ចិន ព្រមានកោះតៃវ៉ាន់ថា នឹងមិនអត់ឱនដាច់ខាត ចំពោះសកម្មភាពចង់បំបែកខ្លួន

ចិនៈ យោងតាមសុន្ទរកថា ដែលបានរៀបចំដោយលោក លី កេឈាំង នាយករដ្ឋមន្ត្រីចិន នៅឯពិធីបើកកិច្ចប្រជុំសភាប្រចាំឆ្នាំ ក្នុងប្រទេសនៅថ្ងៃច័ន្ទនេះ បានឲ្យដឹងថា រដ្ឋាភិបាលក្រុងប៉េកាំង នឹងមិនអត់ឱនឲ្យនោះទេ ជុំវិញផែនការបំបែកខ្លួនណាមួយ របស់កោះតៃវ៉ាន់ ដែលចង់បានការគ្រប់គ្រងខ្លួនឯង ដោយអះអាងថា នឹងការពារបូរណភាពដែនទឹកដីរបស់ចិន។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៨។

រដ្ឋាភិបាលក្រុងប៉េកាំង បានបង្ហាញពីការមិនពេញចិត្ត ជុំវិញ​សេចក្តីព្រាងច្បាប់​ថ្មី​មួយរបស់អាមេរិក​ ដើម្បី​ធ្វើឲ្យ​ប្រសើរឡើង​នូវ​ទំនាក់ទំនង​រវាងក្រុងវ៉ាស៊ីនតោន ​និង​​តៃប៉ិ​ ដោយព្រមានទៅកាន់កោះតៃវ៉ាន់ថា វានឹងធ្វើឲ្យកើនកម្ដៅកាន់តែខ្លាំង ប្រសិនបើតៃប៉ិ​ ចង់ពឹងផ្អែកបរទេស ដើម្បីផ្ដាច់ខ្លួនពីនយោបាយចិនតែមួយនោះ។

​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ព្រឹទ្ធសភា​អាមេរិក ​បានអនុម័ត​ជា​ឯកច្ឆន្ទ​នូវច្បាប់​ធ្វើដំណើរ​ទស្សនកិច្ចទៅកាន់​តៃវ៉ាន់ (TTA) ​ដើម្បី​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រទេសទាំងពីរ ក៏ដូចជាបង្កើន​ឱកាស​អាជីវកម្ម ​សម្រាប់​អ្នកតំណាង​សេដ្ឋកិច្ច​តៃវ៉ាន់​ នៅអាមេរិកផងដែរ​។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក លី បានបញ្ជាក់ថា ចិននឹងរក្សាជំហរដ៏រឹងមាំ ក្នុងការការពារអធិបតេយ្យភាព ក៏ដូចជាបូរណភាពដែនដីរបស់ខ្លួន ហើយនឹងមិនអត់ឱនទ្បើយ ចំពោះផែនការបំបែករដ្ឋ ឬសកម្មភាពណាមួយ សម្រាប់ឯករាជ្យភាពរបស់កោះតៃវ៉ាន់៕

មតិយោបល់