ភ្នំពេញៈ យោងតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា នៅរសៀលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៨នេះ លោក លី សុខលេង ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាឃុំខ្លួន ខ្មាន់កាំភ្លើង ជាយោធា ដែលបាញ់ប្រហារប៉ងសម្លាប់ជនរងគ្រោះ ២នាក់នៅខណ្ឌសែនសុខ ជាបណ្តោះអាសន្ននៅក្នុងពន្ធនាគារ ដើម្បីរងចាំបន្តនីតិវិធីនាពេលក្រោយ។
លោកព្រះរាជអាជ្ញារង លី សុផាណា អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់តាម Telegram ថា បន្ទាប់ពីបានទទួលសំណុំរឿង សាកសួរចម្លើយ និងពិនិត្យឯកសារសំណុំរឿង តំណាងអយ្យការបានបើកការស៊ើបសួរដោយចោទប្រកាន់លើឈ្មោះ ប៊ុន តេង ហៅហ្គោ ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរ មន្ត្រីយោធាភូមិភាគ៥ មានឋានន្តរស័ក្តិអនុសេនីយ៍ត្រី (សក្តិ១) ពីបទ ហិង្សាមានស្ថានទម្ងន់ទោស យោងតាមមាត្រា ២១៧ និងមាត្រា ២១៨ ដែលអាចប្រឈមនឹងការផ្តន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំ ទៅ៥ឆ្នាំ។
ទោះជាយ៉ាងអ្នកនាំពាក្យរូបនេះ មិនអាចបញ្ជាក់ឈ្មោះ របស់តំណាងអយ្យការ ដែលកាន់សំណុំរឿងនេះ បានទេ ដោយលោកមិនព្រមផ្តល់ឲ្យតាមការស្នើសុំរបស់ អ្នកសារព័ត៌មាននោះទេ។
បើយោងតាមការអះអាងរបស់លោក លី សុផាន់ណា គេអាចកត់សម្គាល់ថា ដោយប្រើប្រាស់ឆន្ទានុសិទ្ធ ប្រកបដោយគតិយុត្តិធម៌បំផុតនេះ លោកតំណាងអយ្យការដែលកាន់សំណុំរឿងមួយនេះ មិនបានលើកយកបទចោទប្រកាន់ លើជនដៃដល់ ពាក់ព័ន្ធករណីកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយ ខុសច្បាប់ពីសំណាក់ជនត្រូវចោទ ដែលក្រមព្រហ្មទណ្ឌបានចែងក្នុងមាត្រា ៤៩០ ដែលប្រឈមការជាប់ពន្ធនាគារ ពី៦ខែ ទៅ៣ឆ្នាំ បន្ថែមទៀត ដូចជាករណីដទៃផ្សេងៗទៀតនោះទេ។
ដោយឡែក បើទោះជាជនត្រូវចោទ ត្រូវបានសមត្ថកិច្ចអះអាងថា បានបើករថយន្តដេញតាមប៉ុនប៉ងបាញ់សម្លាប់ជនរងគ្រោះរហូតទៅដល់ ២នាក់ នៅមុខផ្ទះព្រោះរឿងគំនុំ យ៉ាងជាក់ស្តែងយ៉ាងណាក៏ដោយចុះ ក៏តំណាងអយ្យការ ផ្តល់គតិយុត្តិធម៌ដល់ជនត្រូវចោទរូបនេះបំផុត ដោយមិនបានចោទប្រកាន់លើជននេះពីបទ ប៉ុនប៉ងឃាតកម្ម យោងតាមមាត្រា ២៧ និងមាត្រា ១៩៩នៃក្រមព្រហ្មទណ្ឌ ដែលអាចប្រឈមការជាប់ពន្ធនាគារពី ១០ ទៅ១៥ឆ្នាំនោះឡើយ ដោយតំណាងអយ្យការសម្រេចចោទប្រកាន់ត្រឹមតែបទ ហិង្សាដោយមានស្ថានទម្ងន់ទោស ដែលអាចជាប់ពន្ធនាគារពី ២ទៅ៥ឆ្នាំ ជាការស្រេច។
សមត្ថកិច្ចបានឃាត់ខ្លួនជនត្រូវចោទ ឈ្មោះ ប៊ុន តេង ហៅហ្គោ ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរ មន្ត្រីយោធាភូមិភាគ៥ មានឋានន្តរសក្តិអនុសេនីយ៍ត្រី (សក្តិ១) និងជាឈ្មួញនាំខោអាវពីប្រទេសថៃ មកបោះដុំនៅតាមផ្សារនានាក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៨ គ្រាដែលរូបគេចូលខ្លួនសារភាពនៅ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ។
គួររំលឹកថា កាលពីយប់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨កន្លងទៅ នៅចំណុច បណ្តោយផ្លូវ១៩៧៤ ស្ថិតក្នុុងភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ជនសង្ស័យខាងលើ បានជិះរថយន្តម៉ាក RANGE ROVER ពណ៌ស ដេញតាមបាញ់ប្រហារប៉ុនប៉ង សម្លាប់ជនរងគ្រោះឈ្មោះ សឹង វិន ភេទស្រី អាយុ ២៥ឆ្នាំ មុខរបរ អាជីវករ មានផ្ទះនៅកន្លែងកើតហតុខាងលើ និងបុរសជាសង្សារ ឈ្មោះ គង់ រ៉ាវិន ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរ អាជីវករ ស្នាក់នៅផ្ទះលេខ ៣៣កា ផ្លូវលំ ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ ខណៈជនរងគ្រោះ កំពុងជិះក្នុងរថយួន្ត ម៉ាក Tacoma ស្លាកលេខ ភ្នំពេញ 2Q-5081 ឈប់បម្រុងចុះនៅមុខផ្ទះ។
តាមសេចក្តីរាយការណ៍ពីកន្លែងកើតហេតុជនសង្ស័យបាន បាញ់ ចំនួន ៥គ្រាប់បណ្តាលឲ្យ ត្រូវនារីជនរងគ្រោះ ត្រង់ស្មាខាងស្តាំ ចំនួន ២គ្រាប់ និងកំភួនដៃខាងឆ្វេង ចំនួន ១គ្រាប់។ ចំណែកបុរសរងគ្រោះជាសង្សារ ត្រូវ ចំនួន ១គ្រាប់ ចំកំភួនដៃខាងស្តាំ។
ក្រោយកើតហេតុជនសង្ស័យ បាន បើករថយន្ត គេចខ្លួនដោយសុវត្ថិភាព
ដោយឡែក ជនរងគ្រោះទាំង ២នាក់ត្រូវបានសាច់ញាតិបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត៕
មតិយោបល់