បានសារភាពថា បានអញ្ជើញបណ្ដាអ្នកសិល្បៈទាំងអស់ ដែលលោករាប់អាន ប៉ុន្តែដោយសារលោក មិនបានយកលិខិតទាំងនោះ ទៅប្រគល់ជូនដោយផ្ទាល់ ទើបលោកថា អាចនឹងមានអ្នកប្រកាន់។
លោក ឈួន ពន្លឺ និយាយថា ដោយសារតែថ្ងៃបើកសម្ពោធហាង និងថ្ងៃខួបកំណើតរបស់លោក មានរយៈចម្ងាយមិនឆ្ងាយពីគ្នាប៉ុន្មាន ទើបលោកសម្រេចលើកថ្ងៃ សម្ពោធហាងមួយលើកមុន ហើយធ្វើផ្គួបគ្នា ជាមួយពិធីខួបកំណើតតែម្ដង។ កម្មវិធីនៅថ្ងៃទី៩ មីនានោះ លោកគម្រោងនឹងធ្វើធំដុំ ដើម្បីអោយអ្នកសិល្បៈស្គាល់ហាងរបស់លោកផង និងគម្រោងធ្វើអោយហាងមួយនេះ ក្លាយជាទីតាំង ដែលទាក់ទាញអោយអ្នកសិល្បៈ ចង់ធ្វើខួបកំណើតដូចគ្នា នឹងលោកផង ទើបលោករៀបចំម៉ត់ចត់ ដោយសូម្បីតែការដេគ័រ ក៏លោកប្រយ័ត្នប្រយែង។ លោកថា ប្រឡូកសិល្បៈជាច្រើនឆ្នាំមកហើយ ប៉ុន្តែមិនដែលមានកម្មវិធីធំដុំណាមួយ ធ្វើឡើងនោះទេ ទើបលោកចំណាយលុយឡើងហាង បូកជាមួយនឹងខួបកំណើងអោយធំដុំតែម្ដង ដើម្បីមានឱកាស បានជួបជុំអ្នកខ្លះ អោយបានម្ដង ក្នុងពេលមុខរបរថ្មី របស់លោកក៏ផ្ដើមដំណើរការ។
ភោជនីដ្ឋាន «សាន់ឡាយ» ដែលលោកបានរួមគ្នារំលេចឡើង ជាមួយលោក នាង វ៉ាងសាន់ នៅម្ដុំស្ដុបទួលទំពូងត្រង់ម្ដុំកន្លែងលក់ទូរស័ព្ទនេះ គឺជាភាគហ៊ុនរួមគ្នា ប៉ុន្តែលោកថា លោក នាង វ៉ាងសាន់ ប្រគល់សិទ្ធិអោយលោករៀបចំចាត់ចែងច្រើនជាង ទើបលោកប្រកាសថា នៅក្នុងហាងនេះ គឺលោកមិនខុសពីអ្នកគ្រប់គ្រងតែឯង។ យ៉ាងណាមិញ លោកថា លោកនាង វ៉ាងសាន់ ក៏ជួយចាត់ចែង ក្នុងហាងទាំងមូលផងដែរ ជាពិសេសបន្ទាប់ពីលោកទំនេរ ពីការងារពិធីករនៅហង្សមាស។
លោកមិនទាន់ដឹងថា អាជីវកម្មរបស់ខ្លួន ទទួលបានជោគជ័យកម្រិតណាទេ ប៉ុន្តែលោកថា ផ្អែកតាមការលក់អាហារពេលព្រឹក និងថ្ងៃត្រង់បណ្ដើរៗ គឺទទួលបានការគាំទ្រគួរឲ្យកត់សម្កាល់។ ក្រោយបញ្ចប់ខួបកំណើតលោក ក៏នឹងបើកលក់ពេលយប់ ដើម្បីទាក់ទាញប្រាក់ចំណូលអោយ កាន់តែខ្លាំងផងដែរ ដើម្បីទប់នឹងថ្លៃផ្ទះជួល។ លោកឈួន ពន្លឺ និយាយថា មុខរបរនេះ ចំណាយដើមអស់ច្រើន ហើយលោកក៏នឹងរយាល ពីសិល្បៈពង្រឹងអោយខ្លាំងបន្តិចសិនដែរ ទើបលោកមិនទទួលការងារសិល្បៈក្នុងមួយរយៈនេះ៕
មតិយោបល់